ចាប់ពីថ្ងៃទី០១ ខែកញ្ញាតទៅកម្មករ-កម្មការិនី និងសិស្សនិស្សិតតាមផ្ទះជួល ប្រើប្រាស់ទឹកតម្លៃត្រឹមតែ៨០០រៀលប៉ុណ្ណោះក្នុង១ម៉ែត្រគូប! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់ពីថ្ងៃទី០១ ខែកញ្ញាតទៅកម្មករ-កម្មការិនី និងសិស្សនិស្សិតតាមផ្ទះជួល ប្រើប្រាស់ទឹកតម្លៃត្រឹមតែ៨០០រៀលប៉ុណ្ណោះក្នុង១ម៉ែត្រគូប!

31/08/2017
(ភ្នំពេញ)៖ ជាដំណឹងល្អសម្រាប់កម្មករ-កម្មការិនី និងសិស្សនិស្សិត ដែលរស់នៅតាមផ្ទះជួល ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលប្រើប្រាស់ទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យបញ្ចុះថ្លៃទឹក ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧តទៅ គឺម្ចាស់ផ្ទះជួលប្រើប្រាស់ទឹកតម្លៃត្រឹមតែ៧០០រៀលប៉ុណ្ណោះក្នុង១ម៉ែត្រគូប ខណៈកម្មករ-កម្មការិនី និងសិស្សនិសិត្ស ទិញបន្តពីម្ចាស់ផ្ទះជួល តម្លៃត្រឹមតែ៨០០រៀលប៉ុណ្ណោះក្នុង១ម៉ែត្រគូប។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ នៅព្រឹកថ្ងៃពុធ ទី៣០ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃទឹកដែលពីមុន រដ្ឋាករទឹកលក់ឲ្យម្ចាស់ផ្ទះថ្លៃ១០៣០រៀលក្នុង១ម៉ែត្រគូប ឯម្ចាស់ផ្ទះលក់ឲ្យកម្មករតម្លៃ១២០០រៀល ប៉ុន្តែចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧តទៅ រដ្ឋាករទឹកលក់ឲ្យម្ចាស់ផ្ទះ៧០០រៀល និងម្ចាស់ផ្ទះលក់ឲ្យកម្មករត្រឹមតែ៨០០រៀលតែប៉ុណ្ណោះ ដូច្នេះកម្មករនឹងចំណេញ៤០០រៀល ក្នុង១ម៉ែត្រគូប»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចាត់ទុកថា ការដំឡើងថ្លៃទឹករយៈពេលថ្មីៗនេះ របស់ក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ គឺជាកំហុសឆ្គងដ៏ធំ ប៉ុន្តែយ៉ាងណារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏ដូចជារដ្ឋាករទឹកក្រុងភ្នំពេញ បានធ្វើការសុំទោស និងសងត្រឡប់ទៅវិញ នូវប្រាក់ដែលបានទទួលរួចមកហើយ។

ស្របគ្នានឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អំពីការបញ្ចុះតម្លៃទឹកជូនកម្មករ កម្មការិនី និងសិស្សនិស្សិតនេះ នៅថ្ងៃទី៣០ ខែសីហានេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីសម្រេចផ្លូវការ ស្ដីពីការកែសម្រួល និងបំពេញបន្ថែមការកំណត់ ថ្លៃលក់ទឹក ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

នៅក្នុងសេចក្តីសម្រេចនេះ ក្រសួងឧស្សហកម្ម បានបញ្ជាក់ថា ទឹកសម្រាប់លក់ជូនដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឲ្យកម្មករ កម្មការិនី និងសិស្ស និស្សិត ស្នាក់នៅដោយគិតក្នុងតម្លៃ ៧០០រៀល ក្នុងមួយម៉ែត្រគូប ហើយម្ចាស់ផ្ទះ ឬម្ចាស់អគារ ត្រូវលក់ទឹកស្អាតនេះ ក្នុងតម្លៃ៨០០រៀល។

លោក ស៉ឹម ស៉ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣០ ខែសីហានេះថា ដើម្បីផ្តល់នូវភាពត្រឹមត្រូវនៃការលក់ទឹកឲ្យកម្មករ-កម្មការិនី និងសិស្សនិស្សិតនោះ ម្ចាស់ផ្ទះជួលតម្រូវឲ្យធ្វើកិច្ចសន្យាជាមួយក្រសួង ដោយមិនត្រូវលក់ទឹកបន្តឲ្យ អ្នកផ្សេងក្រៅពីកម្មករ កម្មការិនី ឬសិស្សនិស្សិតក្នុងផ្ទះជួលនោះទេ ហើយត្រូវលក់ក្នុងតម្លៃដែលបានកំណត់។

សូមជម្រាប សម្តេចតេជោ ហ៊ុន សែន បានគិតគូរយ៉ាងខ្លាំងចំពោះ ការលើកស្ទួយជីវភាពរស់នៅរបស់កម្មករ-កម្មការិនី រួមមាន តាមរយៈការដំឡើងប្រាក់ខែ, ការបញ្ចុះថ្លៃអគ្គិសនី, ការបញ្ចុះថ្លៃទឹក, ការជិះរថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩, ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ជាអ្នកត្រូវទទួលរ៉ាប់រង រាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយឆ្នាំ និងចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តី រាជការផងដែរ៕

ប្រភព៖ Page Samdech Hun Sen, Cambodian Prime Minister