រាជធានីភ្នំពេញ៖ តុលាការកំពូលបានបញ្ជាក់ថា សំណុំរឿងបណ្តឹងសារទុក្ខរបស់ទណ្ឌិតជាគ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន ដែលបានចាក់ថ្នាំធ្វើឲ្យអ្នកភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណ១២២នាក់ឆ្លងមេរោគអេដស៍ត្រូវបានចៅក្រមតុលាការកំពូលធ្វើការប្រកាសសាលដីកាកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ដោយតម្កល់ទោសនៅដដែលគឺដាក់ពន្ធនាគារកំណត់២៥ឆ្នាំ ។
បន្ទាប់ពីបានប្តឹងឧទ្ធរណ៍មកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ទោសជនជាប់ចោទ យ៉ែម ជ្រិន ឱ្យនៅដដែលទើបជនជាប់ចោទបានប្ដឹងសារទុក្ខឡើងមកតុលាការកំពូល ហើយចុងក្រោយតុលាការកំពូលបានសម្រេចដដែលដោយបិទផ្លូវតវ៉ា ។
តុលាការកំពូលបានបញ្ជាក់ថា សាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ បានបើកសវនាការជំនុំជម្រះសំណុំរឿងគ្រូពេទ្យដែលចាក់ថ្នាំចម្លងរោគអេដស៍ដល់អ្នកភូមិរកា រយៈពេល២ថ្ងៃ ។
នៅក្នុងសវនាការជនជាប់ចោទ យ៉ែម ជ្រិន បានឆ្លើយសារភាពថា កន្លែងពិនិត្យសុខភាពរបស់គាត់គឺពុំមានសុំច្បាប់អនុញ្ញាតនោះទេ ហើយជនជាប់ចោទគឺគ្រាន់តែចេះចាក់ថ្នាំបន្តិចបន្តួចប៉ុណ្ណោះ ។ ការព្យាបាលអ្នកភូមិគឺដោយសារតែ ជនជាប់ចោទមានការអាណិតក៏ចេះតែព្យាបាលចាក់ថ្នាំអ្នកភូមិពីភូមិមួយទៅភូមិមួយដោយប្រើម្ជុលរួមគ្នាដោយសារតែមិនមានម្ជុលច្រើន ។
សូមបញ្ជាក់ផងដែរថា ជនជាប់ចោទ យ៉ែម ជ្រិន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចោទប្រកាន់ចំនួន៣បទល្មើស ទី១-បទ«ឃាតកម្ម អំពើឃោរឃៅតាម» មាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ, ទី២-បទ«ការប្រព្រឹត្តចម្លងមេរោគអេដស៍ទៅអ្នកដទៃ» តាមមាត្រ១៨ និងមាត្រា៥០ នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ និងទី៣-បទ«ធ្វើអាជីវកម្មពេទ្យដោយគ្មានការអនុញ្ញាត» ។
គួរបញ្ជាក់ទៀតថា ក្រោយពីបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ សាលាដំបូងខេត្តបាត់ដំបងបានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ យ៉ែម ជ្រិន ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ និងពិន័យប្រាក់ឱ្យបង់ចូលថវិការដ្ឋចំនួន៥លានរៀល ៕