លោក ហ៊ុន ម៉ានី៖ សមិទ្ធផលធំបំផុតដែល ស.ស.យ.ក សម្រេចបាន គឺការទទួលស្គាល់ និងការស្វាគមន៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន ម៉ានី៖ សមិទ្ធផលធំបំផុតដែល ស.ស.យ.ក សម្រេចបាន គឺការទទួលស្គាល់ និងការស្វាគមន៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន!

27/11/2018
(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានអះអាងថា សមិទ្ធផលជាច្រើនដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានក្នុងរយៈពេល៦ឆ្នាំកន្លងមក ប៉ុន្ដែក្នុងចំណោមសមិទ្ធផលទាំងអស់នោះ ត្រូវបានលោកកត់សម្គាល់ថា សមិទ្ធផលដែលធំជាងគេបំផុតនោះ គឺការទទួលស្គាល់ និងការទទួលស្វាគមន៍ ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។
លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងរយៈពេល៦ឆ្នាំមកនេះ ប្រជាពលរដ្ឋបានឃើញដោយខ្លួនឯងនូវសកម្មភាព ក្នុងសង្គមរបស់ ស.ស.យ.ក ដោយមិនចាំបាច់មានការណែនាំអ្វីនោះទេ ព្រោះសកម្មភាពទាំងអស់នោះត្រូវលះបង់ដើម្បីតែពលរដ្ឋទាំងអស់ ខណៈដែលកាលពី៦ឆ្នាំមុន ប្រជាពលរដ្ឋមិនបានស្គាល់ទាល់តែសោះ នូវពាក្យថា «សហភាពសហព័ន្ធយុវជនកម្ពុជា ឬ ស.ស.យ.ក»

ក្នុងមហាសន្និបាតនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ជារួមសមិទ្ធផលធំជាងគេចំពោះខ្ញុំ ដែលជាមោទនភាពនោះ គឺការទទួលស្គាល់ហើយការស្វាគមន៍ពីប្រជាពលរដ្ឋ»
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី គ៏បានគូសបញ្ជាក់អំពីសមិទ្ធផលមួយចំនួនផងដែរ ដែលទទួលស្គាល់ជាអន្ដរជាតិ ពោលគឺការបំបែកកំណត់ត្រាពិភពលោក រួមមាន អន្សមយក្ស, រាំម៉ាកឌីហ្សូន, ក្រម៉ាវែងជាងគេលើពិភពលោក និងទូក «ង» វែងជាងគេលើពិភពលោក។ ដោយឡែកសម្រាប់ថ្នាក់ជាតិ រួមមាន មួកយក្ស, ពងមាន់យក្ស, អង្រុកយក្ស, ចាប៉ីដងវែងធំជាងគេ និងសមិទ្ធផលជាច្រើនផ្សេងៗទៀត។

ប្រធាន ស.ស.យ.ករូបនេះ ក៏បានសង្កត់ធ្ងន់ថា ចំពោះយន្ដការដែលស.ស.យ.ក ត្រូវអនុវត្តបន្ដទៀតនៅពេលខាងមុខនោះ គឺការបន្ដសកម្មភាពសង្គម ដែលបានអនុវត្តនាពេលកន្លងមក ព្រោះថា ស.ស.យ.ក ជាវេទិកាមួយដែលបង្កើតឲ្យយុវជន យុវនារី ដែលមានឆន្ទះក្នុងការធ្វើការងារសង្គម មិនថាកីឡា វប្បធម៌​ មនុស្សធម៌ ផ្ដល់ឈាម ឬការពិនិត្យសុខភាព ទៅដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមជម្រាបថា ​ស.ស.យ.ក មានសមាជិកសកម្ម​ជាង១២ម៉ឺននាក់ ដោយ​មិនបូកបញ្ចូលសមាជិកជានីតិបុគ្គលឡើយ ក្នុងនោះមាន សមាជិកគណៈកម្មាធិការកណ្តាលសរុប​១៤២រូប ដែលទើបនឹងបោះឆ្នោតបន្ថែម​៤៣នាក់ ព្រមទាំងសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសរុប៣៥រូប៕​


ប្រភព៖ Fresh News