សហរដ្ឋអាមេរិក៖ បក្ស​ប្រជាធិបតេយ្យកំពុងលើកស្ទួយ​ស្ត្រីមួយរូប ឲ្យ​ឡើងធ្វើជាប្រធាន​សភា​តំណាងរាស្ត្រថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក៖ បក្ស​ប្រជាធិបតេយ្យកំពុងលើកស្ទួយ​ស្ត្រីមួយរូប ឲ្យ​ឡើងធ្វើជាប្រធាន​សភា​តំណាងរាស្ត្រថ្មី

29/11/2018
(វ៉ាស៊ីនតោន)៖ ក្រោយដណ្តើម​បានការគ្រប់គ្រង​ នៅក្នុងសភាតំណាងរាស្រ្ត (រដ្ឋសភា) ពី​​គណបក្សសាធារណរដ្ឋនោះ មន្រ្តីគណបក្សប្រជាធិបតេយ្យ​​​នាថ្ងៃពុធសប្តាហ៍នេះ កំពុងរៀបចំជ្រើសរើស​​​ប្រធានថ្មីសម្រាប់សភា​ជាន់ទាបនេះ ហើយទីបំផុត​ស្ត្រី​ពោពេញ​ដោយ​ប្រជាប្រិយភាពមួយរូប ត្រូវបានមតិភាគច្រើនគាំទ្រ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី ណាន់ស៊ី ភែឡូស៊ី (Nancy Pelosi) វ័យ ៧៨ឆ្នាំ ត្រូវបាន​ជ្រើសតាំង​សម្រាប់មុខតំណែងជា​ «ប្រធាន​សភា​​តំណាងរាស្រ្ត​​អាមេរិក» ជាមួយ​សំឡេងគាំទ្រ ២០៣សំឡេង និងប្រឆាំង ៣២សំឡេង ខណៈអនុប្បវាទមាន​០៣សំឡេង។ យ៉ាងណាមិញ តំណាងរាស្រ្ត​​​ប្រចាំរដ្ឋកាលីហ្វរញ៉ារូប​នេះ ត្រូវការ​សំឡេងគាំទ្រ​​សរុបចំនួន ២១៨សំឡេង នៅក្នុងការបោះឆ្នោត​​សភាតំណាងរាស្រ្ត​​មួយ​​ទៀត​ ដែលនឹងប្រព្រឹត្ត​​ទៅ​​នាថ្ងៃទី០៣ ខែមករា ឆ្នាំក្រោយ ទើបអាចទទួល​បានតំណែងនេះជាផ្លូវការ។

នៅក្នុងសភាថ្មីនេះ មន្រ្តីបក្សប្រជាធិបតេយ្យ​មានសំឡេងភាគច្រើន​​យ៉ាងតិច ២៣៣សំឡេង ប៉ុន្តែមួយចំនួន​ក្នុង​ចំណោម​នោះ​ធ្លាប់បានបញ្ជាក់ថា ពួកគេនឹងមិនគាំទ្រ​​​​ឲ្យ​លោកស្រី Pelosi ឲ្យធ្វើជាប្រធានសភា​តំណាងរាស្រ្តឡើយ។ ទោះជា​​បែបនេះក្តី លោកស្រី Pelosi នៅតែមានភាព​ជឿជាក់ថា វានឹងពុំមែនជា​បញ្ហានោះឡើយ។
គួរបញ្ជាក់ថា៖ បក្សប្រជាធិបតេយ្យ​អាមេរិកដណ្តើមបាន​ការគ្រប់គ្រង នៅ​ក្នុង​សភា​តំណាងរាស្រ្ត​​ជាលើកដំបូង​ក្នុង​រយៈពេល ០៨ឆ្នាំ នៅក្នុងការបោះឆ្នោត​សភាពាក់​កណ្តាល​អាណត្តិនៅអាមេរិក កាលពីដើមខែវិច្ឆិកានេះ ខណៈបក្សសាធារណ​រដ្ឋ នៅតែបន្តពង្រីក​ឥទ្ធិពលនៅក្នុងព្រឹទ្ធសភា​ដដែល ហើយប្រការនេះ​បានធ្វើឲ្យអំណាចសភា​អាមេរិកបែក​ជាពីរ៕