ទូតអាមេរិកចប់អាណត្ដិ បង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ​រវាងអាមេរិក-កម្ពុជា​លើវិស័យកសិកម្ម នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទូតអាមេរិកចប់អាណត្ដិ បង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ​រវាងអាមេរិក-កម្ពុជា​លើវិស័យកសិកម្ម នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត

14/11/2018
(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលជួបលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី ក្នុងគោលបំណង ដើម្បីជម្រាបលា បន្ទាប់ពីលោកឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម។
Facebook ផ្លូវការរបស់លោក វេង សាខុន បានចុះផ្សាយថា នាឱកាសនេះ លោក William Heidt បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោករដ្ឋមន្រ្តី និងសហការី ដែលបានផ្តល់កិច្ចសហការ គ្រប់បែបយ៉ាងបានល្អប្រសើរ លើការងារអនុវត្តគម្រោងនានាដែលទាក់ទង នឹងវិស័យកសិកម្មនាពេលកន្លងមក និងពេញចិត្តចំពោះពេលវេលាដ៏មានតម្លៃ ដែលលោកឯកអគ្គរដ្ឋទូត បានរួមដំណើរជាមួយលោករដ្ឋមន្រ្តី អញ្ជើញចុះទៅមូលដ្ឋានមួយចំនួន ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលគម្រោងនានា ដែលបានការឧបត្ថម្ភ គាំទ្រដោយអង្គការ USAID។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត William Heidt បានជម្រាបជូនលោករដ្ឋមន្រ្តី វេង សាខុន ផងដែរថា ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានក្រុមមន្រ្តីជំនាញផ្នែកការវិភាគ លើហានីភ័យដែលបណ្តាលពីសត្វល្អិតចង្រៃ (Pest Risk Analysis Group) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ទាំងការងារបច្ចេកទេស និងនីតិវិធីច្បាប់ ក្នុងបំណងនាំចេញផលិតផលស្វាយ និងស្វាយ ចន្ទីទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នាពេលអនាគត។
លោកឯកអគ្គរដ្ឋទូត William Heidt បានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជាលើវិស័យកសិកម្ម នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកន្លងមក បានជួយគាំទ្រយ៉ាងល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។
ជាក់ស្តែងតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មក្នុងនោះមាន៖

ទី១៖ គម្រោងសាកវប្បកម្ម (២០១៧-២០២២) ដែលមានទឹកប្រាក់សរុប១៧.៥លានដុល្លារ ដោយផ្តោតជាសំខាន់ទៅលើការកសាងសមត្ថភាពស្វែងរកទីផ្សារកសិផល ការកែលម្អទីផ្សារសម្រាប់វិស័យសាកវប្បកម្ម ការកែលម្អអភិបាលកិច្ចល្អ។

ទី២៖ គម្រោងស្តីពីការកសាងភាពជាដៃគូរវាង USAID ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានទឹកប្រាក់ចំនួន១លានដុល្លារ ក្នុងបំណងកសាងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ការចូលរួមរបស់និស្សិត មន្រ្តីរាជការ និងវិស័យឯកជន។

ទី៣៖ គម្រោងស្តីពីការពង្រឹងមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលឧត្តមភាព សម្រាប់កសិកម្មសមស្រប នវានុវត្តន៍ និងអាហារូបត្ថម្ភ (Center of Excellence for Sustainable Agriculture Intensification and Nutrition, CESAIN) ដែលមានទឹកប្រាក់ចំនួន ២៥លានដុល្លារ។

គម្រោងនេះ ត្រូវបានសហការអនុវត្តដោយសាកលវិទ្យល័យភូមិន្ទកសិកម្ម ជាមួយសាកលវិទ្យល័យ Kansas State University ក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តកំពង់ចាម បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប ក្នុងគោលបំណងសម្របសម្រួល ដល់សកម្មភាពកែច្នៃកសិផល ការកសាងសមត្ថភាពសិស្ស លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យនៅតាមសាកលវិទ្យាល័យជាតិកសិកម្ម។
ទី៤៖ គម្រោងស្តីពីការចិញ្ចឹមត្រីនៅតាមស្រែ (២០១៦-២០២១) មានទឹកប្រាក់ចំនួនជាង៦លានដុល្លារ ដែលត្រូវអនុវត្តក្នុងខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។ ក្នុងបំណងកែលម្អប្រព័ន្ធ ចិញ្ចឹមត្រីនៅតាមស្រែ បង្កើនវិសាលភាពនៃផលិតកម្មត្រីប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈលទ្ធផលដែលទទួលបាន ពីការអនុវត្តគម្រោងនានា បានធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើន ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះ បានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល កែលម្អនិងថែរក្សាក្សេត្របរិស្ថាន ទទួលបានបច្ចេកវិទ្យាថ្មីយកទៅអនុវត្តដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយការពឹងអាស្រ័យទាំងស្រុង លើធនធានធម្មជាតិ -ល-។

តាមរយៈលោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយគាំទ្រយ៉ាងពេញលេញ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីកចម្រើន ប្រកបដោយនិរន្តរភាព ជាពិសេសវិស័យឯកជនរបស់សហរដ្ឋអាមេរិក នឹងមកវិនិយោគលើវិស័យកសិកម្មកាន់តែច្រើនឡើងថែមទៀត នាពេលអនាគតដើម្បីឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់៕

ប្រភព៖ Fresh News