លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសមុននេះបន្តិចថាក្រុមហ៊ុន Jet’s Group ទទួលបានសិទ្ធផ្ដាច់មុខពីក្រុមហ៊ុនរថយន្ត Rezvani របស់សហរដ្ឋអាមេរិក នាំយករថយន្តម៉ាក Rezvani នេះមកដាក់លក់លើទីផ្សារប្រទេសកម្ពុជា។
មិនត្រឹមតែបានសិទ្ធផ្ដាច់មុខលក់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែលោកឧកញ៉ាបានបញ្ជាក់ទៀតថា ក្រុមហ៊ុន Jet’s Group ក៏នឹងមានសិទ្ធនាំរថយន្តនេះទៅលក់លើទីផ្សារប្រទេសសិង្ហបុរី, ម៉ាឡេស៊ី, ថៃ, វៀតណាម និងឡាវទៀតផង។
គួរដឹងថាក្រុមហ៊ុន Rezvani មានផលិតរថយន្តទំនើបៗជាច្រើនម៉ូដែល មានរូបរាងពិសេសៗ និងតម្លៃសុទ្ធតែមិនធម្មតា។ ជាក់ស្ដែងដូចជារថយន្តម៉ូដែល Tank ដែលគេបានដាក់ឈ្មោះឲ្យថា “រថយន្តរថក្រោះ”។
រថយន្ត Rezvani Tank មានរូបរាងប្រៀបដូចជារថក្រោះ ដោយមានប្រើប្រាស់ម៉ាស៊ីនចំណុះ ៦,៤ លីត្រ កម្លាំង ៥០០ សេះ។ តួរថយន្តទាំងមូល, កញ្ចក់ទ្វាររថយន្ត និងផ្នែកកង់រថយន្ត អាចការពារការវាយប្រហារដោយគ្រាប់កាំភ្លើង ហើយផ្នែកខាងក្រោមអាចការពារពីការបំផ្ទុះគ្រាប់បាន រួមទាំងការពារធាតុវិទ្យុសកម្មផេ្សងៗ។ ម៉ូដែល Tank នេះមានដាក់លក់លើទីផ្សារសហរដ្ឋអាមេរិកក្នុងតម្លៃចាប់ពី ១៦៥ ០០០ ដុល្លារ អាស្រ័យលើ Option នៃរថយន្ត៕