លោក ម៉ាឌូរ៉ូ ស្នើឱ្យមានការបោះឆ្នោតមុនអាណត្តិនៅក្នុងរដ្ឋសភា ដែលគ្រប់គ្រងដោយបក្សប្រឆាំង!

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នាថ្ងៃសៅរ៍សប្តាហ៍នេះបានស្នើឡើងឲ្យ​មានការរៀបចំ​​បោះឆ្នោតមុនអាណត្តិ​នៅក្នុងរដ្ឋសភា ដែលគ្រប់គ្រងដោយបក្សប្រឆាំង និងស្ថិតក្រោមការដឹកនាំរបស់ លោក Juan Guaido ដែលបានប្រកាសតាំងតែងខ្លួនឯងជា​ប្រធានាធិបតីស្តីទី​កាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​​ទីភ្នាក់​ងារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក ក្នុងព្រឹត្តិការណ៍ប្រមូលផ្តុំគ្នាមួយ​នៅរដ្ឋធានីការ៉ាកាស់ លោក ម៉ាឌូរ៉ូ បាននិយាយដូច្នេះ​ថា «ពួកគេចង់បានការបោះឆ្នោត? យើងនឹងរៀបចំការបោះឆ្នោត​នៅរដ្ឋសភា»។ ជុំវិញសំណើនេះ ប្រសិនបើ​សភាធម្មនុញ្ញ​គាំទ្រ ការបោះឆ្នោត​នៅរដ្ឋសភាអាចនឹងប្រព្រឹត្តទៅក្នុងខែណាមួយនាឆ្នាំ២០១៩ ខណៈពីដំបូងឡើយ​ការបោះឆ្នោតសភា​ត្រូវ​​គេរំពឹងថានឹងធ្វើឡើងនៅឆ្នាំ២០២០ឯណោះ។
គួរបញ្ជាក់ថា៖ កន្លងទៅនេះ​តុលាការកំពូលវេណេស៊ុយអេឡា បានប្រកាសថា រាល់សកម្មភាពរបស់រដ្ឋសភាជាតិ ដែលដឹកនាំ​ដោយ លោក Guaido គឺមិនអាចយកជាការនោះឡើយ។ លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា ការបោះឆ្នោតសភាមុនអាណត្តិនេះ គឺ​ដើម្បីធ្វើឲ្យស្ថាប័ននីតិបញ្ញត្តិនេះ​មានភាពស្របច្បាប់និង​ការទទួលស្គាល់ឡើងវិញសាជាថ្មី៕
លោក ម៉ាឌូរ៉ូ ស្នើឱ្យមានការបោះឆ្នោតមុនអាណត្តិនៅក្នុងរដ្ឋសភា ដែលគ្រប់គ្រងដោយបក្សប្រឆាំង! លោក ម៉ាឌូរ៉ូ ស្នើឱ្យមានការបោះឆ្នោតមុនអាណត្តិនៅក្នុងរដ្ឋសភា ដែលគ្រប់គ្រងដោយបក្សប្រឆាំង! Reviewed by Laiheang VOBFM on 2/02/2019 Rating: 5
Powered by Blogger.