ភ្ញៀវទេសចរ​​ជិត​ ៧​ម៉ឺន​នាក់ ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្ញៀវទេសចរ​​ជិត​ ៧​ម៉ឺន​នាក់ ​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​

27/08/2017
ភ្នំពេញ៖ រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ អោយដឹងថា ប្រាសាទព្រះវិហារ មានភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅទស្សនាមានចំនួន ៦៨២៧៩នាក់ ក្នុងនោះភ្ញៀវបរទេស១២០៣០ នាក់ បើប្រៀបធៀបនៅឆ្នាំ២០១៦ ក្នុងរយៈពេលដូចគ្នានេះ កើនឡើង៥៥.៧៦%។

លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ កាលពីថ្ងៃទី២៤ ខែសីហានេះថា ក្នុងមួយឆមាសក្នុងឆ្នាំ២០១៧នេះ ប្រាសាទព្រះវិហារ មានអ្នកទេសចរណ៍ទៅកម្សាន្តមានចំនួន ៦៨២៧៩នាក់ គឺមានការកើនឡើង៥៥.៧៦% បើប្រៀបធៀបក្នុងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០១៦។ ក្នុងនោះ មានភ្ញៀវជាតិចំនួន៥៦២៤៩នាក់ និងភ្ញៀវអន្ដរជាតិ មានចំនួន១២០៣០នាក់។

ការកើនឡើងភ្ញៀវទេសចរណ៍ គឺដោយសារតំបន់ទេសចរណ៍នោះ បានរៀបចំផ្លូវថ្នល់ឡើងភ្នំព្រះវិហារមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងមានសុវត្ថិភាពល្អដល់ភ្ញៀវទេសចរណ៍ ជាពិសេសប្រាង្គប្រាសាទបុរាណទោះនោះមានភាពទាក់ទាញ។ជាពិសេសទៅទៀតការអភិវឌ្ឍន៍ផ្លូវឡើងភ្នំ ទៅកាន់ប្រាសាទមានលក្ខណៈងាយស្រួលនិងសុវត្ថិភាពល្អ។

ភ្ញៀវទេសចរណ៍មកពីខេត្តសៀមរាបលោក ជាច្រើននាក់ បានសម្ដែងការភ្ញាក់ផ្អើលនិងសប្បាយចិត្តនៅពេលឃើញប្រាសាទព្រះវិហារជាលើកដំបូង។ពួកគាត់បានបន្ដទៀតថា ដំបូងឡើយរូបគាត់ឭតែផ្សព្វផ្សាយតាមទូរទស្សន៍និងឭនិយាយតគ្នាថា ប្រាសាទព្រះវិហារ មានភាពស្រស់ស្អាត និងបរិយាកាសល្អ ប៉ុន្តែ នៅពេលឃើញផ្ទាល់ភ្នែក គឺប្រាសាទបុរាណមួយនោះ ស្រស់ស្អាតនិងអស្ចារ្យជាងឭគេនិយាយទៅទៀត។ពួកគាត់បាននិយាយថា ស្ទើរមួយជីវិតទៅហើយ ពួកគាត់ទើបតែឃើញប្រាសាទព្រះវិហារលើកដំបូងប៉ុណ្ណោះ។

ពួកគាត់បានបន្ដថា នេះជាមោទនភាពមួយរបស់កម្ពុជា ដែលមានប្រាសាទដ៏ល្បីល្បាញ នៅតាមព្រំដែនខ្មែរថៃ។ ពួកគាត់ស្នើអោយពលរដ្ឋខ្មែរ និងភ្ញៀវបរទេសទៅទស្សនាប្រាសាទព្រះវិហារឲ្យបានកាន់តែច្រើនដើម្បីជួយលើកស្ទួយវប្បធម៌និងស្នាដៃរបស់បុព្វបុរសខ្មែរពីជំនាន់មុន។

សូមជម្រាបថា ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងរ៉ែកនិង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។

សព្វថ្ងៃនេះ អ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ទើបកសាងឡើងដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន។

ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩–៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២–១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣–១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០–១១០៩)៕