ទិសដៅការងារ៦ចំណុច ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាក់ចេញដើម្បីអនុវត្តន៍ ឆ្នាំ២០១៩

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញទិសដៅការងារសំខាន់ៗ ចំនួន៦ចំណុច ដើម្បីអនុវត្តន៍នៅឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ទៀត។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ដើម្បីបន្តលើកកម្ពស់ការអនុវត្ត យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០ ទិសដៅការងារឆ្នាំ២០១៩ និងឆ្នាំបន្ត ក្នុងវិស័យសុខាភិបាលនឹងផ្តោតជាចម្បងលើ៖
១៖ បង្កើនលទ្ធភាពឲ្យប្រជាពលរដ្ឋ ទទួលបាននិងការប្រើប្រាស់សេវាអប់រំ លើកកម្ពស់សុខភាពសេវាបង្ការ ព្យាបាលថែទាំ ស្តារនីតិសម្បទាវេជ្ជសាស្រ្ត មានគុណភាព និងសុវត្ថិភាពក្នុងតម្លៃចំណាយមួយ ដែលអាចរ៉ាប់រងបាន។
២៖ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយគាំពារសុខភាពសង្គម របស់រាជរដ្ឋាភិបាល។
៣៖ ផ្តល់ការបណ្តុះបណ្តាលមូលដ្ឋាន និងការបណ្តុះបណ្តាលបន្តគ្រប់គ្រាន់ ផ្តោតលើសមត្ថភាព ជំនាញ និងបែងចែកបុគ្គលិកដោយសមធម៌ ព្រមទាំងផ្តល់ការលើកទឹកចិត្តសមស្រប។
៤៖ ផ្គត់ផ្គង់ឱសថ បរិក្ខារ និងធនធានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ រួមមាន អគារ ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងបណ្តាញព័ត៌មានវិទ្យា ដល់មូលដ្ឋានសុខាភិបាលសាធារណៈ។
៥៖ ពង្រឹងការគ្រប់គ្រងព័ត៌មានវិទ្យាសុខាភិបាល និងការប្រើប្រាស់ព័ត៌មាន ដើម្បីពង្រឹងការគ្រប់គ្រងសេវា និងប្រព័ន្ធអង្កេតតាមដាន និងឆ្លើយតបជំងឺ ការពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាព និងលើកកម្ពស់ ការសិក្សាស្រាវជ្រាវសុខាភិបាល។
៦៖ ពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសសមត្ថភាពនិយ័តកម្ម ដើម្បីពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល លើកកម្ពស់ភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន និងបង្កើនគណនេយ្យភាពលើសុខភាពនៅមូលដ្ឋាន៕

ប្រភព៖ Fresh News
ទិសដៅការងារ៦ចំណុច ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាក់ចេញដើម្បីអនុវត្តន៍ ឆ្នាំ២០១៩ ទិសដៅការងារ៦ចំណុច ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាក់ចេញដើម្បីអនុវត្តន៍ ឆ្នាំ២០១៩ Reviewed by Laiheang VOBFM on 3/12/2019 Rating: 5
Powered by Blogger.