ភ្លើងឆេះព្រៃ​ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា «ផ្តាច់ជីវិត​មនុស្សច្រើន​បំផុត​មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ» ខណៈរដ្ឋ​ផ្សេងៗ​កំពុងបញ្ជូនកម្លាំងទៅ​ជួយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្លើងឆេះព្រៃ​ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា «ផ្តាច់ជីវិត​មនុស្សច្រើន​បំផុត​មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ» ខណៈរដ្ឋ​ផ្សេងៗ​កំពុងបញ្ជូនកម្លាំងទៅ​ជួយ

13/11/2018
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ រដ្ឋភាគពាយ័ព្យ​នៃសហរដ្ឋអាមេរិកគឺ អាឡាស្កា (Alaska) បានបញ្ចូនក្រុមភ្នាក់ងារ​ពន្លត់អគ្គីភ័យ​​របស់ខ្លួន ជាបន្ទាន់ទៅកាន់រដ្ឋកាលីហ្វរញ៉ា ដើម្បីជួយពន្លត់​​ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋឈ្មោះថា Camp Fire ដែលបាន​ផ្តាច់ជីវិត​​មនុស្សយ៉ាងតិច ៤២នាក់ហើយ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ពីដំបូងឡើយ​រដ្ឋកាលីហ្វរញ៉ា បានព្យាយាមស្នើសុំជំនួយ​ពីតំបន់ដែលនៅក្បែរខាងខ្លួន ប៉ុន្តែស្ថានភាពកាន់​តែអាក្រក់​ខ្លាំង​នៃភ្លើងឆេះព្រៃដ៏មហាប្រល័យនេះ បានបង្ខំឲ្យ​អាជ្ញាធរ​កាលីហ្វរញ៉ា ស្វែងរកជំនួយពីទីភ្នាក់ងារ​ពន្លត់អគ្គិភ័យ​នៅរដ្ឋ​​ឆ្ងាយ​ៗ​​ថែមទៀត រួមមានអាឡាស្កា​ជាដើម។ មិនតែប៉ុណ្ណោះ ក្នុងចំណោម​ភ្នាក់ងារ​អគ្គិភ័យ​រាប់ពាន់នាក់ ដែលបាន​ចូល​រួម​​ប្រឹងប្រែង​​​ពន្លត់​​ភ្លើង​ឆេះព្រៃនេះ ក៏មានមួយចំនួន​បានទទួលរងរបួស​ផងដែរ។
តួលេខមនុស្សស្លាប់​ខាងលើនេះ​បានកើនឡើងពី​​ ២៩នាក់ កាលពី​ថ្ងៃចន្ទម្សិលមិញ នៅពេលដែលអាជ្ញាធរ​អាមេរិក​បញ្ជាក់​ថា មានមនុស្ស​ចំនួន ២២៨នាក់​បានបាត់ខ្លួន គិតចាប់តាំង​តែពីភ្លើងឆេះព្រៃ​ Camp Fire បានលេចរូបរាង​ឡើងកាលពីថ្ងៃ​​ព្រហស្បតិ៍​សប្តាហ៍មុន។ សម្រាប់​មនុស្សស្លាប់ទាំង ៤២នាក់នេះ គឺជាចំនួនច្រើន​បំផុត​មិនធ្លាប់​មាន​នោះឡើយ ក្នុងប្រវត្តិសាស្ត្រ​នៃគ្រោះមហន្តរាយ​ភ្លើងឆេះព្រៃ​ក្នុងរដ្ឋ​ដែលមាន​សេដ្ឋកិច្ច​លំដាប់ទី ៥ នៅលើពិភពលោក​មួយនេះ។
គួរបញ្ជាក់ថា៖ បច្ចុប្បន្ននេះ​ភ្លើងឆេះព្រៃធំៗដល់ទៅ ០៣ កំពុងតែលុកលុយរដ្ឋ​កាលីហ្វរញ៉ា ដោយ​ភ្លើង​ឆេះព្រៃ Camp Fire កំពុងបង្កការបំផ្លិចបំផ្លាញ​នៅភាគខាងជើង ខណៈ​ភ្លើងឆេះព្រៃ ០២ទៀត គឺ Woolsey Fire និង Hill Fire កំពុង​វាយ​ប្រហារ​ភាគខាងត្បូង។ ភ្លើងឆេះព្រៃ Woolsey Fire ក៏ត្រូវគេរាយការណ៍ថា បានសម្លាប់​មនុស្ស ០២នាក់ផងដែរ ខណៈ​គ្រោះមហន្តរាយ​ភ្លើងឆេះព្រៃទាំង ០៣នេះ បានដុតបំផ្លាញ​សំណង់អគារ​រាប់ពាន់ខ្នង និងផ្ទៃដីរាប់​ម៉ឺនហិកតា ព្រមទាំង​បង្ខំ​ឲ្យប្រជាជនអាមេរិក​ជម្លៀសខ្លួនរាប់សែន​នាក់៕