សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើកំណែទម្រង់ លើការធ្វើធុរកិច្ចជាច្រើន នឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី២៩ មីនា ខាងមុខនេះ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ការធ្វើកំណែទម្រង់ លើការធ្វើធុរកិច្ចជាច្រើន នឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សា ឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកមិញ ត្រូវពិនិត្យឯកសារបន្ទាន់ ដែលទាក់ទងនឹងការកំណែទម្រង់ ទាំងអស់សម្រាប់ថ្ងៃសុក្រនេះ ដាក់ចេញជាកំណែទម្រង់ជាកញ្ចប់...ក្នុងនោះ ខ្ញុំសុំនិយាយទុកឲ្យហើយ កម្ពុជាប្រទេសក្រីក្រ ក៏ប៉ុន្ដែការឈប់សម្រាក នៅប្រទេសកម្ពុជារបស់យើង គឺច្រើនជាងប្រទេសអ្នកមាន ដល់ទៅប៉ុន្មានដងឯណោះ»។

សម្ដេចតេជោ បានឲ្យដឹងទៀតថា ប្រទេសសឹង្ហបុរី សម្រាកតែ១១ថ្ងៃទេ ក្នុងពេលប្រទេសកម្ពុជា សម្រាក២៨ថ្ងៃ ទៅ៣០ថ្ងៃ។ សម្ដេចថា ប្រទេសកម្ពុជាក្រ ក៏ប៉ុន្ដែកម្ពុជាឈប់សម្រាកច្រើនណាស់ ដូច្នេះ សូមការយោគយល់អធ្យាស្រ័យ បើមិនដូច្នេះ អ្នករកស៊ីទាំងអស់ នឹងរត់ចោទយើងទាំងអស់ ដោយសារតែម្ខាងឡើងប្រាក់ខែ ម្ខាងទៀតឈប់សម្រាកកាន់តែច្រើន។
ជាមួយគ្នានោះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ស្នើសុំការយោគយល់នៅឆ្នាំក្រោយ នឹងមានការកាត់បន្ថយថ្ងៃឈប់សម្រាកខ្លះ។ សម្តេចតេជោ បានបន្ដថា ការធ្វើកំណែទម្រង់នេះ ដើម្បីធានាដល់ដំណើរការ នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដោយមិនខ្វល់ថាមាន ឬ គ្មាន EBA នោះទេ។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីការកាត់បន្ថយថ្ងៃឈប់សម្រាក ការសម្រួលនីតិវិធី ក្នុងការពិនិត្យកុងតឺន័រ និងកាត់បន្ថយថ្លៃអគ្គិសនី ក៏ស្ថិតក្នុងកញ្ចប់ នៃការធ្វើកំណែទម្រង់នេះផងដែរ។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងទៀតថា ក្នុងកិច្ចប្រជុំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅថ្ងៃសុក្រ ខាងមុខនេះ នឹងមានបទអន្តរាគមន៍សំខាន់ៗជាច្រើន រួមទាំងការបង្ហាញកញ្ចប់ថវិកា សម្រាប់អន្តរាគមន៍ លើបញ្ហាធ្វើពាណិជ្ជកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា កម្ពុជាបច្ចុប្បន្ននេះ មិនមែនអ្វីៗសុទ្ធតែត្រូវការជំនួយទាំងអស់នោះទេ មានការងារជាច្រើនកម្ពុជា បានប្រើកញ្ចប់ថវិកាជាតិរបស់ខ្លួន៕

ប្រភព៖ Fresh News
សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើកំណែទម្រង់ លើការធ្វើធុរកិច្ចជាច្រើន នឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី២៩ មីនា ខាងមុខនេះ! សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើកំណែទម្រង់ លើការធ្វើធុរកិច្ចជាច្រើន នឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី២៩ មីនា ខាងមុខនេះ! Reviewed by Laiheang Vobfm on 3/27/2019 Rating: 5
Powered by Blogger.