មិត្តអ្នកអានភាគច្រើន ពិតជាបានដឹងរួចហើយថា ក្រុមហ៊ុន Apple នឹងធ្វើការដាក់បង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មី ចំនួន3 ម៉ូឌែល ឯណោះ នៅថ្ងៃទី 12 ខែកញ្ញា ឆាប់ៗខាងមុខនេះ ដើម្បីស្នងតំណែងបន្តពី iPhone 7 និង iPhone 7 Plus។ ទូរស័ព្ទទាំង 3 ម៉ូឌែលនេះ រួមមាន iPhone 7s, iPhone 7s Plus និង iPhone 8 ប៉ុន្តែទូរស័ព្ទដែលទទួលបាន ការចង់ដឹង និង ចង់ឃើញជាងគេនោះគឺ iPhone 8។ តែអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺ ទូរស័ព្ទ iPhone 8 នឹងមាននូវការបំពាក់ អេក្រង់ពាសផ្ទៃខាងមុខ ហើយលុបបំបាត់ប៊ូតុង Home ចេញ។ ចុះបើ iPhone នេះលែងមានប៊ូតុង Home សម្រាប់ស្គេនម្រាមដៃ តើ Apple នឹងមានអ្វីមកជំនួសវិញ? ហើយ Apple អាចនឹងមានបំពាក់នូវបច្ចេកវិទ្យាអ្វីខ្លះ សម្រាប់ទូរស័ព្ទ iPhone 8 ជំនាន់ថ្មីនេះ?
ទាំងនេះគឺជាចម្លើយ និងលក្ខណៈសម្បត្តិមួយចំនួន ដែលគេរំពឹងថានឹងមានលើ iPhone 8 ៖
- ការលុបបំបាត់នូវប៊ូតុង Home សម្រាប់ស្គេនម្រាមដៃ (Touch ID) ដោយ Apple នឹងជំនួសមកវិញនូវ 3D Face ID ដែលស្គេន ស្គាល់មុខមនុស្សបាន
-Apple នឹងបំពាក់នូវ អេក្រង់ប្រភេទ OLED ជំនួស អេក្រង់ IPS LCD ចាស់
- គែមរបស់អេក្រង់ នឹងកាត់បន្ថយអោយនៅសល់ខ្លីជាងមុន
- ត្រង់កន្លែងប៊ូតុង Home នឹងជំនួសមកវិញនូវរបា Dock ដូចទៅហ្នឹង iPad ដែរ សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11
- កាមេរ៉ាភ្លោះនឹងត្រូវដាក់បញ្ឃរវិញ ដែលមានរាងជាលេខ 8 សម្រាប់បញ្ជាក់សញ្ញាណរបស់ iPhone 8
- ប៊ូតុង Power នឹងមានទំហំធំជាងមុន ដែលកន្លងមក មានពាក្យចចាមអារ៉ាមថា អាចជាកន្លែងសម្រាប់ស្គេនម្រាមដៃ
- អេក្រង់របស់ iPhone 8 នឹងមានទំហំ 5.8 inches
បើទោះជា វាមានអេក្រង់លាតដូចទូរស័ព្ទជំនាន់ថ្មីរបស់ Samsung ក៏ដោយ តែវានឹងមិនមានគែមអេក្រង់កោងដូចទៅនឹង Galaxy S8 និង Note 8 នោះទេ។ ហើយបើ Apple មាននូវលក្ខណៈសម្បត្តិដូចអ្វីដែលបានរៀបរាប់ខាងលើមែន សម្រាប់ iPhone 8 នោះ វាអាចនឹងមានអ្នកចូលចិត្តច្រើនផងដែរ។ ហើយចំនុចដែលប្លែកមួយទៀតនោះគឺ សំបកខាងក្រោយនៃទូរស័ព្ទជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Apple នឹងបំពាក់មកជាកញ្ចក់វិញ ដែលអាចអោយយើងសាកថ្មដោយឥតខ្សែបាន។
