លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ផ្តល់អនុសាសន៍ ៣ ចំណុចសំខាន់ៗ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី សេចក្តីព្រាងច្បាប់​អធិការកិច្ច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ផ្តល់អនុសាសន៍ ៣ ចំណុចសំខាន់ៗ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី សេចក្តីព្រាងច្បាប់​អធិការកិច្ច

31/08/2017
(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តល់អនុសាសន៍ និងសំណូមពរ​ចំនួន៣ចំណុចសំខាន់ៗរួមមាន៖
ទី១-ក្រុមការងារតាក់តែងច្បាប់​ត្រូវ​ប្រមូលធាតុចូលសំខាន់ៗ ដែលទទួលបានពីសិក្ខាសាលានេះ ទៅបញ្ចូលក្នុងសេចក្តីព្រាងច្បាប់អធិការកិច្ច ដើម្បី​ធ្វើឱ្យច្បាប់នេះរិតតែមានខ្លឹមសារ និងឆ្លើយតបទៅនឹងបច្ចុប្បន្នភាព និងការវិវត្តន៍​ជាក់ស្តែងរបស់ប្រទេសយើង។
ទី២- អ្នកចូលរួមទាំងអស់ ជាពិសេស​តំណាងដែលមកពីស្ថាប័ន​ពាក់ព័ន្ធ​ជាមួយវិស័យអធិការកិច្ច ត្រូវរាយការណ៍​ពីខ្លឹមសារសិក្ខាសាលា និង​លទ្ធផលនៃសិក្ខាសាលានេះ ជូនថ្នាក់ដឹកនាំស្ថាប័នខ្លួនជ្រាប​ ដើម្បីសម្រួលដល់ការងារ​បន្ត​ទៅ​អនាគត និង
ទី៣-ស្នើដល់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់​ មេត្តាជួយ​ផ្តល់ការគាំទ្រ ​ដល់សេចក្តីព្រាងច្បាប់នេះ ​ដើម្បីឱ្យឆាប់បានឆ្លង គណៈរដ្ឋមន្ត្រីពេញអង្គ និ​ង​បន្តមកស្ថាប័ននីតិបញ្ញត្តិ និងយកទៅប្រើប្រាស់​បម្រើដល់​ផលប្រយោជន៍ជាតិ​។

នេះជាការលើកឡើងរបស់លោកស្រី ម៉ែន សំអន គ្រាដែលលោកស្រី បានអញ្ជើញបិទសិក្ខាសាលាស្តីពីសេចក្តីព្រាងច្បាប់​អធិការកិច្ច សណ្ឋាគារ សុខា ខេត្តព្រះសីហនុ​ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានសំដែង​មានមោទនភាពខ្ពស់ដោយឃើញថា ​​សិក្ខាសា​លា​នេះ​បានប្រព្រឹត្តទៅយ៉ាង​រលូន​ និងទទួលបាន​លទ្ធផលជា​ផ្លែផ្កា​ល្អ ដោយ​មានការចូលរួមក្នុងការពន្យល់ ពិភាក្សា ការផ្តល់ជាមតិ យោបល់ និងសំណូមពរយ៉ា​ង​សកម្ម និងមានអត្ថន័យដែលក្រុមការងារក្រសួងអាចប្រមូលយកទៅពិចារណាដាក់​បញ្ចូល​ក្នុងច្បាប់ថ្មីនេះ​។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ដើម្បីបំពេញការងារអធិការកិច្ច​ រដ្ឋាភិបាល នៃ​ប្រទេស​ជា​ច្រើន​បាន​បង្កើ​ត​​​ក្រសួង ​ឬ​ស្ថាប័ន​ដែល​មាន​ភារកិច្ច និងបេសកកម្ម​ស្រដៀងគ្នា​នឹង​ក្រសួង​​​ទំនា​ក់​​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​កម្ពុជាដែរ។ ទោះ​ជា​​​​​មានរចនាសម្ព័ន្ធ​ផ្សេងគ្នា និង​​ឈ្មោះ​ហៅ​ខុសគ្នាក្តី ក៏តួនាទី និង​​ភារកិច្ច​ របស់​​ស្ថា​ប័ន​ទទួ​ល​​បន្ទុកអធិការកិច្ច​មាន​ភាពស្រដៀង​​គ្នា គឺពង្រឹងអភិបាលកិច្ចល្អ​ តាមរយៈ​​តាម​ដា​ន​ការអនុវត្ត​ច្បាប់ និងពង្រឹងសុវត្តិភាពសាធារណៈ និងទប់ស្កាត់​អំពើពុករលួយ ភាពអយុត្តិធម៌ និ​ង​ការរំលោភ​ដោយ​អំណាចផងដែរ។ ចំណែក​​ច្បាប់ស្តីពី​អធិការកិច្ចក៏មាន​ខ្លឹមសារ និង​វិសាលភាពស្រដៀង​គ្នា ដោយផ្អែកលើ​​ស្ថានភាពជាក់​ស្តែង​​នៃ​ប្រ​ទេ​​សនីមួយៗ។

ចំណែកនៅ​កម្ពុជា វិស័យ​អធិការកិច្ច​ត្រូវ​បាន​គ្រប់គ្រងដោយ​ស្ថាប័នរដ្ឋ ដែល​មាន​លក្ខណៈ និង​រចនាសម្ព័ន្ធ​ខុស​ៗ​​គ្នាទៅ​​តាម​រដ្ឋាភិបាល ក្នុងសម័យកាលនីមួយៗ។ ក្នុងរដ្ឋាភិបាលខ្លះ ​កាល​​ពី​សម័យ​អតីតកាល វិស័យនេះ​ត្រូវ​បាន​គ្រប់​គ្រង និងទទួលបន្ទុក​​​​ដោយ​ថ្នាក់ដឹក​នាំ​ដែល​មានឋានៈ​ផ្សេង​ៗ​គ្នា ចាប់ពីអនុរដ្ឋលេខាធិការ រហូតដល់​​​នាយករដ្ឋមន្ត្រី​ផ្ទាល់តែម្តង។ ប្រការ​​នេះ​អាចបញ្ជាក់​​យ៉ា​ង​ច្បាស់​ពី​​សារៈ​សំខាន់ នៃ​​វិស័យ​អធិការកិច្ច​ដែលជាស្នូល ​នៃ​អភិបាលកិច្ចល្អ។

ឆ្លៀតឱកាសនេះ លោកស្រីក៏បានរំលឹកបន្តពីប្រវត្តិរបស់ក្រសួងទំនាក់​ទំនង​ជា​មួយ​រដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ចដូច្នេះថា ដោយសារការវិវត្តន៍របស់ប្រទេសជា​តិ ក្រសួង​នេះត្រូវបាន​ផ្លាស់​​ប្តូឈ្មោះ និងរចនាសម្ព័ន្ធ​ជាបន្ត​បន្ទាប់ ​តាម​ការសម្រេចរបស់​​រដ្ឋាភិបាលក្នុងតំណាក់កាលនីមួយៗ។ នៅឆ្នាំ១៩៨១ ក្រសួង​​​ត្រួតពិនិត្យកិច្ចការរដ្ឋ ត្រូវបានបង្កើតដើម្បីធ្វើការងារត្រួតពិនិត្យ​ការងាររដ្ឋ​ពោល​គឺការងារអធិការកិច្ច។ នៅ​ឆ្នាំ១៩៨៧ ក្រសួងនោះត្រូវបានប្តូរឈ្មោះ​ជា​​ ក្រសួង​ត្រួត​ពិនិត្យ។

ក្រោយពីការបោះឆ្នោតសកលឆ្នាំ១៩៩៣ រាជរដ្ឋាភិបាល​​ចម្រុះ​​ បានបង្កើត​​អគ្គលេខា​ធិការ​ដ្ឋានអធិការកិច្ច​ ដែល​ជំនួស​​​ក្រសួង​ត្រួត​ពិនិត្យ​ ហើយស្ថាប័នថ្មីនោះស្ថិតក្រោម​ចំណុះ​​​​ទីស្តីការ​​​គណៈ​រ​ដ្ឋ​មន្ត្រី​។ នៅ​ឆ្នាំ១៩៩៩ រាជរដ្ឋា​ភិបាលថ្មី​​​​បាន​បង្កើត​​ស្ថាប័ន​ថ្មី​មួយ គឺក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-​ព្រឹទ្ធសភា និង​អធិការកិច្ច តាមរយៈ​ព្រះរាជ​ក្រម​លេខ នស/រកម/​០៦៩៩/​០៥​ ចុះថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ១៩៩៩។

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ១៩៩៣ ត្រង់មាត្រា៣៥ ចែងថា ប្រជា​ពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាង​សកម្ម​ក្នុងជីវ​ភា​ព​​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ របស់ប្រទេសជាតិ។ ​សេចក្តីស្នើទាំង​ឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ច​ត់​ពីអង្គការរដ្ឋ។ ជាមួយនេះតាមមាត្រា៣៩ នៃរដ្ឋធម្មនុញ្ញ ក៏បានចែងថា ប្រជា​ព​ល​រដ្ឋមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទាមទារ​សំណងជួសជុលការខូចខាត​ដែលបណ្តាល​មកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់​អង្គការ​សង្គម និងរបស់បុគ្គលិក នៃ​អង្គការទាំងនោះ។ ដើម្បីឆ្លើយតបទៅនឹង​ខ្លឹមសារនេះ ច្បាប់អធិការកិច្ច​ពិតជាអា​ចដើរតួនាទី ដើម្បី​ជួយរកយុត្តិធម៌ និង​ដោះស្រាយសំណូមពរ ជូនប្រជាពល​រ​ដ្ឋបា​ន។​

ទោះជាវិស័យអធិការកិច្ច​ នៅមិនទាន់បានជ្រួតជ្រាប​ និងយល់ដឹង​ក្នុងចំណោម​ប្រជាពលរដ្ឋទាំងស្រុង​​នៅឡើយក្តី ក៏​បទពិសោធន៍កន្លងមក​បានប​ញ្ជា​ក់ច្បាស់ថា ការងារអធិការកិច្ចពិតជាបាន​ជួយរួមចំណែក​កាត់បន្ថយ​​អំពើពុករលួយ ជំរុញ​ប្រសិទ្ធភាពការងារ​​របស់​ស្ថាប័ន-អង្គភាពរដ្ឋ ធានា​សុវត្តិភាព និ​ង​យុត្តិធម៌​ ជូនប្រជាពលរដ្ឋ និងនាំមកនូវតម្លាភាព និង​​​អាច​​កាត់​​បន្ថយបាននូវ​បាតុភាព​អសកម្ម​នា​នា​ដូចជាការមិនអនុវត្តត្រឹមត្រូវនៃ​កិច្ច​សន្យារវាង​​ក្រុមហ៊ុនឯកជ​ន​​​ជាមួយរដ្ឋ កាត់បន្ថយ និងលុបបំបាត់​ការកឹប​កេង​​ថវិការដ្ឋ​ និង​​ការប្រើប្រាស់​ខុស​ទិសដៅ​ នៃ​ទ្រព្យ​​សម្បត្តិរដ្ឋ និងជួយជម្រុញប្រសិទ្ធភាពនៃការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ចបាន​តម្រង់ទិស​ឱ្យ​ក្រសួង ស្ថាប័ន និង​​អង្គភាព​​រដ្ឋ​ បង្កើន​ការប្រុងប្រយ័ត្ន និង​ទទួល​ខុស​ត្រូវ​ខ្ពស់​​ក្នុ​ង​​​សកម្មភាព​ការងារ​របស់​​ខ្លួន ស្រប​តាមឆន្ទះរបស់​រាជរដ្ឋាភិបាល​ក្នុង​ការកែ​ទម្រ​ង់​ស៊ីជម្រៅ​ និង​អភិបាល​កិច្ច​ល្អ។ ដូច្នេះការងារអធិការកិច្ច​ ពិតជាមានសារៈសំ​ខា​ន់ មិនអាចខ្វះបាន ដើម្បីបំរើឱ្យ​ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង ក្នុងពេ​ល​ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាពយ៉ាងពិតប្រាកដ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ជាប្រមុខ។

ទោះជា​ការធ្វើអធិការកិច្ចពិត​ជាធ្វើឱ្យ​បុគ្គល ឬអង្គភាពខ្លះ​មិន​​សប្បាយចិត្ត ដោយ​សារការខាតបង់ប្រយោជន៍របស់​បុគ្គលមួយចំនួនក្តី តែការងារ​អធិការកិ​ច្ច​​ធ្វើឡើងដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និង​បំរើ​ផលប្រ​យោ​ជ​ន៍​រាជរដ្ឋាភិបាលផលប្រយោជន៍ជាតិ និងប្រជាជន៕