ភ្នំពេញ ៖ លោកចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៧នេះ បានចេញដីកាកោះហៅជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីមកឲ្យឆ្លើយបំភ្លឺពីហេតុការណ៍នោះ បន្ទាប់ពីព្រះរាជអាជ្ញា បានសម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀន ដោយមិនបានពិនិត្យលើអង្គហេតុប៉ុនប៉ងរំលោភ ។
យោងតាមដីកាកោះ ដែលចុះហត្ថលេខាដោយលោកចែ សុង ជាព្រះរាជអាជ្ញារងបានកំណត់ឲ្យដើមបណ្ដឹងឈ្មោះ ខ្លួត ចិន្តា ភេទស្រីអាយុ ៣៣ឆ្នាំ រស់នៅផ្ទះលេខ ១២៨ Eo ផ្លូវលេខ ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចូលមកអយ្យការអមសាលាដំបូងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៧ វេលាម៉ោង១៤និង៣០នាទី ដោយនាំយកឯកសារផ្សេងៗមកផង។
ការកោះហៅជនរងគ្រោះមកឲ្យឆ្លើយបំភ្លឺពីករណីប៉ុនប៉ងរំលោភនេះ បន្ទាប់ពីជនរងគ្រោះបានតវ៉ាពោរពេញដោយទឹកភ្នែកកាលពីថ្ងៃទី១២ ខែសីហា ក្រោយលោកព្រះរាជអាជ្ញារង ចែ សុង បានសម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀនដោយមិនបានពិនិត្យមើលអង្គហេតុដែលនាងប្ដឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនោះឡើយ។
ការតវ៉ារបស់នារីរងគ្រោះបានធ្វើឡើងនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៅល្ងាចថ្ងៃទី ១២ខែសីហា នៅពេលដែលរូបនាងទទួលដំណឹងពីនគរបាលថា ព្រះរាជអាជ្ញាសម្រេចបញ្ជូនឈ្មោះ ជួន ចាន់រី អាយុ៣២ឆ្នាំ មុខរបរជាអង្គរក្ស មានទីលំនៅ ផ្ទះលេខ៥សេ ផ្លូវទី៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅមណ្ឌលបន្សាបគ្រឿងញៀន ដោយមិនពិនិត្យលើរឿងក្ដីរំលោភសេពសន្ថវៈទេ។
ជនសង្ស័យ ត្រូវបាននគរបាលខណ្ឌ៧មករាឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីមានការស្រែកឆោឡោពីស្ត្រីរងគ្រោះម្នាក់ចោទប្រកាន់ជនសង្ស័យថាចាប់រូបនាងរំលោភសេពសន្ថវៈតែមិនបានសម្រេច នៅចំណុចផ្ទះលេខ១១៨e1 ជាន់ទី១ ផ្លូវលេខ២៤២កែង១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ក្រោយការសាកសួរ នគរបាលបានបញ្ជូនជនសង្ស័យមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមតាមច្បាប់ រហូតដល់ល្ងាចថ្ងៃសៅរ៍ទី១២ ខែសីហា ឆ្នាំ២០១៧ ស្រាប់តែលោកចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងជនសង្ស័យក្រោមរូបភាពបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនវិញ។
ពាក់ព័ន្ធករណីនេះ ស្ត្រីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះព្រោះហេតុផលកិត្តិយសបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យឈ្មោះជួន ចាន់រី គឺជាសង្សារប្អូនស្រីនាង ធ្លាប់មកលេងផ្ទះហូបបាយ ងូតទឹកដោយហេតុថាពួកគេរស់នៅដូចប្ដីប្រពន្ធ ហើយនៅថ្ងៃកើតហេតុ ជនសង្ស័យបានឡើងមកលើផ្ទះនាង ចូលទៅមុជទឹកដូចធម្មតា តែពេលនោះប្អូននាងមិននៅផ្ទះទេ។ បន្ទាប់មកឈ្មោះជួន ចាន់រី បានទៅយកស្រាបៀរមួយកំប៉ុងមកផឹក។ ចំណែកខ្លួននាងបានដើរទៅរៀបចំអីវ៉ាន់ក្នុងបន្ទប់ដោយមិនទាន់ទាំងបានបិទទ្វារផង ស្រាប់តែជនសង្ស័យបានស្ទុះចូលមកចាប់ឱបសង្កត់សម្រាតបម្រុងរំលោភសេពសន្ថវៈនាងតែម្ដង។ ពេលនោះនាងបានរើបម្រាស់រួចហើយរត់ចេញមកខាងក្រៅ ស្រែកឆោឡោឲ្យគេជួយតែម្តង ទើបមានអ្នកជិតខាងទូរស័ព្ទប្ដឹង នគរបាលឲ្យមកបានឃាត់ខ្លួនជនសង្ស័យនៅលើផ្ទះក្នុងពេលនោះ។
ពាក់ព័ន្ធ នឹងការបញ្ជូនជនសង្ស័យឈ្មោះ ជួន ចាន់រី ទៅមណ្ឌលបន្សាបគ្រឿងញៀន នេះ ស្ត្រីរងគ្រោះ ចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់រូបនាងជាទីបំផុត ព្រោះនាងប្ដឹងជនសង្ស័យពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ បែរជាលោកព្រះរាជអាជ្ញាពិនិត្យលើជនសង្ស័យតែពីករណីញៀនថ្នាំទៅវិញ។
ស្ត្រីរងគ្រោះ បានឲ្យដឹងទៀតថា ឪពុកម្ដាយជនសង្ស័យ គឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីតុលាការ ទើបអាចបង្វែរសំណុំរឿងប៉ុនប៉ងរំលោភសេពសន្ថវៈទៅជាករណីបន្សាបគ្រឿងញៀនវិញ។
ពាក់ព័ន្ធនឹងភាពមិនប្រក្រតីខាងលើ លោកចែ សុងព្រះរាជអាជ្ញារងទទួលចាត់ការសំណុំរឿងនេះបានប្រាប់អ្នកសារព័ត៌មានថា មិនមានការប៉ុនប៉ងរំលោភសេពសន្ថវៈទេ តែជនសង្ស័យមានសារធាតុញៀនតាមរយៈការធ្វើតេស្តរកសារធាតុញៀន ទើបលោកសម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀន៕អត្ថបទ ទេព វណ្ណះ
