គេដឹងច្បាស់ថា LG នឹងប្រកាសចេញស្មាតហ្វូន 5G ដំបូងនៅដើមឆ្នាំ ២០១៩ នេះ ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀតដែរ។ ពេលនេះគេអាចដឹងរឹតតែច្បាស់ពីរូបរាងរបស់ស្មាតហ្វូន 5G របស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ។
រូបភាពថ្មីចុងក្រោយត្រូវបានបញ្ចេញដោយអ្នកចែករំលែកដំណឹងបែកធ្លាយដ៏ល្បីឈ្មោះ Evan Blass។ រូបភាពថ្មីនេះបានបញ្ជាក់ថាស្មាតហ្វូន 5G របស់ LG គឺជាម៉ូដែល LG V50 ThinQ ដែលរូបរាងរបស់វាមិនសូវខុសពី LG V40 ប៉ុន្មានឡើយ។
LG V50 នៅតែប្រើប្រាស់រចនាបថអេក្រង់ឆក មានទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ និងមានកាមេរ៉ាក្រោយចំនួន ៣ គ្រាប់។ វត្តមានទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ បញ្ជាក់ថា LG V50 នឹងមិនមានទ្រនាប់ស្កេនម្រាមដៃបង្កប់លើផ្ទៃអេក្រង់នោះឡើយ។
បើតាមការបញ្ជាក់របស់ LG នាពេលកន្លងទៅ បានឲ្យដឹងទូរសព្ទ 5G នេះមានបំពាក់ថ្មទំហំ ៤០០០ mAh និងមានប្រព័ន្ធបញ្ចុះកម្ដៅដែលទំនើបជាងមុន។ តាមរូបភាពខាងលើបានបញ្ជាក់ថា V50 នឹងប្រកាសចេញនៅថ្ងៃទី ២៤ ខែកុម្ភៈ៕
ប្រភព៖ Androidauthority