សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក

(កោះកុង)៖ នៅព្រឹកថ្ងៃសៅរ៍៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលជំនួបនេះត្រូវបានធ្វើ Koh Kong Resort នៃខេត្តកោះកុង។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានជួបពិភាគ្សាការងារជាមួយលោក Bruno Bodard សាជាថ្មីម្តងទៀត។ សម្តេចក៏បានថ្លែងអណរគុណចំពោះលោក Bruno Bodard ដែលបានជួយឲ្យកម្ពុជាបានបញ្ចូលឆ្នេរសមុទ្ររបស់កម្ពុជាដែលជាប់នឹងខេត្តទាំង៤ទៅក្នុងក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១ ដែលក្នុងនោះមាន
ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុងនេះ ដូច្នេះហើយបានជាកម្ពុជាតែងតែរៀបចំពិធីបុណ្យសមុទ្រនេះជារៀងរាល់ឆ្នាំហើយប្ដូរវេនគ្នាក្នុងចំណោមខេត្តទាំង៤នេះ។
ក្នុងឱកាសនោះ លោក Bruno Bodard បានមានប្រសាសន៍ថា លោកពិតជាចាប់អារម្មណ៍ពីទេសភាពរបស់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលមានសក្កានុពលច្រើនដោយសារតែនៅតាមដងផ្លូវគឺមានព្រៃ មានឆ្នេរ មានទឹកធ្លាក់ ដែលជាសក្កានុពលយ៉ាងខ្លាំងនៃវិស័យទេសចរណ៍។ លោកក៏បានបានចាត់ទុកថា ការអភិវឌ្ឍតំបន់ឆ្នេរនេះ ក៏ដូចជាការចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌យ៉ាង
ដូច្នោះដែរ ពីព្រោះយើងត្រូវធ្វើយ៉ាងម៉េចចូលរួមថែរក្សាការពារបរិស្ថានធ្វើអោយវាមាននិរន្តរភាព។ លោក Bruno Bodard ក៏បានអបអរសាទរចំពោះក្លិបឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលត្រូវបានបញ្ជូលជាក្លឹបឆ្នេរដែលស្អាតជាងគេលើសកលលោកផងដែរ។
នៅឱកាសនេះ លោក Bruno Bodard ក៏បានស្នើលើកឡើងនូវគំរោង១ ដោយសារតែកន្លងមកគាត់បានមកមើលទីតាំងដ៏ល្អនៃឆ្នេរសមុទ្រកម្ពុជា គឺលោកចង់បង្កើតក្លឹបប្រណាំងកង់អន្តរជាតិអាជីព ដែលអ្នកចូលរួមអាចមាននៅក្នុងតំបន់អាស៊ី ដែលមានដូចជាចិន កូរ៉េ ជប៉ុន និងបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន រួមជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប និងអាមេរិកផងដែរ។ គោលដៅនៃបង្កើតក្លឹបប្រណាំងកង់អន្តរជាតិអាជីពនេះ​ គឺទី១អាចចេញពីតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ឡើងលើភ្នំបូកគោ ហើយបន្ទាប់មកទៀតគឺចេញដំណើរពីបូកគោចុះទៅខេត្តកែប មកខេត្តកំពត និងទៅក្រុងព្រះសីហនុ។​

គម្រោងនេះត្រូវបានសម្តេចតេជោគាំទ្រ ដើម្បីបង្ហាញពីសក្តានុពលឆ្នេរសមុទ្រកម្ពុជា ហើយសម្ដេចបានផ្ដល់អនុសាសន៍ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តទាំង៤ ពិភាក្សាគ្នា ហើយធ្វើយ៉ាងណាកុំឲ្យចំរដូវមានភ្លៀង កុំអោយចំរដូវបុណ្យណូអែល ឬបុណ្យចូលឆ្នាំចិន ព្រោះភ្ញៀវមួយចំនួនអាចនឹងរវល់។ ដូច្នេះ សម្ដេចសូមឱ្យអ្នករៀបចំកម្មវិធីត្រូវបានសហការជាមួយនឹងក្រសួងទេសចរណ៍រកពេលវេលាណាសមស្របដើម្បីរៀបចំនូវព្រឹត្តិការណ៍ប្រណាំងកង់អាជីពនេះនាពេលខាងមុខ ដើម្បីជាការរួមចំណែកលើកស្ទួយនូវវិស័យទេសចរណ៍បង្ហាញអំពីសក្កានុពលតំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។​ សម្ដេចក៏បានមានប្រសាសន៍ថាអ្នកដែលត្រៀមសម្រាប់ការធ្វើស៊ីហ្គេមឆ្នាំ២០២៣ខាងមុខក៏អាចអោយកីឡាករយើងចូលរួមហ្វឹកហ្វឺននៅក្នុងកីឡាអ្នកជិះកង់អាជីពនោះផងដែរ ដើម្បីពង្រេឹងសមត្ថភាពបន្ថែម។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថាតំបន់កោះកុងនេះ គឺជាតំបន់ព្រំដែនដែលបានប្រែក្លាយពីតំបន់ដែលមានសង្រ្គាមមកជាតំបន់ដែលមានការអភិវឌ្ឍរីកចម្រើនផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ការពារតំបន់ព្រំដែននេះមិនឲ្យក្លាយទៅជាជម្រករបស់ពួកខ្មែរក្រហមឡើយ គឺសម្ដេចបានធ្វើសមាហរណកម្មតាមរយៈការអនុវត្តន៍នយោបាយឈ្នះឈ្នះ មិនត្រឹមតែព្រំដែននៅខេត្តកោះកុង គឺមានតំបន់ផ្សេងៗជាច្រេីនទៀតដែលបានក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃនេះ។ ជាមួយគ្នានោះសម្ដេចតេជោក៏ចង់ឲ្យមានសន្និបាតនៃក្លិបឆ្នេរសមុទ្រកម្ពុជានេះផងដែរ ដែលអាចរៀបចំនៅតំន់ឆ្នេរតារាសាគរ។ ហើយតាមរយៈសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រអន្តរជាតិនោះ អាចនឹងមានភ្ញៀវដែលជាសមាជិកក្លិប នឹងមានការជួបជុំគ្នានៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរផងដែរ។

ពាក់ព័ន្ធពីសក្កានុពលនៅខេត្តកោះកុង សម្តេចនៅតែបន្តអះអាងថា ខណៈសម្តេចនៅតែជានាយករដ្ឋមន្ត្រី សម្តេចនឹងការពារបរិស្ថាន ដោយមិនអោយមានការជីករ៉ែដែលនាំអោយប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជាឡេីយ។ នៅត្រង់ចំណុចនេះ Bruno Bodard ក៏បាន​កោតសរសើរសម្តេច​យ៉ាង​ខ្លាំងដែលសម្តេចមា​នគោលន​យោបាយដាច់ខាត ដោយ​លោកថានៅស្រុកបារាំងគឺមិនដូច្នោះទេ គឺបារាំងបានធ្វើការជីកយករ៉ែ ដែលធ្វើ​ឱ្យខូចដល់បរិស្ថាន ៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក Reviewed by Laiheang Vobfm on 12/15/2018 Rating: 5
Powered by Blogger.