សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨

01/12/2018
 (នេប៉ាល់)៖ កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨​ នៅទីក្រុងកដ្ឋមន្ធូ ប្រទេសនេប៉ាល់។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមប្រធានបទ «ការដោះស្រាយបញ្ហាប្រ​ឈម​​សំខាន់ៗ នៃយុគសម័យរបស់យើង : ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និង​តម្លៃជាសកល»។ ពិធីបើកកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រួមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល សមា​ជិកសភា មេដឹកនាំសាសនា ធុរជន អ្នកដឹកនាំសង្គមស៊ីវិលនិង គណះប្រតិភូជាង​១ពាន់៥០០​នាក់​។ ក្រោយពីសុន្ទរកថារបស់ប្រធានកិច្ចប្រជុំ និងតំណាងអង្គការសហព័ន្ធសន្តិភាពសកល បណ្តាថ្នាក់ដឹកនាំអង្គការជាដៃគូ ដូចជាអង្គការសហព័ន្ធសន្តិភាពសកលរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដែលមានខ្លឹមសារសំខាន់ៗថា សម្តេចក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនេប៉ាល់ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជាក្នុងឱកាសទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨នេះ។
សម្តេចបានមានប្រសាសន៍ថា ប្រធានបទនៃ កិច្ចប្រជុំកំពូលពេលនេះពិតជាសារៈសំខាន់ខ្លាំង ណាស់សម្រាប់យើងទាំងអស់គ្នាក្នុងយុគ្គសម័យថ្មីនេះ។ សម្តេចបន្តថា បច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាប្រព័ន្ធនិងជាលទ្ធផលនៃការផ្លាស់ប្ដូររចនាសម្ព័ន្ធពិភពលោក ដូចជា សង្គ្រាមពាណិជ្ជកម្ម, ភាពក្រីក្រ, អំពើភេវរកម្ម, ការប្រែប្រួលអាកាសធាតុ, អសន្តិសុខស្បៀង, ការធ្លាក់ចុះនិងបាត់បង់សីលធម៌រស់នៅ, ការផ្លាស់ប្ដូរលំនៅដោយបង្ខំ, គ្រោះមហន្តរាយធម្មជាតិ និងការរត់ប្រណាំងសព្វាវុធជាដើម ដែលកំពុងគំរាមកំហែងដល់ការអភិវឌ្ឍន៍សន្តិសុខ និងភាពសុខដុមរបស់ពិភពលោក។
ប្រការនេះ តម្រូវឱ្យយើងប្រកាន់យកនូវ “អភិក្រមបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ” ទាំងក្នុងការសន្ទនាពិគ្រោះ យោបល់ និងចំណាត់ការជាក់ស្ដែងដើម្បីដោះស្រាយបញ្ហាទាំងអស់នេះឱ្យមានប្រសិទ្ធភាព។ ក្នុងន័យនេះ សម្តេចសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ”អង្គការសហព័ន្ធសន្តិភាពសកល” និងរាជរដ្ឋាភិបាលនេប៉ាល់ ក៏ដូចជាការគាំទ្រពី ”អង្គការសន្និសីទអន្តរជាតិនៃបណ្ដាគណបក្ស នយោបាយនៅអាស៊ី” ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះឡើង ព្រមទាំងសូមស្វាគមន៍ការចូលរួមលើកដំបូងពីសំណាក់ ”សមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព” និង ”សមាគមសាសនា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ”
តាមរយៈបទពិសោធន៍របស់កម្ពុជាបានជំរុញកំណើនប្រកបដោយបរិយាបន្ន គឺសំខាន់បំផុតទាមទារ ឱ្យមានសន្តិភាព និងសន្តិសុខ ជាមុនសិន។ ជាក់ស្ដែងសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ , សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈកាន់តែប្រសើរឡើង បាននាំមកនូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនិងបរិយាប័ន្នក៏ដូចជាការវិវត្តជាវិជ្ជមាននៃប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ កម្ពុជាបានចាកចេញពីឋានៈប្រទេសអន់ថយដែលធ្លាប់តែញាំញីដោយសង្គ្រាមស៊ីវិល ជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ និងភាពក្រីក្រក្លាយទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប និងត្រូវបានចាត់ទុកជាកូនខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ីជាមួយនឹងកំណើនប្រចាំឆ្នាំដ៏រឹងមាំក្នុងអត្រាប្រមាណ ៧.៧% ក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ។
ការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជាគឺ ជាករណីជោគជ័យមួយសម្រាប់ពិភពលោក។ ជោគជ័យនេះទោះបីសម្រេចបាន មកដោយការខិតខំប្រឹងប្រែង និងការតស៊ូយ៉ាងលំបាករបស់ប្រជាជនយើងក៏ពិតមែន តែមិនអាចកាត់ផ្ដាច់ចេញ ឬ មើលរំលងដល់តួនាទីរបស់សមាគមពិភពលោក និងនិម្មាបនកម្មអន្តរជាតិ ដែលបានផ្ដល់នូវប្រព័ន្ធបរិស្ថានមួយអំណោយផលសម្រាប់ការអភិវឌ្ឍរបស់យើង ពោលគឺ គិតពីសន្តិភាព, សន្តិសុខ, ស្ថិរភាព, សណ្ដាប់ធ្នាប់សកល និងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យនៅក្នុងក្របខ័ណ្ឌនៃសាកលភាវូបនីយកម្ម។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានចែករំលែកគំនិតមួយ ចំនួនដើម្បីដោះស្រាយបញ្ហានេះតាមរយៈគោលការណ៍ និងវិធានការចម្បងចំបងដូចខាងក្រោម៖

១) ការបង្កើតមិត្តភាពជាមួយបណ្ដាប្រទេសទាំងអស់នឹងមិនធ្វើជាសត្រូវនៃប្រទេសណាមួយឡើយដោយគិតគូរដល់ការធានាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោចីរភាព។
២) ការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាប្រចាំ ប្រកបដោយជំនឿទុកចិត្ត រវាងគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយហានិភ័យដែលបណ្តាលមកពីការយល់ច្រឡំគ្នា​ ការមើលខុស និងការទទួលព័ត៌មានខុស។
៣) ការបន្តពង្រឹងការសម្របសម្រួលគោលនយោបាយ ការបែងចែក រំលែកព័ត៌មាន និងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម និងអំពើភេវរកម្ម ទាំងឡាយ ជាពិសេសតាមរយៈការលើកកម្ពស់ការជឿទុកចិត្តរវាងស្ថាប័នរដ្ឋ និងសង្គម ដើម្បីធានាថាបញ្ហានៃការរើសអើងនឹងត្រូវបានដោះស្រាយត្រឹមត្រូវ។
៤) ការផ្ដោតសំខាន់ទៅលើការ អភិវឌ្ឍណាដែលឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន ដោយមិនប៉ះពាល់ដល់លទ្ធភាព របស់មនុស្សជំនាន់ក្រោយក្នុងការបំពេញតម្រូវការរបស់ពួកគេ។
៥) ការបញ្ចូលចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងកម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលជំនាញទាំងក្នុងប្រព័ន្ធអប់រំផ្លូវការ និងក្រៅផ្លូវការ ជាពិសេសតាមរយៈ ការបង្កើតភាពជាដៃគូ និងការសម្របសម្រួលគោលនយោបាយ។

កម្ពុជាមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍ និងអនាគតរបស់ខ្លួន។ យើងស្វាគមន៍ជានិច្ចនូវកិច្ចសហប្រតិបត្តិការដោយផ្អែកលើការយោគយល់ និងគោរពគ្នាទៅវិញទៅមកប្រកបដោយស្មារតីជឿទុកចិត្តដើម្បីកសាងពិភពលោកមួយប្រកបដោយវិបុលភាពនិងគុណតម្លៃសកលជាអតិបរមា៕



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister