(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលជាទូទៅគេស្គាល់ថា ជាសាលាក្តីខ្មែរក្រហម នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តន្ទាទោសជនត្រូវជាប់ចោទ នួន ជា និង ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម ដាក់ពន្ធនាគារម្នាក់ៗ មួយជីវិត ក្នុងសំណុំរឿង០០២/០២ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ដែលត្រូវបានចេញផ្សាយជា ៣ ភាសា ។
សវនាការពិនិត្យភស្តុតាងក្នុងសំណុំរឿង០០២/០២ បានចាប់ផ្តើមដោយការធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ។ ការជំនុំជម្រះរួមទាំងការស្តាប់សេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង មានរយៈពេលសរុបចំនួន២៨៣ថ្ងៃ ។
ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន១៨៥នាក់ ក្នុងនោះមានសាក្សីបញ្ជាក់អង្គហេតុចំនួន១១៤នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦៣នាក់ និងអ្នកជំនាញចំនួន៨នាក់ ។ សវនាការនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយមានសាធារណជនចូលរួមស្តាប់និងតាមដានសវនាការនេះដោយផ្ទាល់សរុបចំនួន៨២.៧៨០នាក់ ។ ជនជាប់ចោទដែលត្រូវជំនុំជម្រះក្នុងសំណុំរឿង០០២/០២ មាន នួន ជា ដែលជាអតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផនជាអតីតប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ។
បទចោទនៅក្នុងសំណុំរឿង០០២/០២ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុដូចតទៅ៖
ការដ្ឋានការងារនិងសហករណ៍ (សហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់១ មករា និងការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង) មន្ទីរសន្តិសុខនិងទីតាំងសម្លាប់មនុស្ស (មន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល) អំពើប្រល័យពូជសាសន៍ទៅលើប្រជាជនចាមនិងវៀតណាម ការប្រព្រឹត្តចំពោះពុទ្ធសាសនិកជន និងអតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស ។
អង្គជំនុំជម្រះ ក៏បានបើកសវនាការដេញដោលពិនិត្យភ័ស្តុតាងលើការចោទប្រកាន់អំពីលក្ខណៈនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋសង្គមនិយមវៀតណាម តួនាទីរបស់ជនជាប់ចោទនៅក្នុងរដ្ឋាភិបាល រួមទាំងភ័ស្តុតាងស្តីពីរចនាសម្ព័ន្ធរដ្ឋបាលនិងប្រព័ន្ធទំនាក់ទំនងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៕
