អាមេរិក៖ ៦ខែក្រោយពីបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានប្រកាសនៅល្ងាចថ្ងៃសុក្រម្សិលមិញ ចាប់ដាក់ទណ្ឌកម្មលើក្រុងតេអេរ៉ង់ឡើងវិញ ចាប់ថ្ងៃទី ៥ វិច្ឆិកា តទៅ ដោយវាយឱ្យចំលើវិស័យប្រេង និងធនាគារ ដែលជាអាយុជីវិតរបស់ប្រទេសតែម្តង។ ជាទណ្ឌកម្ម ដ៏ចាស់ដៃបំផុតពុំមានធ្លាប់អនុវត្តពីមុនមកទេ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម សហភាពអឺរ៉ុប បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្តរបស់អាមេរិក។
ទណ្ឌកម្មដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃចន្ទទី ៥ វិច្ឆិកានេះតទៅ ជាទណ្ឌកម្មទាំងអស់ដែលអាមេរិកធ្លាប់បានដាក់លើអ៊ីរ៉ង់ កាលពីមុនកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ ជាទណ្ឌកម្មលើវិស័យ ថាមពល វិស័យសំណង់នាវា ព្រមទាំងវិស័យធនាគារ ពោលគឺជាការបិទទ្វារ មិនឱ្យគ្រប់ប្រទេសឬក្រុមហ៊ុនរកស៊ីទិញប្រេងពីអ៊ីរ៉ង់ ឬមានទំនាក់ទំនងជាមួយធនាគារជាតិអ៊ីរ៉ង់ ចូលទីផ្សារអាមេរិកបានទេ។
បុគ្គល ឬក្រុមហ៊ុនអ៊ីរ៉ង់ចំនួន៧០០ នឹងត្រូវចាត់បញ្ចូលទៅក្នុងបញ្ជីខ្មៅអាមេរិក ចាប់ពីថ្ងៃចន្ទនេះទៅដែរ ! នេះបើតាមការបង្ហើបឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងនោះ៤០០អត្តសញ្ញាណធ្លាប់ត្រូវបានដកចេញពីបញ្ជីជាប់ទណ្ឌកម្មកាលពីឆ្នាំ២០១៥ ឥលូវត្រូវត្រលប់ចូលបញ្ជីវិញ និងបីរយនាក់ជាមនុស្សឬក្រុមហ៊ុនថ្មីទើបត្រូវបន្ថែម។ ស្ថាប័នហិរញ្ញវត្ថុអ៊ីរ៉ង់ ក៏នឹងត្រូវអាមេរិកដាក់ទណ្ឌកម្មផ្តាច់ពីចរន្តធានាគារអន្តរជាតិ Swiftដែរ លើកលែងតែហិរញ្ញវត្ថុមនុស្សធម៌ ដោយសន្យាបង្ហាញបញ្ជីឈ្មោះស្ថាប័នធនាគារជាប់ទណ្ឌកម្មនៅថ្ងៃចន្ទខាងស្អែកនេះ។ ដោយហេតុថាទណ្ឌកម្មអាមេរិកប្រឆាំងអ៊ីរ៉ង់ សំដៅតែលើរបបដឹកនាំនយោបាយ មិនមែនចង់ធ្វើបាបប្រជាពលរដ្ឋ ជំនួយមនុស្សធម៌ អាហារ និងថ្នាំពេទ្យ មិនជាប់ក្នុងទណ្ឌកម្មនេះទេ !
ក្នុងវិស័យប្រេង អាមេរិកមានកម្មវត្ថុដាក់ទណ្ឌកម្ម ធ្វើយ៉ាងណាឱ្យការនាំចេញប្រេងអ៊ីរ៉ង់ធ្លាក់មកនៅស្មើសូន្យ។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃ ប៉ុមប៉េអូ បានប្រកាសទៀតថា ដើម្បីឱ្យគំនាបទណ្ឌកម្មកាន់តែមានប្រសិទ្ធភាពខ្លាំង អាមេរិកនឹងសហការយ៉ាស្អិតល្មួតជាមួយបណ្តាប្រទេសជាច្រើនផ្សេងទៀត ដើម្បីកាត់បន្ថយជាអតិបរិមា ការនាំចេញប្រេងអ៊ីរ៉ង់។
៨ប្រទេសអាចបន្តទិញប្រេងអ៊ីរ៉ង់ក៏ប៉ុន្តែមានប្រទេសចំនួន៨ ដែលនឹងទទួលបានសិទ្ធិលើកលែង និងត្រូវបានអនុញ្ញតឱ្យបន្តទិញប្រេងពីអ៊ីរ៉ង់ (យោងតាមច្បាប់អាមេរិក ករណីលើកលែងមានរយៈពេល១៨០ថ្ងៃយ៉ាងច្រើនបំផុត)។ ព្រោះប្រទេសទាំងនោះបាននិងកំពុងប្រឹងកាត់បន្ថយការនាំចូលប្រេងអ៊ីរ៉ង់ និងមានកម្មវត្ថុឈប់ទិញប្រេងសោះពីអ៊ីរ៉ង់នៅថ្ងៃមុខ។ បើតាមការសន្និដ្ឋានរបស់អាមេរិក នៅឆ្នាំក្រោយផលិតផលប្រេងនឹងកើនលើសសេចក្តីត្រូវការពិភពលោក ដូច្នេះប្រទេសពាក់ព័ន្ធទាំងនោះនឹងត្រូវឈប់ទិញប្រេងអ៊ីរ៉ង់សោះតែម្តង។
បញ្ជីឈ្មោះប្រទេសជាករណីពិសេសអាចបន្តទិញប្រេងពីអ៊ីរ៉ង់បានទៀត នឹងត្រូវប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃចន្ទ។ នេះបើតាមប្រសាសន៍របស់លោកប៉ុមប៉េអូ ដែលបានគូសបញ្ជាក់រួចជាស្រេចទៅហើយថា សហភាពអឺរ៉ុបទាំងមូលទំនងជាមិនស្ថិតនៅក្នុងករណីលើកលែងទេ ! ឥណ្ឌា អ៊ីរ៉ាក់ និងកូរ៉េខាងត្បូង ហើយប្រហែលជាចិនមួយដែរ អាចមានឈ្មោះនៅក្នុងបញ្ជីលើកលែង៨ប្រទេស។ អ៊ីរ៉ាក់បានបញ្ជាក់តាំងពីល្ងាចមិញថាខ្លួនបានទទួលសិទ្ធិពិសេសបន្តនាំចូលឧស្ម័ននិងប្រភពថាមពលផ្សេងៗពីអ៊ីរ៉ង់ ព្រមទាំងផលិតផលស្បៀងអាហារពីអ៊ីរ៉ង់បាន ឱ្យតែបង់លុយជាដុល្លារ។
តួកគី ក៏មានទំនុកចិត្តថានឹងស្ថិតនៅក្នុងក្រុម៨ប្រទេសនេះដែរ។ សូមបញ្ជាក់ថា ក្នុងសម័យលោកអូបាម៉ា មានប្រទេសដល់២០ ឯណោះ ដែលបានរួចខ្លួន ស្ថិតក្នុងករណីលើកលែង ក្នុងទណ្ឌកម្មអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់អឺរ៉ុប បារាំង អាល្លឺម៉ង់ អង់គ្លេស បានត្រឹមសោកស្តាយប្រជាពលរដ្ឋអ៊ីរ៉ង់ចាប់ភ័យព្រួយអំពីឥទ្ធិពលនៃទណ្ឌកម្មអាមេរិកមែនហើយ តែខាងរដ្ឋាភិបាលអ៊ីរ៉ង់ផ្ទាល់បានប្រកាសថាមិនព្រួយបារម្ភនឹងការដាក់ទណ្ឌកម្មលើវិស័យប្រេងនិងធនាគារនេះទេ។ជាមួយនឹងសេចក្តីថ្លែងការណ៍រួមបង្ហាញពីអំពីការសោកស្តាយចំពោះសេចក្តីសម្រេចចិត្តអាមេរិក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ និងអង់គ្លេសបានអះអាងជាថ្មី ការពារតួអង្គសេដ្ឋកិច្ចអឺរ៉ុបក្នុងការផ្តោះប្តូរពាណិជ្ជកម្មស្របច្បាប់ជាមួយអ៊ីរ៉ង់ និងបន្តការពារកិច្ចព្រមព្រៀងអន្តរជាតិចុះហត្ថលេខាកាលពីឆ្នាំ២០១៥។
អាមេរិកប្រើវិធានការដាក់ទណ្ឌកម្មគ្រប់បែបយ៉ាងប្រឆាំងនឹងអ៊ីរ៉ង់ក្នុងយុទ្ធសាស្ត្រតែមួយ គឺប្រើធម៌ក្តៅរួចចាប់មកចរចា ដូចអ្វីដែលវ៉ាស៊ីនតោនជឿថាធ្វើបានសម្រេចជាមួយកូរ៉េខាងជើង។ ជាមួយអ៊ីរ៉ង់ លោកត្រាំក៏ធ្លាប់ប្រកាសត្រៀមជួបចរចាជាមួយមេដឹកនាំសាធារណរដ្ឋអ៊ីស្លាមនេះដែរ ដើម្បីបានកិច្ចព្រមព្រៀងថ្មីពេញលេញ ដោយដាក់លក្ខខណ្ឌ១២ចំណុច មានជាអាទិ៍ បិទបញ្ចប់ការរិគសាយភាយមីស៊ីល និងសកម្មភាពបង្កអស្ថិរភាពនៅក្នុងតំបន់ ប្តូរឥរិយាបថ ... តែអាមេរិកភ្លេចគិតថា ទោះបីជាអាមេរិកដាក់ទណ្ឌកម្មយ៉ាងណា ក៏ជាង៤០ឆ្នាំកន្លងមកនេះ អ៊ីរ៉ង់នៅតែបន្តគាំទ្រសម្ព័ន្ធមិត្តក្នុតំបន់ ស៊ីរី យេម៉ែន លីបង់ ... បានតែរហូតមក។ ហើយក្នុងសម័យនោះ (២០១២) អាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងពិភពលោកទាំងមូលបានមូលមិតតែមួយដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ផង។
លើកនេះអាមេរិកដាក់ទណ្ឌកម្មតែម្នាក់ឯង ដោយគ្មានអឺរ៉ុប និងដោយរំពឹងលើអារ៉ាបអារ៉ាប៊ីសាអូឌីត ក្នុងការបង្កើតសម្ព័ន្ធយុទ្ធសាស្ត្រជាមួយអេហ្ស៊ីប និងហ្ស័កដានី ទៅទល់នឹងអ៊ីរ៉ង់។ គ្រាន់តែថាពេលនេះទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ក៏ត្រូវរអាក់រអួលដោយសារឃាតកម្មសម្លាប់អ្នកកាសែត ខាស្ហូហ្ស៊ី។ ហេតុដូច្នេះហើយបានជាបើតាមអ្នកវិភាគខ្លះ យល់ថា គម្រោងយុទ្ធសាស្ត្រនោះ បានស្លាប់ជាមួយអ្នកកាសែតបាត់ទៅហើយ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)