សង្គ្រាមបណ្តេញក្រុមបណ្តាញ ISIS ជិតចប់ហើយ ខណៈមនុស្សស្លាប់កើនដល់ជាង ៨០០នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សង្គ្រាមបណ្តេញក្រុមបណ្តាញ ISIS ជិតចប់ហើយ ខណៈមនុស្សស្លាប់កើនដល់ជាង ៨០០នាក់!

04/09/2017
(ម៉ានីល)៖ កងទ័ពរដ្ឋាភិបាល​ហ្វីលីពីន ដែលកំពុងបន្តប្រយុទ្ធ​ប្រឆាំងក្រុមឧទ្ទាម​បណ្តាញ ISIS នៅទីក្រុងម៉ារ៉ាវី (Marawi) ភាគខាងត្បូងប្រទេសនោះ បានជួប​​ប្រទះការរើបំរះ​ប្រដាប់អាវុធ ពីសំណាក់ស្រ្តី និងកុមារា ដែលទំនងជាក្រុ​មគ្រួសារ​របស់ជនសកម្មប្រយុទ្ធ ស្របពេលកង​កម្លាំងយោធា​ឈានដល់ដំណាក់កាល​ចុង​ក្រោយនៃភ្លើងសង្រ្គាម ដែលបានអូសបន្លាយអស់ពេលជាង ១០០ថ្ងៃហើយ បន្ទាប់ពីមាន​មនុស្សស្លាប់ជិត ១,០០០នាក់។ នេះបើតាមការឲ្យដឹងពីយោធាហ្វីលី​ពីន ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាច​ថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
កងទ័ពជើងគោក​ហ្វីលីពីន កំពុងត្រៀម​លក្ខណៈសម្រាប់ការកើនឡើង​នៃចំនួនមនុស្សស្លាប់ថែមទៀត នៅចំពោះមុខការ​ប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ នៅក្នុង​ទីក្រុង Marawi ដែលស្ថិតលើ​កោះមីនដាណាវ (Mindanao) ភាគខាងត្បូង​ប្រទេស ជាទីដែលទីលាន​សមរភូមិ បានរួមនៅត្រឹមតែ​តំបន់តូចមួយប៉ុណ្ណោះ តែ​ពោពេញទៅដោយ​អ្នកចាំបាញ់ស៊ីប និងអន្ទាក់ជាច្រើន​ផ្សេងទៀត។

មេបញ្ជាការកងទ័ពនៃតំបន់ភាគខាងលិចកោះ Mindanao ឧត្តមសេនីយ៍ Carlito Galvez បានឲ្យដឹងថា «នាពេលនេះ យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃប្រតិបត្តិការរបស់យើង ហើយពួកយើងរំពឹងថា នឹងមានការប្រយុទ្ធគ្នាដែលតាន​តឹងនិងបង្ហូរឈាមជាងមុនទៅទៀត។ ទន្ទឹមនឹងនេះ​យើងប្រហែលជាត្រូវ​រងគ្រោះធ្ងន់ធ្ងរ ខណៈសត្រូវកំពុងតែខិតខំប្រឹងប្រែង​ប្រើប្រាស់ដង្ហើមចុងក្រោយ​​របស់ពួកគេ»។
ម៉្យាងវិញទៀត លោក Galvez បានបន្ថែមថា ចំនួនគ្នីគ្នារបស់ក្រុមសកម្មប្រយុទ្ធ​កំពុងតែថយចុះខ្លាំង ស្របពេលដែលស្រ្តី និងកុមារមួយចំនួនតូច ដែលទំនង​ជាសមាជិកគ្រួសាររបស់ពួកឧទ្ទាម នាពេលនេះ បានចូលរួមក្នុងសមរភូមិម្តង។ លោកឧត្តមសេនីយ៍ឯក​បានថ្លែងដូច្នេះថា «កងទ័ពរបស់យើង ដែលនៅ​ក្នុង​សមរភូមិ បានឃើញស្រ្តីនិងកុមរា បើកការបាញ់ប្រហារមកលើពួកគេ ដូច្នេះមានន័យថា​វាមើលទៅក្រុមឧទ្ទាម កំពុងងតែបាត់បង់អ្នកប្រយុទ្ធ​ខ្លាំងមែនទែន​ហើយ»។
គួរបញ្ជាក់ថា មនុស្សច្រើនជាង ៨០០នាក់ បានបាត់បង់ជីវិត នៅក្នុងសង្រ្គាមនៃទីក្រុង Marawi ដែលភាគច្រើនគឺជាពួកឧទ្ទាម គិតចាប់តាំងតែ​ពីថ្ងៃទី២៣ ខែ​ឧសភាកន្លងទៅ ជាពេលដែល​ក្រុមសកម្មប្រយុទ្ធ​បណ្តាញ ISIS បានវាយលុកដណ្តើម​កាន់កាប់ស្ទើរតែទាំងស្រុង លើទីក្រុងដែលសម្បូរ​ទៅដោយ​ជនជាតិ​​​មូស្លីមមួយនេះ៕