(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញទំនាក់ទំនង Facebook បានបង្ហោះនូវរូបភាព ៦សន្លឹក ស្តីពីទិដ្ឋភាពរាជធានីភ្នំពេញ ដោយប្រៀបធៀបរូបភាពអគារទ្រុឌទ្រោម ក្នុងរាជធានីភ្នំពេញ ដែលគេត្រូវបោះបង់ចោល ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ជាមួយរូបភាពរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលមានអគារខ្ពស់ៗ កំពុងរីកដុះដាលជារៀងរាល់ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា៖ «កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច។ រូប១សន្លឹកសខ្មៅដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ នឹងបោះបង់ចោលដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីឆ្នាំ ១៩៧៥-១៩៧៩។
ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍន៍ឱ្យរីកលូតលាស់ ទៅមុខឥតឈប់ឈរ។ យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាព ឱ្យខានតែបាន ដើម្បីកុំឱ្យប្រទេសជាតិវិលធ្លាក់ ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មី។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង»៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister