ប្រធានាធិបតីអាមេរិក៖ ការបាញ់​ឧស្ម័នបង្ហូរទឹកភ្នែក​លើក្រុមជន​ភៀសខ្លួន​នោះ គឺជា​ទង្វើ​ប្រកប​ដោយ​​សុវត្ថិភាព ព្រោះវា​ជាឧស្ម័នប្រភេទស្រាល​ប៉ុណ្ណោះ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីអាមេរិក៖ ការបាញ់​ឧស្ម័នបង្ហូរទឹកភ្នែក​លើក្រុមជន​ភៀសខ្លួន​នោះ គឺជា​ទង្វើ​ប្រកប​ដោយ​​សុវត្ថិភាព ព្រោះវា​ជាឧស្ម័នប្រភេទស្រាល​ប៉ុណ្ណោះ...

27/11/2018
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានរិះគន់ឪពុកម្ដាយ​ជាជនអន្តោប្រវេសន៍​មួយចំនួន នៅឯតំបន់​ព្រំដែនជាប់ប្រទេស​ម៉ិចស៉ីកូ ហើយថា​ការប្រើប្រាស់ឧស្ម័នបង្ហូរ​ទឹកភ្នែក ដើម្បីទប់ស្កាត់លំហូរ​ចូលជន​អន្តោប្រវេសន៍ នោះគឺជារឿងត្រឹម​ត្រូវ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងបា្រប់អ្នក​សារព័ត៌មានក្នុងទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃចន្ទ​សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បាន​លើកឡើងយ៉ាងដូច្នេះថា «...ហេតុអ្វីបានជា​ឪពុកម្ដាយ​ទាំងនោះ ឱបកូនរត់ចូលតំបន់ដែលមាន​ឧស្ម័នបង្ហូរទឹកភ្នែក ខណៈពួកគេ​បានដឹងយ៉ាង ច្បាស់ថា​ ទីនោះមាន​ឧស្ម័នបង្ហូរទឹកភ្នែក... ពួកគេមិនមែន​ជាឪពុកម្ដាយ​ឡើយ ហើយពួកគេ​ឱបកូននៅក្នុងដៃ ដោយសារតែចង់​បានសិទ្ធិពិសេស...»
ប្រធានាធិបតី​អាមេរិករូបនេះ បានសង្កត់ធ្ងន់​ទៀតថា «តាមពិតទៅ​ឧស្ម័នបង្ហូរទឹកភ្នែក​ទាំង​នោះ គឺជាប្រភេទឧស្ម័ន​ដែលមានអានុភាព​តិចតួចបំផុត ហើយវាមាន​សុវត្ថិភាពណាស់​នៅពេលប្រើ...។ សម្រាប់អ្នក​ដែលបានរងការ​ឈឺចាប់នោះ គឺជាក្រុម​មនុស្ស​ដែលយកខ្លួន​ពួកគេ​ទៅពាំងពីមុខតែប៉ុណ្ណោះ...»
គួរជម្រាបថា៖ កាលពី​សប្ដាហ៍មុន​ជនអន្តោប្រវេសន៍​មកពីតំបន់អាមេរិក​កណ្ដាលជាង ៥,៦០០នាក់ បានធ្វើដំណើរមក​ដល់ទីក្រុង ធីជួអាណា (Tijuana) ស្របពេលអាជ្ញាធរអាមេរិក​បានដាក់ពង្រាយកងទ័ព​រាប់ពាន់នាក់ ដើម្បីទប់ស្កាត់​ពួកគេ។
ចំណែកឯ​ការលើកឡើង​ខាងលើរបស់​លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់​ពីក្រុមជនអន្តោប្រវេសន៍​មកពីតំបន់ អាមេរិកកណ្ដាល​ជាង ៥០០នាក់ បានព្យាយាមឆ្លង​ព្រំដែនពី​ទីក្រុង Tijuana នៃប្រទេស​ម៉ិចស៉ីកូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បី​ចូលទៅកាន់​សហរដ្ឋអាមេរិក។ ប៉ុន្តែទន្ទឹមគ្នា ការបះទង្គិចគ្នា​បានផ្ទុះ រហូតដល់ឆ្មាំការពារព្រំដែន​អាមេរិក ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់សា្កត់​ក្រុមបង្កអស្ថិរភាពទាំង​នោះ៕