បើខ្លាចកុំអានព្រឺសំបុរ រឿងរាវនៅវីឡាក្រោយវិមានឯករាជ្យ ខេត្តកែប !!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើខ្លាចកុំអានព្រឺសំបុរ រឿងរាវនៅវីឡាក្រោយវិមានឯករាជ្យ ខេត្តកែប !!!

08/11/2018
 ខេត្តកែប ហេតុការមួយក្នុងជីវិតខ្ញុំជាថ្ងៃទីពីរដែលខ្ញុំ​ នឹងប៉ាបានស្នាក់នៅខេត្តកែប។ ក៏ជាលើកដំបូងដែល កូនប្រុសពៅម្នាក់នេះបានជូនប៉ាទៅប្រជុំនៅតាមខេត្ត ព្រោះបានលាឈប់ពីការងារយូរដែរមកហើយ​។កំឡុងពេលចាំទទួលប៉ាពីប្រជុំ ខ្ញុំក៏បានជិះលេងជុំវិញខេត្តកែប តាមរបៀបអ្នកដើរលេងមកពីភ្នំពេញ ។ អាកាសធាតុពិតជាល្អមែនទែន មានខ្យល់រំហើយតាមមាត់សមុទ្រ ធ្វើអោយរសាយចិត្តបានមួយចំនួនធំដែរ ។ ជាចម្ងល់ថា ហេតុអីខេត្តមួយដែល ស្រស់ស្អាត បរិសុទ្ធ មានភ្នំ សមុទ្រ បែរជាស្ងាត់ មិនសមជាតំបន់ទេសចរណ៍ទៅវិញ?
ជាមួយចម្ងល់ និង កន្លែងតែឈ្លក់វង្វេងខ្យល់សមុទ្យ ខ្ញុំក៏មិនដឹងថាខ្លួនបើកឡាន ដល់ចំនុចណាមួួយនៃខេត្ត គ្រាន់តែចាំបានថាជិះកាត់ វិមានឯករាជ្យ បត់ទៅ បត់មក ក៏ប្រទះឃើញដើមឈើធំៗ ជាប់ជើងភ្នំតែម្តង ។ ប្លែកម្យ៉ាងដែរ ផ្លូវក៏ស្អាត ទេសភាពក៏ប្រពៃ គិតថាបើបានថតរឿងមួយនៅទីនេះមិនដឹងជាល្អយ៉ាងណាទេ ។​​ចៃដន្យអី ភ្នែកក៏ប្រទាក់នឹងតំបូលវីឡាបែបសម័យអាណានិគម បារាំងមួួយដោយហេតុថាវានៅជ្រៅពេកឃើញតែតំបូលក៏ជិះហួសដោយមិនបានសង្កេតពីរចនាបទវាដោយលំអិត។
ទីនេះគ្មានមនុស្សមែន! សូម្បីតែរកម៉ូតូ ជិះកាត់មុខឡានមិនមានផង (​​តាមពិតចិត្តចង់ រកមើលកំលោះកែបថាសម្រស់យ៉ាងណា) ។ ជិះចុះ ជិះឡើងដូចជាចង់វង្វេងមិចទេ, មើលហ្គូលហ្គលក៏មិនបាន រកតែសេវាដកដង្ហើមក៏ផិតផើយ ។ ម៉ោង ១២ ថ្ងៃត្រង់គត់, ចាំបានថា ប៉ានឹងពិសារបាយជាមួយលោកអ៊ុំចៅហ្វាយខេត្ត ក៏មិនសូវខ្វល់ ជិះតទៀតក៏គ្មាបញ្ហា។

ដាក់ទូរស័ព្ទចុះ, បន្ទាប់ពីមើលម៉ោងរួច ងាកឆ្វេងស្តាំក៏ឃើញមានវីឡាចាស់ៗ ដែលគួរអោយចាប់អារម្មណ៍មែនទែន អ្វីដែលគិតដល់មុនគេគឺថា បើថតរឿងខ្មោចមិនដឹងជាឡូយមិចទេ គិតដល់ ម៉ានិត ម្ចាស់រឿង កូនទី ៦ ភ្លាម ។ មុនដំបូងដូចសប្បាយអរ តែយូរទៅដូចមានអារម្មណ៍ប្លែក មានអារម្មណ៍ថាកំពុងនៅក្នុងបុរីមួយ ដែលមានវីឡាម៉ូតប្រហាក់ប្រហែលគ្នា ហើយមានដើមឈើចាក់ចុះឡើង សល់ពីសម័យសង្គ្រាម អារម្មណ៍ពីរក៏បានកើតឡើងក្នុងពេលតែមួយ ។ គិតមើលទៅកណ្តាលព្រៃ ម្នាក់ឯង?

ថ្ងៃចាំងចង់ខ្វាក់ភ្នែក សុខៗ មេឃបែរជាស្រទំប្លែក សម្លេងសត្វចេញពីលើភ្នំកាន់តែលឺ ហើយក្នុងឡានគ្មានចម្រៀងទៀត ភ្នែកខំសម្លឹងរកផ្លូវ នឹង មនុស្ស តែវីឡាទាំងនោះហាក់ដូចជាជាប់នៅក្នុងភ្នែករបស់ខ្ញុំហ្មង មានអារម្មណ៍ថាគេមើ់លពីគ្រប់ជ្រុង ។

សម្រួលអារម្មណ៍បន្តិចគិតថា វាគ្មានស្អីទេ ខ្ញុំមិនដែលធ្វើបាបអ្នកណាផង ណាមួយពាក់ខ្សែចង្កេះ សីមាពេញខ្លួនហើយនឹង ។​ គ្រាន់តែឃើញផ្លូវបត់ទៅសមុទ្រពីចំងាយ ក្នុងខ្លួនដូចបានកើតម្តងទៀតចឹង ។ ជិតផុតម្តុំផ្លូវវីឡាចាស់ទាំងនោះហើយ ក៏មកចាប់អារម្មណ៍វីឡាចុងក្រោយគេបង្អោះ ព្រោះមានគំនូរលើជញ្ជាំងផង ហើយនៅក្បែរនោះក៏មានផ្ទះអ្នកស្រុកដូចគ្នា ។

ឈប់ឡានគិតថាចុះថតរូបអួតគេ តែអារម្មណ៍ព្រឺសម្បុរក៏មកម្តងទៀត ។ ចុះ មិនចុះទេអញ ? ​​​ឃើញមេឃបើកថ្ងៃវិញក៏ដាច់ចិត្តចុះដើរទៅប្រឹងធ្វើធម្មតា ទៅដល់មុខវីឡាហ្នឹងក៏ឈរធ្មឹង មើលឆ្វេងស្តាំ ហើយថតរូបបានមួយចំនួន ។ ដោយគិតថាបើមិនបានចូលមើលនឹងស្តាយ ក៏ដើរចូលទាំងព្រលឹងសល់តែ ២ ។
ជណ្តើរនៅខាងស្តាំដៃនៅល្អគ្រាន់បើអាច ដើរឡើងបាន ជំហ៊ានដំបូងដូចអត់មានអារម្មណ៍អីទេ ( ព្រោះធម្មតាមនុស្សមានញាណមួួយដែលពិបាកនិយាយ អារម្មណ៍ដឹងថាមានអីចម្លែក ) ។ ដើរចុះឡើង មើលគំនូរលើជញ្ជាំង មានទាំងខាងក្នុង និង ខាងក្រៅ គិតដល់រឿងកុន ឬ តាំងពិណ៍ព័រទៀតហើយ ហេហេ ។

ចូលទៅដល់មានតែបន្ទប់ខាងក្រោយដែលគ្មានបង្អួចហើយពិដាននៅល្អ ស្រាប់តែឃើញអង្រឹងកូនក្មេងចាស់មួយដែលបាក់ជើងម្ខាង វាពុកណាស់ទៅហើយ តែអ្វីដែលកាន់តែចម្លែកគឺមានកូនខ្នើយ និង ក្រណាត់សមួយដុំក្បែរនោះ ។ ពេលថ្ងៃត្រង់ដែល ថ្ងៃសឹងតែចំកណ្តាលក្បាល ខ្ញុំបែរជាមានអារម្មណ៍ថាត្រជាក់ ខ្នង និង​ ចុងជើងមែនទែន ហើយមេឃក៏ចាប់ផ្តើមស្រទុំម្តងទៀត ។ លើកនេះច្បាស់ណាស់ ថាមានអីមិនស្រួល ។ គ្រាន់តែចង់ឈានចេញទៅវិញ អាសត្វរ៉ៃវា យំឡើងហឹងជាប់ត្រជៀកខ្ញុំតែម្តង ហើយវាមកយំអីពេលនឹង បេះដូងខ្ញុំសឹងផ្ទុះចេញក្រៅ ក៏រត់មករកជណ្តើេចេញទាំងរឹងខ្លួនកញ្រ្ជឹស ។ ដើរចេញពីបន្ទប់ ចឹងជណ្តើរគួរនៅខាងឆ្វេងត្រូវអត់ ? តែវាបែរទៅជញ្ជាំងទៅវិញ ដៃខ្ញុំក៏ស្រវាកាន់ខ្សែរចង្កេះ ព្រោះវាជាអីដែលនឹកឃើញមុនគេ ។

ស្គាល់ហើយអារម្មណ៍ដែលដូចមើលរឿង Conjuring ។ ច្បាស់ណាស់ថាមានអ្វីនៅពីក្រោយខ្នងខ្ញុំ ស្រមោលនោះគឺនៅក្រោយខ្នងខ្ញុំ មានខ្យល់ប៉ះកតែ ប្រាកដណាស់ថាមិនមែនខ្យល់ដង្ហើម ខ្ញុំក៏សម្រេចចិត្តបិទភ្នែក បែរទៅរកជណ្តើរនៅទិសផ្ទុយគ្នា ។ ខ្ញុំចាប់ផ្តើម ព្រឺសម្បុរដូចកូនសត្វ ព្រោះជាមួយសម្លេងរ៉ៃនោះ គឺសម្លេងច្រៀងបែបបំពេរ ខ្សាវៗ ក្រលួច ដល់ខ្ញុំញ័រទាំងខ្លួនអស់រលីង។ សម្លេងនេះច្បាស់ណាស់ថាជាសម្លេងម្តាយដែលបំពេរកូន ។ ស្តាប់ទៅមានលាយលំភាពសោកសង្រេក ភាពព្រឺព្រួចងំពេញត្រជៀក ខ្ញុំបើកភ្នែកវិញព្រោះដឹងថាមានប្រភពពន្លឺនៅខាងមុខ​ ។ខ្ញុំនិយាយអ្វីលែងចេញព្រោះពេលនេះគឺខ្ញុំ កំពុងឈរលើជណ្តើរ ខាងស្តាំដែលខ្ញុំបានឡើងនោះ ។

សម្លេងអ៊ុំប្រុសម្នាក់ស្រែកសួរខ្ញុំ ទៅធ្វើអីលើហ្នឹង? វាហាក់ដូចដាស់អារម្មណ៍ខ្ញុំមួយទំហឹងតែម្តង ខ្ញុំប្រញាប់ប្រញាលចុះ ហើយឆ្លើយទាំងញ័រមាត់ថាមកមើលគំនូរលើជញ្ជាំងលោកអ៊ុំ ។ គាត់ក៏ស្រាយ ចញ្ចើមដែលចងដូចខ្សែរទូករួចតបនឹងខ្ញុំថា អ៊ុំ ស្មានតែពួកក្មេងមកជក់! ។ ខ្ញុំក៏លាទាំងញ័រដៃ រត់សំដៅទៅឡាននៅក្បែរនោះ ។ នេះលើកដំបូងក្នុងជីវិតរបស់ខ្ញុំ ។ អ្នកទាំងអស់គ្នាអាចទៅបាន វីឡាចាស់ៗទាំងនោះ នៅម្តុំក្រោយវិមានឯករាជ្យខេត្តកែប ។

បើមិនជឿសូមកុំប្រមាថ​!បើសិនជាអោយខ្ញុំគិត បន្ទាប់ពីជួបហេតុការនេះហើយ៖ ” កូនក្មេងគេងក្នុងអង្រឹង ទាំងស្ងៀមស្ងាត់ ។ ក្រលេកទៅម្តាយរបស់គេនៅជ្រុងម្ងាងនៃបន្ទប់ ជើងសំយ៉ុងចុះក្រោមផុតពីដី ឈាមខ្មៅកកដុំៗ លើកំរាល ព្រំពណ៌ក្រហម។ កុមារតូចក្នុងអង្រឹងហាក់គ្មានវិញ្ញាន ព្រោះក្រណាត់ស ចងរុំមុខជិត ហាក់បីដូចជាគេលង់លក់ដោយមិនដឹងថាមានរឿអ្វីកើតឡើង នៅប៉ុន្មានថ្ងៃមុន។