សហរដ្ឋអាមេរិក៖ បុណ្យ​ណូអ៊ែលក្លាយ​ជាបុណ្យ​សព ខណៈ​ក្មេង​​ប្រុសជាជន​អន្តោប្រវេសន៍​ម្នាក់ទៀត​បាត់បង់​ជីវិត ដោយ​សារ​ការតែឃុំខ្លួន​នៅតាម​ព្រំដែន... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក៖ បុណ្យ​ណូអ៊ែលក្លាយ​ជាបុណ្យ​សព ខណៈ​ក្មេង​​ប្រុសជាជន​អន្តោប្រវេសន៍​ម្នាក់ទៀត​បាត់បង់​ជីវិត ដោយ​សារ​ការតែឃុំខ្លួន​នៅតាម​ព្រំដែន...

26/12/2018
(វ៉ាស៊ីនតោន)៖ ក្មេងប្រុស​ជាជនអន្តោប្រវេសន៍​ម្នាក់អាយុ ០៨ឆ្នាំ​មកពីប្រទេស​​​ហ្គាតេម៉ាឡា បានបាត់បង់ជីវិត​នៅចំថ្ងៃបុណ្យ​ណូអែល បន្ទាប់ពីត្រូវបាន​អាជ្ញាធរអាមេរិក​ចាប់ឃុំខ្លួន ហើយ​បានធ្វើឲ្យ​ចំណាត់ការទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​របស់ប្រធានាធិបតី​លោក ដូណាល់ ត្រាំ កាន់​មានរូបភាព​ខ្មៅងងឹត​​បន្ថែម​ចំពោះមុខអ្នករិះគន់។ នេះបើតាមប្រភពពី​​អាជ្ញាធរ​អន្តោប្រវេសន៍​​​អាមេរិក ដកស្រង់ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
នេះគឺជាលើក ២ ហើយនៅក្នុង​ខែធ្នូនេះ ដែលកុមារជា​ជនអន្តោប្រវេសន៍ស្លាប់​នៅអំឡុងពេលត្រូវ​ជាប់ឃុំ ក្រោយព្យាយាម​ឆ្លងព្រំដែន អាមេរិក-ម៉ិចស៊ីកូ។ ជាក់ស្ដែង​កាលពីដើម​ខែធ្នូកន្លងទៅ ក្មេងស្រីជាជន​អន្តោប្រវេសន៍ហ្គាតេម៉ាឡាម្នាក់​អាយុ ០៧ឆ្នាំ ក៏បាន​បាត់បង់​ជីវិតផងដែរ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីត្រូវ​បានអាជ្ញាធរអាមេរិកឃុំ​ខ្លួនជាមួយឪពុក​របស់នាង។ ក្មេងស្រីរូបនេះ​មានឈ្មោះ ហ្សេខេលីន ខាអាល់ (Jakelin Caal) ត្រូវបាន​អាជ្ញាធរ​អាមេរិកអះអាងថា ស្លាប់ដោយសារជំងឺថ្លើម ប៉ុន្តែ​កាសែត Washington Post បានចុះ​ផ្សាយថា រូបនាងស្លាប់​ដោយសារក្ដៅ​ខ្លួនខ្លាំង​រហូតដល់បាត់បង់​ជាតិទឹក​ធ្ងន់ធ្ងរ។
ដោយឡែក​កាលពីថ្ងៃអង្គារ​ម្សិលមិញ ក្មេងប្រុសដែលជាជន​អន្តោប្រវេសន៍​ម្នាក់ទៀត អាយុ ០៨ឆ្នាំ​មកពីប្រទេស​​ហ្គាតេម៉ាឡានោះ ត្រូវបាន​បញ្ជូនកាន់មន្ទីរពេទ្យ​ក្នុងទីក្រុង អាឡាម៉ូហ្គ័រដូ (Alamogordo) នៃរដ្ឋញូម៉ិចស៊ីកូ (New Mexico) ភ្លាមៗ​ដោយសារ​គ្រុនក្ដៅខ្លាំង។ ប៉ុន្តែប្រហែល​ ៣ម៉ោង ក្រោយមក​ក្មេងប្រុសរូបនេះ​ស្រាប់តែបាត់​បង់ជីវិត។
គួរបញ្ជាក់ថា៖ បច្ចុប្បន្ន​ជនអន្តោប្រវេសន៍មក​ពី បណ្ដាប្រទេសអាមេរិក​កណ្ដាល​រាប់ពាន់នាក់ ដូចជា ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងហុងដូរ៉ាស់ បានរត់គេចចេញពីអំពើហិង្សា និងភាពក្រីក្រនៅក្នុងប្រទេសពួកគេ សំដៅឆ្លង​ព្រំដែនម៉ិចស៊ីកូ​ចូលទៅក្នុងសហរដ្ឋអាមេរិក ដោយស្ថិតនៅក្នុងសង្ឃឹមថា ពួកគេអាចនឹងកសាងជីវិតថ្មីនៅ​ទីនោះ៕