កូរ៉េខាងជើង៖ បើអាមេរិកនៅតែមិនដកទណ្ឌកម្ម យើងនឹងផលិតអាវុធនុយក្លេអ៊ែរឡើងវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងជើង៖ បើអាមេរិកនៅតែមិនដកទណ្ឌកម្ម យើងនឹងផលិតអាវុធនុយក្លេអ៊ែរឡើងវិញ

04/11/2018
(សេអ៊ូល)៖ កូរ៉េខាងជើង​បានព្រមានសហរដ្ឋអាមេរិកជាថ្មីថា ទីក្រុងព្យុងយ៉ាងនឹងត្រឡប់ទៅរកគោលនយោបាយផលិតអាវុធ នុយក្លេអ៊ែរវិញ បើសិនជាទីក្រុងវ៉ាស៊ីនតោនមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
កូរ៉េខាងជើងបានអនុវត្តគោលនយោបាយនុយក្លេអ៊ែរ ឬគេស្គាល់ថា «byungjin» អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តែក្រោយ មានកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨នេះ មេដឹកនាំលោក គីម ជុងអ៊ុ​ បានសន្យាថា នឹងរំសាយអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិវិញ និងដើម្បីរួចផុតពីការដាក់ទណ្ឌកម្មរបស់ អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ បើទោះជាទីក្រុងព្យុងយ៉ាង បានបញ្ឈប់ការធ្វើតេស្ដេមីស៊ីល និងអាវុធនុយក្លេអ៊ែរក៏ដោយ ក៏សហរដ្ឋអាមេរិកទាន់បានដកទណ្ឌកម្មណាមួយពីទីក្រុងព្យុងយ៉ាងនោះទេ ហើយមិនតែប៉ុណ្ណោះរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ថែមទាំងបញ្ជាក់ឡើងវិញកាលពីថ្ងៃសុក្រផងដែថា សហរដ្ឋអាមេរិកនឹងមិនដកទណ្ឌកម្មពីកូរ៉េខាងជើង ជាដាច់ខាតរហូតទាល់តែទីក្រុងព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែរតាមការសន្យារបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ជាមួយលោក ដូណាល់ ត្រាំ ជាមុនសិន។
ដោយឡែក ជុំវិញការលើកឡើងនេះដែរ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយវិញភ្លាមៗថា បើ សហរដ្ឋអាមេរិកមិនព្រមដកទណ្ឌកម្ម កូរ៉េខាងជើងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីការត្រឡប់ទៅរកគោលនយោបាយនុយក្លេអ៊ែរ របស់ខ្លួនវិញតែប៉ុណ្ណោះ។ សេចក្ដីថ្លែងការណ៍នេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ពាក្យ byungjin អាចលេចចេញជារូបរាងជាថ្មីម្ដង ទៀត ហើយការអនុវត្តតាមគោលនយោបាយនេះក៏អាចនឹងត្រូវពិចារណាឡើងវិញផងដែរ»
គួរបញ្ជាក់ថា៖ កាលពីខែតុលាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានប្រើប្រាស់ពាក្យពេចន៍ជាង១,៧០០ពាក្យ ដើម្បីរិះគន់ និងចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងដាក់សម្ពាធលើទីក្រុងសេអ៊ូល កុំឱ្យដកទណ្ឌកម្មសេដ្ឋកិច្ចពីទីក្រុងព្យុងយ៉ាង៕