ប្រធានាធិបតី​ចិនបំពេញ​ទស្សនកិច្ច​នៅព័រទុយហ្គាល់ តែបណ្តា​ប្រទេស​អឺរ៉ុបមួយ​ចំនួន បង្ហាញក្តី​ព្រួយបារម្ភខ្លាំង​ពីការពង្រីក​ ឥទ្ធិពល​ចិន​នៅក្នុង​ទ្វីបអឺរ៉ុប​... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតី​ចិនបំពេញ​ទស្សនកិច្ច​នៅព័រទុយហ្គាល់ តែបណ្តា​ប្រទេស​អឺរ៉ុបមួយ​ចំនួន បង្ហាញក្តី​ព្រួយបារម្ភខ្លាំង​ពីការពង្រីក​ ឥទ្ធិពល​ចិន​នៅក្នុង​ទ្វីបអឺរ៉ុប​...

04/12/2018
(លីសបោន)៖ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅដល់​ប្រទេសព័រទុយហ្កាល់​នៅថ្ងៃអង្គានេះ សម្រាប់​ការបំពេញដំណើរ​ទស្សនកិច្ចរយៈពេល ០២ថ្ងៃ ដើម្បីពង្រឹង​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ ខណៈបណ្ដា​ប្រទេស​មហាអំណាច​អ៉ឺរ៉ុបកំពុងព្រួយបារម្ភ​ ចំពោះឥទ្ធិពល​របស់ចិននៅ​ទ្វីបអឺរ៉ុប។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន TRT នៅរសៀលថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
លោក ស៊ី ជិនពីង ក៏ទើបតែបាន​បំពេញទស្សនកិច្ច នៅក្នុងប្រទេស​អេស្ប៉ាញ​ផងដែរ កាលពីសប្ដាហ៍មុន ហើយនៅក្នុងដំណើរ​ទស្សនកិច្ចរបស់​លោក​នៅព័រទុយហ្កាល់ លោកប្រធានាធិបតី​ចិនត្រូវបានគេ​រំពឹងថា នឹងជួបពិភាក្សាការងារជាមួយ​ប្រធានាធិបតី​ព័រទុយហ្កាល់ លោក ម៉ាសេឡូ សួសា (Marcelo Rebelo de Sousa) និងនាយករដ្ឋមន្ត្រីលោក អាន់តូនីញ៉ូ កូស្តា (Antonio Costa) ក៏ដូចជាចុះកិច្ច​ព្រមព្រៀងលើ​កិច្ចសហប្រតិបត្តិការមួយចំនួន​ ជាមួយទីក្រុង​លីសបោន។

បន្ថែមពីលើនេះ​ក្នុងចំណោមកិច្ច​សហប្រតិបត្តិការ​ខាងលើ កំពង់ផែ​ព័រទុយហ្កាល់ ស៊ីណែស (Sines) ស្ថិតនៅភាគនិរតីក៏ត្រូវគេ​រំពឹងដែរថា នឹងត្រូវបានបញ្ចូល​នៅក្នុងគំនិតផ្ដួចផ្ដើម​វិថីសូត្ររបស់ចិន ដែលជាផែនការ​សេដ្ឋកិច្ចផ្ដល់កម្ចី​ក្នុងការកសាង​ផ្លូវដែក ផ្លូវថ្នល់ និងកំពង់ផែ​នៅតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក។
ប៉ុន្តែព្រមពេល​ជាមួយគ្នា ការកើនឡើង​ឥទ្ធិពលរបស់ចិន​នៅក្នុង តំបន់អឺរ៉ុបបាន​និងកំពុង​បង្កការព្រួយបារម្ភ​ជាខ្លាំង ដល់បណ្ដា​មហាអំណាច​អឺរ៉ុប ជាពិសេស​គឺបារាំង និងអាល្លឺម៉ង់តែម្ដង ខណៈសហរដ្ឋអាមេរិក បានព្រមាន​ជារឿយៗដល់ប្រទេសទទួល​ជំនួយពីចិន ឲ្យមាន​ការប្រុងយ័ត្ន​ខ្ពស់ ខ្លាចក្រែង​ធ្លាក់ចូល អន្ទាក់បំណុល​របស់ទីក្រុង​ប៉េកាំង។ ប៉ុន្តែជុំវិញរឿងនេះ បណ្តាប្រទេសមួយចំនួន ជាពិសេសនៅអាហ្វ្រិក​ដែលត្រូវ​ការ​ជំនួយអភិវឌ្ឍន៍ប្រទេសជាចាំបាច់នោះ ក៏បានទាត់ចោលនូវក្តីបារម្ភផងដែរ ហើយពួកគេ​អះអាងថា គេត្រូវការជំនួយ​របស់ចិន ព្រោះចិនគ្មានលក្ខខណ្ឌអ្វីច្រើន​នោះ​ឡើយ។
គួរបញ្ជាក់ថា៖ ទំហំវិនិយោគ​របស់ចិនគឺស្មើនឹង ៣.៦ភាគរយ នៃផលិតផល​នៅក្នុងស្រុកសរុប(GDP) ​របស់ព័រទុយហ្កាល់​នៅចន្លោះឆ្នាំ​២០១០ និង២០១៦ ហើយមិនតែ ប៉ុណ្ណោះបច្ចុប្បន្ន ចិនថែមទាំងជាម្ចាស់ភាគហ៊ុនជាង ២៨ភាគរយ នៅក្នុងក្រុមហ៊ុន​ថាមពលព័រទុយហ្កាល់​ដ៏ធំឈ្មោះ EDP ទៀតផង៕