កូរ៉េខាងជើង៖ តើកូរ៉េខាងជើងកំពុងចង់លេងល្បែងអ្វី ? កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយនៅចុងសប្តាហ៍នេះ ក្នុងអត្ថន័យបែបគំរាមថា ព្យុងយ៉ាងកំពុងពិចារណាដោយហ្មត់ចត់ ចង់វិលទៅប្រកាន់យកនយោបាយអភិវឌ្ឍន៍នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួនវិញហើយ ប្រសិនបើទណ្ឌកម្មសេដ្ឋកិច្ចដាក់ប្រឆាំងនឹងកូរ៉េខាងជើងមិនត្រូវបានលើកចេញខ្លះទេនោះ។
ក្នុងអំឡុងពេលជាច្រើនឆ្នាំ ព្យុងយ៉ាងបានប្រកាន់យកនយោបាយ “Byungjin” គឺនយោបាយអភិវឌ្ឍ“ព្រមគ្នា” វិស័យនុយក្លេអ៊ែរ និងសេដ្ឋកិច្ច។ នៅខែមេសា២០១៨ លោក គីម ជុងអ៊ុន ប្រមុខដឹកនាំវ័យក្មេងកូរ៉េខាងជើង បានប្រកាសបិទបញ្ចប់សកម្មភាពស្វែងរកអាវុធនុយក្លេអ៊ែរ និងផ្តុំការអភិវឌ្ឍប្រទេសដោយឈរលើនយោបាយស្ថាបនាសេដ្ឋកិច្ចបែបសង្គមនិយម។ ឧបទ្វីបកូរ៉េនឹងបានស្គាល់ភាពស្រាកស្រាន្តនិងសន្តិភាព។
ប៉ុន្តែនៅថ្ងៃនេះ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ចុះថ្ងៃសុក្រទី ២វិច្ឆិកា ប្រសិនបើអាមេរិកមិនព្រមប្តូរជំហរទាក់ទងនឹងការដកទណ្ឌកម្មចេញពីកូរ៉េខាងជើងទេ ព្យុងយ៉ាងទំនងជានឹងអាចប្តូរផ្លាស់នយោបាយ ដោយវិលមករកគន្លង Byungjin វិញហើយ។ ពេលនេះកូរ៉េខាងជើងកំពុងរង់ចាំចម្លើយពីសហរដ្ឋអាមេរិក ! នេះបើតាមការគូសបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍។
កូរ៉េខាងជើង ដែលជាប់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក បន្ថែមពីទណ្ឌកម្មជាច្រើនរបស់អង្គការសហប្រជាជាតិពីបទបានសាកល្បងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទិក ហាក់អស់អំណត់នឹងអាមេរិកកាន់តែខ្លាំងឡើងៗ។ ព្យុងយ៉ាងបានបរិហារ អាមេរិកថាតាំងខ្លួនជាបងធំ បង្ខំឱ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរជាឯកតោភាគី តែគ្មានផ្តល់សម្បទានវិញតបមកវិញបន្តិចសោះ។ កាលពីខែមុន សារព័ត៌មានផ្លូវការព្យុងយ៉ាង បានចោទប្រកាន់វ៉ាស៊ីនតោនថាលេងល្បែងមុខពីរ និងបានរិះគន់ដោយប្រយោលលោកដូណាល់ ត្រាំ ដែលអះអាងថាសេអ៊ូលមិនអាចលើកទណ្ឌកម្មចេញពីកូរ៉េខាងជើងដោយគ្មានការអនុញ្ញតពីអាមេរិកទេ។
អាមេរិកនិងកូរ៉េខាងត្បូង មានជំហរខ្វែងគ្នាស្តីពីការដកទណ្ឌកម្មកូរ៉េខាងជើង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចែអ៊ីន ចង់លើកទឹកចិត្តព្យុងយ៉ាងក្នុងការរំសាយនុយក្លេអ៊ែរជាថ្នូរនឹងការវិនិយោគនិងគម្រោងសេដ្ឋកិច្ចនៅតាមព្រំដែន។ តែសហរដ្ឋអាមេរិក យល់ថាទណ្ឌកម្មនិងទំនាក់ទំនងល្អប្រសើរជារឿងពីរដាច់ដោយឡែកពីគ្នា ! និង បានបដិសេធដាច់ខាតមិនបន្ធូរបន្ថយទណ្ឌកម្មឡើយ ដរាបណាកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរចប់ទាំងស្រុង និងអាចផ្ទៀងផ្ទាត់បានទេនោះ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)