សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ​អញ្ជើញ​ថ្វាយបង្គំ​ព្រះរាជ​ទាយាទ​ជប៉ុន​ ព្រះអង្គម្ចាស់​ ណា​រូ​ហី​តូ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ​អញ្ជើញ​ថ្វាយបង្គំ​ព្រះរាជ​ទាយាទ​ជប៉ុន​ ព្រះអង្គម្ចាស់​ ណា​រូ​ហី​តូ

07/08/2017
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៧ ខែសីហា បានអញ្ជើញថ្វាយបង្គំ ព្រះរាជទាយាទជប៉ុន ព្រះអង្គម្ចាស់ ណារូហីតូ ព្រះរាជទាយាទរបស់ ព្រះចៅអធិរាជជប៉ុន អាគីហីតូ។


សម្តេចតេជោនាយករដ្ឋមន្ត្រីទូល ថ្វាយ ពីសេចក្តីសោមនស្សរីករាយសាជាថ្មីម្តងទៀត ក្នុងឱកាសដែលសម្តេច បានថ្វាយបង្គំព្រះរាជទាយាទ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីព្រះអង្គសម្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១២។

សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានទូលថ្វាយព្រះអង្គម្ចាស់ព្រះរាជទាយាទ ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អនិងជិតស្និទ្ធ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន ដែលតែងតែជួយគ្នាទៅវិញទៅមកក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។

សម្តេចតេជោ ក៏បានទូលថ្វាយព្រះរាជទាយាទដែរថា ដំណើរទស្សនកិច្ចផ្លូវការការងាររបស់សម្តេចបានកាន់ប្រទេសជប៉ុននៅពេលនេះ គឺស្របនឹងខួបលើកទី៦០ នៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន ទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៥៧ និងខួប២៥ឆ្នាំនៃបញ្ជូនកងរក្សាសន្តិភាពជប៉ុនជាលើកដំបូងទៅក្រៅប្រទេស។

សម្តេចតេជោ ទូលថ្វាយដែរថា ទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពល្អប្រសើរខ្លាំងណាស់ ហើយមកដល់បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនប្រមាណ ២០០ក្រុមហ៊ុនហើយ បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើប្រមាណ១ពាន់គម្រោង ពិសេសការហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ទៅកាន់ប្រទេសកម្ពុជា ធ្វើឲ្យកំណើនទេសចរណ៍កាន់តែច្រើនឡើង។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជួយដល់ការថែរក្សា និងអភិរក្សប្រាសាទអង្គររបស់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំឯកសារក្នុងការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក របស់ប្រទេសកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រកបដោយជោគជ័យបំផុត។
ព្រះអង្គម្ចាស់ព្រះរាជទាយាទ ណារូហីតូ មានព្រះរាជបន្ទូលនូវព្រះរាជហរទ័យរីករាយចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានថ្វាយនូវព្រះរាជបដិសណ្ឋារកិច្ច ចំពៅះព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១២។ ជាមួយគ្នានេះព្រះអង្គ ម្ចាស់ព្រះរាជទាយាទ ក៏បានថ្វាយនូវសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅនិងការគោរពស្រឡាញរាប់អានដោយស្មោះ តាមរយៈសម្តេចតេជោនាយករដ្ឋមន្ត្រី ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គតែងតែមានការនឹករលឹកដ៏ខ្ពង់ខ្ពស់បំផុត៕
ប្រភព៖ BayonTV