ភ្នំពេញ៖ តាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា កម្ពុជា គ្រោងនឹងចំណាចថវិកាជិត៦០០លានដុល្លារសម្រាប់ធ្វើការអភិវឌ្ឍលើផែនការសកម្មភាពនា នាដែលអាទិភាពនៅក្នុងឆ្នាំ២០១៩ ថ្លែងក្នុងសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៦ ខែធ្នូ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថាសិក្ខាសាលាជាតិនេះរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ«គ.ជ.អ.ប»។
និងដើម្បីផ្តល់ឱកាសឲ្យមានការពិភាក្សា និងពិគ្រោះយោបល់ក្នុងចំណោមតួអង្គពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និង នៅថ្នាក់ក្រោមជាតិ ដើម្បីរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងស្វែងរកការឯកភាព គ្នាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប ដើម្បីឈានទៅរៀបចំកញ្ចប់ និងការដាក់ជូនគ.ជ.អ.ប ពិនិត្យ និងសម្រេច លោកឧបកនាយករដ្ឋមន្ត្រីបានបន្តថា ផ្អែកតាមកម្មវិធីដែលបានគ្រោងទុកអង្គសិក្ខាសាលា ទាំងមូល និងបង្ហាញអំពីវឌ្ឍភាព និងបញ្ហាប្រឈមនានានៅក្នុងការអនុវត្តក្នុងឆ្នាំ២០១៨ និង អំពីសេចក្តីព្រាងសកម្មភាពជាអាទិភាពនានាដែលគ្រោងនឹងសម្រេចឲ្យបាននៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ ។ លោកបន្តែមថា សកម្មភាពជាអាទិភាពទាំងនេះត្រូវបានគ្រោងឡើងដោយមានការជជែកពិភាក្សាគ្នាជាបឋមជាមួយស្ថាប័ន អនុវត្តនានាតាំងពីប៉ុន្មានខែកន្លងមក ដោយផ្អែកជាសំខាន់លើផែនការអនុវត្ត៣ឆ្នាំដំណាក់កាលទី៣នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។
ជាមួយគ្នានោះដែរលោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា សកម្មភាពទាំងនេះក៏ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើគម្រោងថវិកាសរុបប្រមាណ៥៩៥លានដុល្លារដោយរួមបញ្ចូលនូវទី១- ថវិការដ្ឋ ប្រមាណ៥៥១លានដុល្លារ ដែលក្នុងនោះមានថវិកាចំនួនប្រមាណ៥៤៣លានដុល្លារ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២- ថវិកាចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ ចំនួនប្រមាណ៤៤លានដុល្លារ ។
បើប្រៀបធៀបនឹងឆ្នាំ២០១៨ ថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩ខាងមុខនេះមានការ កើនឡើងប្រមាណ១២៧លានដុល្លារ ។ ដោយសារកំណើនសេដ្ឋកិច្ចជាតិការបង្កើនអត្រាចូលរួមរបស់ថវិការដ្ឋទៅក្នុងមូលនិធិឃុំសង្កាត់ក្រុងស្រុក និងការបង្កើតឲ្យមាននូវប្រភពចំណូល ផ្សេងៗទៀត ។
សូមជម្រាបថាសិក្ខសាលាត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមានរយៈពេលពីរថ្ងៃ(ថ្ងៃទី២៦-២៧ ខែធ្នូ ) ។តាមកម្មវិធីនៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងអញ្ជើញចូលរួមបិទសិក្ខាសាលានៅថ្ងៃទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ៕
