ស្រូវវស្សា​រាប់​រយ​ហិកតា ​ក្នុង​ខេត្តស្វាយរៀង​ ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្រូវវស្សា​រាប់​រយ​ហិកតា ​ក្នុង​ខេត្តស្វាយរៀង​ ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក

24/08/2017
ស្វាយរៀង ៖ ស្រូវរាប់រយហិកតា បន្ទាប់ពីក្រុមកសិករផលិតរួចរាល់ ត្រូវប្រឈម នឹងកង្វះទឹក ខណៈភ្លៀងលែងបង្អុរជាច្រើនថ្ងៃ ហើយទឹកស្រះ ត្រពាំង និងប្រឡាយមួយចំនួន បានរីងស្ងួតជាបណ្តើរៗបន្ទាប់ពីក្រុមកសិករបានបូមទឹកយកទៅសង្គ្រោះស្រូវ។

ស្រូវរដូវវស្សារាប់រយហិកតាឋិតនៅក្នុងឃុំកំពង់ចំឡង ចំបក់ និងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កំពុងប្រឈមនឹងកង្វះទឹកជាច្រើនថ្ងៃមកហើយ និងអាចអាចប្រឈមនឹងការខូចខាត ទាំងស្រុងនៅដំណាច់ខែសីហា នេះ បើភ្លៀងនៅតែមិនបង្អុរធ្លាក់ ខណៈប្រឡាយ ស្រះ និងត្រពាំង បានរីងស្ងួតជាបណ្តើរៗដោយសារការបូមទឹកយកទៅសង្គ្រោះស្រូវ។

លោក មាស ភោគ កសិករភូមិគ្រួស ឃុំគ្រួស បានប្រាប់ BTV កាលពីម្សិលម៉ិញថា ស្រូវនៅក្នុងភូមិរបស់គាត់ និងភូមិជិតៗគាត់ រាប់សិបហិកតា ត្រូវបានប្រឈមខ្លាំងនឹងកង្វះទឹក ក្រោយពីពួកគាត់បាន ភ្ជួររាស់ សាប ព្រោះ ដក ស្ទូង រួចរាល់ ទោះជាពួកគាត់បានធ្វើការការបូមទឹកពីស្រះ ត្រពាំង ប្រឡាយ យកមកធ្វើការសង្គ្រោះយ៉ាងណាក្តី ក៏មិនអាចសង្គ្រោះបានយូរថ្ងៃដែរ ពីព្រោះទំហំនៃការរាំងស្ងួតអូសបន្លាយយូរថ្ងៃពេក។

កសិករក្នុងឃុំចំបក់ បានឲ្យដឹងដែរថា នៅប៉ុន្មានខែនេះ ក្នុងឃុំទាំងមូលបានរងនូវកង្វះទឹកសម្រាប់ចិញ្ចឹមសំណាប សន្ទូង ច្រើនថ្ងៃមកហើយ តែមានអ្នកខ្លះមានលទ្ធភាព បានធ្វើការបូមទឹកពីប្រឡាយ អណ្តូងទឹក ដើម្បីនាំទឹកមកសង្គ្រោះស្រូវ ដោយចំណាយអស់ប្រាក់ជាច្រើន។

កសិករក្នុងឃុំនេះ បានឲ្យដឹងថា បើនៅដំណាច់ខែសីហានេះ ភ្លៀងមិនបង្អុរមកទេ ទោះស្រូវដែលបានបូមទឹកយកមកសង្គ្រោះ និងស្រូវមួយចំនួនទៀតដែលមិនបានបូមទឹកយមកសង្គ្រោះ អាចនឹងខូចខាតទាំងស្រុងតែម្តងគួបផ្សំទៅ នឹងស្មៅទន្ទ្រានញាំញីបន្ថែម។

ស្រូវដែលប្រឈមនឹងការខូចខាតទឹករាប់សិបហិកតា នៅក្នុងឃុំទាំងបីខាងលើនេះ គឺជាស្រូវដែលនៅឆ្ងាយពីប្រឡាយមេ និងប្រឡាយរង ដែលពុំមានលទ្ធភាពបូមទឹកយកទៅសង្គ្រោះបាន ឯស្រូវឋិតនៅជាប់ប្រឡាយមេ មិនទាន់ប្រឈមគួរឲ្យព្រួយបារម្ភ នោះទេ តែបើការរាំងស្ងួតបន្តអូសបន្លាយូរ គឺអាច នឹងខូចខាតដែរ ពីព្រោះប្រឡាយមេ និងប្រឡាយរងទាំងនោះក៏ពឹងផ្អែកលើទឹកភ្លៀងដែរ។

លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង បានបញ្ជាក់ថា ពិតជាមានស្រូវទទួលរងផលប៉ះពាល់ដោយការរាំងស្ងួត និងកង្វះទឹក តែរហូតមកដល់ពេលនេះ មន្ទីរមិនទាន់ទទួលបានការស្នើសុំអន្តរាគមន៍ ពីប្រជាពលរដ្ឋមូលដ្ឋានណាមួយឲ្យមន្ទីរចុះជួយនៅឡើយទេ តែទោះជាយ៉ាងណាមន្ទីរ និងអាជ្ញាធរមូលដ្ឋាននានា បានចុះឃ្លាំមើលស្រូវទាំងនោះរាល់ថ្ងៃនៅគ្រប់មូលដ្ឋានដែរ តែចំពោះស្រូវនៅឆ្ងាយពីប្រឡាយមេ ប្រឡាយរង ក៏មន្ទីរគ្មានលទ្ធភាពជួយបានដែរ គឺជួយបានតែស្រូវណាដែលនៅជិតប្រឡាយ ពីព្រោះនៅខេត្តស្វាយរៀង ប្រឡាយមិនទាន់មានគ្រប់គ្រាន់៕ប្រភព៖ BayonTV