ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងថា អំពើជួញដូរមនុស្ស និងអំពើជួញដូរគ្រឿងញៀនអាចនឹងកើត មានព្រមៗ គ្នា នៅក្នុងក្លឹបកម្សាន្តសប្បាយ និងនៅតាមផ្ទះសំណាក់ សណ្ឋាគារនានា ដែលបញ្ហានេះ គឺទាមទារអោយបណ្ដា ម្ចាស់អាជីវកម្មទាំងនោះត្រូវមានវិធានការគ្រប់គ្រងអោយបានច្បាស់លាស់។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយឯកសារគោលនៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើអោយបណ្តាម្ចាស់អាជីវកម្មក្លឹបកម្សាន្ត កន្លែងបើកល្បែងកម្សាន្ត មណ្ឌលកម្សាន្តសប្បាយ បណ្តាផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាននានា ត្រូវបង្កើនវិធានការគ្រប់គ្រងបញ្ហាគ្រឿងញៀន និងត្រូវសហការជាមួយសមត្ថកិច្ច នៅពេលដឹងថា មានជនល្មើសយកគ្រឿងញៀនទៅជួញដូរ ឬប្រើប្រាស់នៅក្នុងកន្លែងអាជីវកម្មរបស់ខ្លួន។
សម្តេចក្រឡាហោម បានថ្លែងយ៉ាងមោទនភាពថា ចំពោះការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៦ខែដំណាក់កាលទី១ កន្លងមកគឺកងកំលាំងមានសមត្ថកិច្ចមានលទ្ធភាពបង្ក្រាបគ្រឿងញៀន បានជាង១០០គីឡូក្រាម។ ហើយនៅក្នុងរយៈពេលជាង១ខែក្រោយពីយុទ្ធនាការនេះ គឺសមត្ថកិច្ចបន្តបង្ក្រាបគ្រឿងញៀនបានប្រមាណជាង១០គីឡូក្រាមបន្ថែមទៀត។
កន្លងមក សម្តេចក្រឡាហោម ស ខេង បានជួបជាមួយបណ្តាម្ចាស់អាជីវកម្ម ក្រុមហ៊ុន សហគ្រាសនានា ផ្សព្វផ្សាយផ្តល់ការយល់ដឹងពីបញ្ហាគ្រឿងញៀននេះ ពិសេសគ្រប់បណ្តាម្ចាស់អាជីវកម្មនានាត្រូវទទួលខុសត្រូវដោយខ្លួនឯង និងត្រូវសហការជាមួយសមត្ថកិច្ច ចំពោះបញ្ហាការទប់ស្កាត់អំពើជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀននៅក្នុងកន្លែងធ្វើការងាររបស់ខ្លួន។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានស្នើអោយស្ថាប័នតុលាការត្រូវពង្រឹងវិធានការអនុវត្តច្បាប់អោយច្បាស់លាស់ និងត្រូវធានាថា ការដាក់ទោសចំពោះពួកឧក្រិដ្ឋជនគ្រឿងញៀនគឺត្រូវពន្លឿន និងដាក់ពន្ធធនាគារដោយគ្មានការលើកលែងនោះឡើយ៕
ប្រភព៖ BayonTV
