(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានហៅកូរ៉េខាងជើងថា ជាការគំរាមកំហែងបន្ទាន់បំផុតចំពោះសហរដ្ឋអាមេរិក ខណៈកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ រវាងប្រទេសទាំងពីរកំពុងជាប់គាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
លោក Mattis ធ្វើការកត់សម្គាល់បែបនេះ ក្នុងពេលថ្លែងសុន្ទរកថាមួយនៅឯវេទិកាការពារជាតិ រាហ្គែន (Reagan) ក្នុងទីក្រុង ស៊ីមី វ៉ាល់ឡេយ៍ (Simi Valley) រដ្ឋកាលីហ្វ័រញ៉ា ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើប្រទេសកូរ៉េខាងជើង រុស្ស៊ី ចិន ឬអ៊ីរ៉ង់ មួយណាគំរាមកំហែងធ្ងន់ធ្ងរជាងគេ ដល់សហរដ្ឋអាមេរិក។ លោក Mattis បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងលក្ខខណ្ឌបន្ទាន់ និងធ្ងន់ធ្ងរ កូរ៉េខាងជើងគឺជាបញ្ហា... ហើយយើងបាននិងកំពុងដោះស្រាយបញ្ហាមួយនេះ»។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានចាត់ទុករុស្ស៊ី និងចិនគឺជាការគំរាមកំហែងដ៏ធំសម្រាប់សហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាលើកទី ២ នៅខែមករា ឬខែកម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។ ប៉ុន្តែការលើកឡើងរបស់លោក Mattis គឺផ្ទុយទាំងស្រុងទៅនឹងការកត់សម្គាល់របស់លោក ត្រាំ ដែលថាកូរ៉េខាងជើងលែងជាការគំរាមកំហែងនុយក្លេអ៊ែរ៕