ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីត្រូវចាប់ខ្លួនឃាត់កាលពីរសៀលថ្ងៃទី១២ កក្កដា តាមដីការរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ពាក់ព័ន្ធប្រើហិង្សាចាប់បំពានសេពសន្ថវៈទៅលើនារីរងគ្រោះម្នាក់ក្នុងរថយន្ត ខណៈពេលសុំយករថយន្តជូននាងទៅទិញគោដុត ដើម្បីយកមកក្លែមបន្ត ដែលបានប្រព្រឹត្តឡើងនៅស្រុកកំពង់ត្រឡាច កាលពីចុងខែឧសភា កន្លងទៅ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះសុះ មហាម៉ាត់ ហៅឃាក់ មានទីលំនៅភូមិព្រៃពីស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ចំណែកនារីរងគ្រោះអាយុ២៥ឆ្នាំ ។
លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់នៅរសៀលថ្ងៃទី១៣ ខែកក្កដានេះថា សមត្ថកិច្ចរបស់លោកគ្រាន់តែសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាប់តាមដីការរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតែប៉ុណ្ណោះ ។ ចំពោះសំណុំរឿងបែបណានោះ លោកមិនទាន់ដឹងនោះទេ ខាងសមត្ថកិច្ចនគរបាលជាអ្នកកសាងសំណុំរឿង ។
លោកបញ្ជាក់ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានសម្រេចចោទប្រកាន់រួចហើយ និងបញ្ជូនទៅចៅក្រម ដើម្បីសាកសួរបន្តនៅរសៀលថ្ងៃដដែលនេះ ។
លោក ស្រី សុដា ប្រធានការរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីរំលោភនេះបានកើតឡើង កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ កាលណោះ មានមនុស្សមួយក្រុមបានផឹកស៊ី នៅផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងស្រុកកំពង់ត្រឡាច ពេលអស់សាច់ក្លែម នារីរងគ្រោះដែលមានអាយុ២៥ឆ្នាំបំរុងជិះម៉ូតូទៅទិញគោដុត ដើម្បីយកមកក្លែមបន្ត។ ស្របពេលនេះដែរ មានបុរសម្នាក់ឈ្មោះសុះ មហាម៉ាត់ ហៅឃាក់ ដែលជាអ្នករួមក្នុងវង់ផឹកស៊ី និងជាជនសង្ស័យ បានសុំយករថយន្តរបស់ខ្លួនជូនទៅ ។
លោកបានបន្តថា ក្រោយពីទិញសាច់ក្លែមបានហើយ ពេលត្រឡប់មកវិញដល់ពាក់កណ្តាលផ្លូវ ជនសង្ស័យបានឈប់រថយន្ត ហើយក៏ធ្វើសកម្មភាពចាប់បង្ខំនារីរងគ្រោះនៅក្នុងរថយន្ត រហូតបានសម្រេចតែម្តង ទោះបីនាងខំរើបំរះ និងខ្វាចជនសង្ស័យដាច់មុខចេញឈាមយ៉ាងណាក្តី ។ លុះពេលត្រឡប់មកវិញ អ្នកផឹកស៊ីដែលនៅចាំសាច់ក្លែម បានសួរម៉េចថា យូរម្ល៉េះ? ហើយសួរទៅជនសង្ស័យថា «ម៉េចដាច់ស្នាមចេញឈាមលើមុខ? ។
លោកបន្តទៀតថា ពេលនោះជនសង្ស័យឆ្លើយថា មានគេឈ្លោះគ្នា ខ្លួនចូលទៅឃាត់ទើបមានរឿងបែបនេះ ។ ប៉ុន្តែភ្លាមនោះដែរ នារីរងគ្រោះបានស្រែកយំ និងប្រាប់អ្នកផឹកស៊ីថា ស្នាមខ្វាចដាច់មុខ គឺគាត់ជាអ្នកខ្វាច ព្រោះជននេះជាអ្នកចាប់បំពានសេពសន្ថវៈមករូបគាត់នៅក្នុងរថយន្ត។ ក្រោយពេលបែបនេះភ្លាមៗ ជនសង្ស័យរូបនេះក៏បានចេញមកវិញ រួចក៏បើករថយន្តគេចខ្លួនបាត់រហូតដល់ថ្ងៃចាប់ខ្លួនតែម្តង ។
លោក ស្រី សុដា បានបញ្ជាក់ថា ដោយសារតែគេចខ្លួនបែបនេះហើយ ទើបសំណុំរឿងបានអូសបន្លាយយូរបែបនេះ ព្រោះមិនដឹងថា តើជនសង្ស័យនៅឯណា? តែក្រោយមកឮថា៖ ខាងកងរាជអាអាវុធហត្ថជាអ្នកទទួលដីការតាមចាប់ខ្លួន ទើបឈានដល់ការឃាត់ខ្លួនបាននៅឯរាជធានីភ្នំពេញតែម្តង៕