សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ចាប់ពីខែមករា ឆ្នាំ២០១៩ ការបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការ ធ្វើឡើង២សប្តាហ៍ម្តង, ប្រាក់បៀវត្សរ៍ឆ្នាំ២០១៩ ទាបបំផុត១.១លានរៀល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ចាប់ពីខែមករា ឆ្នាំ២០១៩ ការបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការ ធ្វើឡើង២សប្តាហ៍ម្តង, ប្រាក់បៀវត្សរ៍ឆ្នាំ២០១៩ ទាបបំផុត១.១លានរៀល

08/11/2018
(ភ្នំពេញ)៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​បានបញ្ជាក់ជាថ្មីថា ចាប់ពីខែមករា ឆ្នាំ២០១៩តទៅ ការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធនឹងត្រូវឡើង២សប្តាហ៍ម្តង។

ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីខែមករាទៅគ្រូបង្រៀន ក៏ដូចជាមន្ត្រីរាជការទូទៅត្រូវបើកប្រាក់បៀវត្សរ៍ប្រចាំ២សប្តាហ៍ម្តង។ [...] ពើមុនគេប្រើពាក្យថា ដាច់ខែដាច់ខ្យល់ ព្រោះដោយសារតែក្រោយដាច់ខែ ទើបយើងបើកបៀវត្សរ៍ ជួនកាលបើកលឿន ជួនកាលបើកយឺត ប៉ុន្តែក្នុងរយៈកាល៥ឆ្នាំកន្លងផុតទៅនេះ យើងបើកក្នុងអាទិត្យទី៣ អីចឹងពាក្យថា ដាច់ខែដាច់ខ្យល់វាអត់មានទេ ដល់ចាប់ពីខែមករាខាងមុខនេះទៅ ១៥ថ្ងៃបើកប្រាក់បៀវត្សរ៍ម្តង ដើម្បីកុំឲ្យពិបាកខ្ចីគេចុងខែ បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ធ្វើការងារនេះ ទាំងវិស័យរដ្ឋ និងវិស័យឯកជន»

ពាក់ព័ន្ធការរិះគន់អំពើការដំឡើងប្រាក់បៀវត្សរ៍ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដំឡើងប្រាក់បៀវត្សរ៍មិនមែនងាយស្រួលដូចការឡើងរបស់ក្រុមមួយចំនួនឡើយ ព្រោះត្រូវពឹងផ្អែកលើកកត្តាសេដ្ឋកិច្ច។
សូមជម្រាបថា៖ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការដំឡើងប្រាក់បៀវត្សរ៍២ដងក្នុង១ឆ្នាំ។ លើកទី១ នៅខែមករា គឺជាការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ក្នុងអត្រា១០ភាគរយ និងលើកទី២ នៅខែមេសា គឺការដំឡើងប្រាក់បំណាច់មុខងារ។

ជាក់ស្តែងនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលគ្រោងចំណាយ លើបន្ទុកបុគ្គលិកចំនួន ៧,៨៦២,៥៣៧លានរៀលសម្រាប់៖
១. ការដំឡើងបៀវត្សមូលដ្ឋានក្នុងអត្រា១០% តាមតម្លៃឯកតាសន្ទស្សន៍ ២,៣៤០រៀល ដោយអនុវត្ត ចាប់ពីខែមករា ឆ្នាំ២០១៩។
២. ការដំឡើងប្រាក់បំណាច់មុខងារនឹងត្រូវអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៩ ដោយផ្តល់បន្ថែម ៣០,០០០រៀល ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ៧៥០,០០០រៀល ចុះក្រោម។
៣. ការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្រ្តីជាប់ កិច្ចសន្យាពី ៦០០,០០០ រៀល ទៅដល់ ៦៥០,០០០រៀល ដោយអនុវត្តចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៩។

ជារួមនៅឆ្នាំ ២០១៩ បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងមានស្ថានភាពផ្លាស់ប្តូរដូចជា៖

  • បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវបានដំឡើងពីចំនួន ១,០១៤,៤៥០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ១,០៧០,១០០រៀលនៅខែមករា ឆ្នាំ២០១៩, ហើយនឹងត្រូវបានដំឡើងដល់ប្រមាណ១,១០០,១០០រៀល ចាប់ពីខែមេសា ឆ្នាំ ២០១៩។
  • បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យនឹងត្រូវបានដំឡើងពីចំនួន ១,១១៤,៤៥០រៀលនៅឆ្នាំ២០១៨ ដល់ប្រមាណ ១,១៧០,១០០រៀល នៅខែមករាឆ្នាំ២០១៩ ហើយនឹងត្រូវបានដំឡើងដល់ ប្រមាណ១,២០០,១០០ រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩។
  • បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួន១,០៩៨,៩២៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០១៨ ដល់ប្រមាណ ១,១៥៤,៥៧៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវបានដំឡើងដល់ប្រមាណ ១,១៨៤,៥៧៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) ចាប់ពីខែមេសា ឆ្នាំ២០១៩។
  • បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ៩៧៦,៥៥០,រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០១៨ ដល់ប្រមាណ ១,០២៥,៩០០រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវបានដំឡើងដល់ ១,០៥៥,៩០០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩ បើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ១,១១៤,៣៧៧រៀល៕



ប្រភព៖ Fresh News