ពលរដ្ឋ​ជិត​១០០នាក់​ ប្តឹង​អង្គការ​សមធម៌​កម្ពុជា​ ទៅ​ក្រសួង​មហាផ្ទៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពលរដ្ឋ​ជិត​១០០នាក់​ ប្តឹង​អង្គការ​សមធម៌​កម្ពុជា​ ទៅ​ក្រសួង​មហាផ្ទៃ

02/09/2017
(ភ្នំពេញ)​៖ ​ពលរដ្ឋជិត​១០០នាក់ រស់នៅ​ឃុំសង្កែសាទប ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ តវ៉ា​មុខ​អង្គការ​សមធម៌​កម្ពុជា​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ៥៥​ ផ្លូវ​លេខ​១០១​ សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន​ ដែល​កន្លង​មក​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័រ​ តែ​ធាតុ​ពិត​បម្រើ​ប្រយោជន៍​ក្រុម​អង្គការ​តែ​ប៉ុណ្ណោះ​។​

ពលរដ្ឋ​តវ៉ា​មុខ​ស្នាក់ការ​អង្គការ​សមធម៌​កម្ពុជា​ តវ៉ា​មុខ​សហភាព​អឺរ៉ុប​ និង​ ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ កាលពី​ថ្ងៃទី​០១​ ខែ​កញ្ញា​។​ មន្ត្រី​ក្រសួង​មហាផ្ទៃ​ សន្យា​ថា​ នឹង​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង​នេះ​ ។​

តំណាង​ប្រជាពលរដ្ឋ​ ថ្លែង​ថា​ កន្លងមកអង្គការសម​ធម៌​កម្ពុជា​ តែងតែចេញមុខអះអាងថា ជាអ្នកសម្របសម្រួលបញ្ហា វិវាទដីធ្លី រវាងពលរដ្ឋ និង ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ ។​ ប៉ុន្តែអស់​រយៈពេល​ជាច្រើនឆ្នាំ​ អង្គការមួយនេះមិនដែល​បាន​ដោះស្រាយបញ្ហាវិវាទនេះ​ឱ្យ​ពិតប្រាកដនោះទេ ។

ពួកគាត់​បន្ត​ថា​ ក្រៅពី​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ ធ្វើតែបាតុកម្ម ទាមទារមិនឈប់ឈរ ដោយគ្មានមូលដ្ឋានច្បាស់លាស់ អង្គការ​សមធម៌​កម្ពុជា​ មិនព្រមចូលខ្លួន តតាំងចំពោះមុខក្រុមហ៊ុន ឬ អាជ្ញាធរ​ពាក់ព័ន្ធ​នោះទេ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ជាក់ស្តែងបញ្ហាដែលនៅសេសសល់ រវាងក្រុមហ៊ុននិងប្រជាពលរដ្ឋ គឺក្រុមហ៊ុនតែងតែផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋចេញមុខមកចរចារនិងរកដំណោះស្រាយ​ ក្រុមហ៊ុននឹងផ្តល់នូវសំណងជូនប្រជាពលរដ្ឋ ។​ ប៉ុន្តែនៅពេលដែល​មាន​ប្រជាពលរដ្ឋ ព្រមទទួលសំណង ឬទៅចរចារជាមួយ​ក្រុមហ៊ុន ​បែរជាអង្គការសមធម៌​កម្ពុជា​ ចោទពួកគាត់ថា លក់ក្បាល​ឱ្យ​ក្រុមហ៊ុនចុះចូលជាមួយក្រុមហ៊ុន ឬរាជរដ្ឋាភិបាលទៅវិញ។

ដូច្នេះគោលដៅសំខាន់ ប្រជាពលរដ្ឋ ស្នើសុំ​ឱ្យ​អង្គកា​សមធម៌​កម្ពុជា​ បញ្ឈប់សកម្មភាព​ញុះញង់​ ប្រជាពលរដ្ឋបន្តទៀត ទុក​ឱ្យ​ប្រជាពលរដ្ឋខ្លួនឯង ដោះស្រាយបញ្ហាដែលនៅសល់តិចតួចជាមួយក្រុមហ៊ុនដោយខ្លួនឯង។

ជុំវិញការតវ៉ានេះ ក្រុម​អ្នក​សារព័ត៌មាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​អង្គការ​សមធម៌​កម្ពុជា​ តែ​គ្មាន​ការ​ឆ្លើយតប​។

បន្ទាប់ពីការតវ៉ានៅមុខស្នាក់ការអង្គការ​សមធម៌​កម្ពុជា ​និងសហភាពអ៊ឺរ៉ុបហើយ​ នៅ​រសៀល​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ប្រជាពលរដ្ឋ​បន្តយកពាក្យបណ្តឹងទៅដាក់នៅ ក្រសួងមហាផ្ទៃ ដោយក្នុងពាក្យបណ្តឹងនោះ ប្រជាពលរដ្ឋបានសរសេរថា «សូមប្តឹងអង្គការ​សមធម៌​កម្ពុជា​ ពីបទ​ឆបោក​ហើយ​ឱ្យ​មានការរើសអើង​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋមានភាពជ្រួលច្របល់ក្នុងការតវ៉ាដីធ្លី"» ។​ ក្នុងនោះដែរ ប្រជាពលរដ្ឋបានសំណូមពរដល់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយតាមដានអង្គការ​ជួយ​ពិនិត្យ​មើល​អង្គការ​សមធម៌​កម្ពុជា​នេះ​ កុំ​ឱ្យ​បន្ត​សកម្មភាព​នៅកម្ពុជាជាបន្តទៀត។​ ប្រជាពលរដ្ឋ​ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានទទួលយកហើយសន្យាថានឹងពិនិត្យ និងតាមដានតាមការស្នើ​សុំនេះ៕