ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ តាមពាក្យបណ្ដឹងរបស់ស្ត្រីជាប្រពន្ធចុងរបស់បុរសជាជនសង្ស័យខាងលើ ដោយបានប្ដឹងថា« បានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន អាយុ១០ឆ្នាំ បានសម្រេចជាច្រើនលើក ដែលបានប្រព្រឹត្តឡើងនៅ ស្រុករលាប្អៀរ ។
លោកវរៈសេនីយ៍ត្រី លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ របស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឯល វុត្ថា ហៅឡោក គឹមលៀង អាយុ៥៨ឆ្នាំ ជាអតីតយោធាចូលនិវត្តន៍ និងមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ លោកបានបន្តថា ជនសង្ស័យខាងលើមានប្រពន្ធ និងកូន៨នាក់រួចទៅហើយ ។ ក្រោយមកកាលពីជាង១០ឆ្នាំមុនក៏បានយកប្រពន្ធម្នាក់ទៀតបានកូនស្រីម្នាក់ អាយុ១០ឆ្នាំ គឺកុមារីរងគ្រោះខាងលើនេះ ។
ក្នុងអំឡុងដើមឆ្នាំ២០១៨ ជនសង្ស័យខាងលើបានឈ្លោះគ្នាជាមួយប្រពន្ធចុង ហើយប្រពន្ធចុងបានរត់គេច ទៅលាក់ខ្លួននៅផ្ទះបងប្អូនរយៈពេល៤ទៅ៥ថ្ងៃ ដោយទុកកូនស្រីនៅពីរនាក់ឪពុក គឺចាប់តាំងពីពេលនោះមកជនសង្ស័យបានឆ្លៀតឱកាសចាប់រំលោភកូនបង្កើតរបស់ខ្លួនអាយុ ១០ឆ្នាំបានសម្រេចជាច្រើនលើក ។ បើទោះបីប្រពន្ធចុងដែលត្រូវជាម្ដាយបង្កើតរបស់កុមារីរងគ្រោះបានត្រឡប់មកវិញទៅហើយក្តី ប៉ុន្តែនាងជាប្រពន្ធចុងមិនបានដឹងឡើយ ព្រោះតែនាងមិនហ៊ានប្រាប់ម្តាយដោយសារកុមារីរងគ្រោះទទួលការគម្រាមពីឪពុក ។
ចំពោះមូលហេតុដែលបណ្ដាលឲ្យបែកការណ៍ គឺកាលពីថ្មីៗនេះមានករណីចាប់រំលោភក្មេងស្រីពីរនាក់ ហើយសម្លាប់ចោលនៅស្រុកបរិបូរណ៍ កាលនោះបងស្រីកុមារីរងគ្រោះ (ម្តាយខុសគ្នា ឪពុកតែមួយ) បាននិយាយជាមួយប្អូនថា បច្ចុប្បន្ននេះមនុស្សឃោឃៅណាស់ ចាប់រំលោភហើយសម្លាប់ទៀត ។ ពេលនោះ ដែលកុមារីរងគ្រោះក៏បានធ្លោយប្រាប់បងស្រីថា រូបគេក៏ធ្លាប់ត្រូវបានឪពុកបង្កើតចាប់រំលោភជាច្រើនលើកដែរ ទើបបងស្រីរបស់កុមារីរងគ្រោះបានប្រាប់ទៅម្តាយនាង ហើយក៏បែករឿង ។ កាលនោះម្តាយកុមារីរងគ្រោះមិនទាន់បានដាក់ពាក្យប្តឹងផង ស្រាប់តែនៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បុរសជាជនសង្ស័យ បានចាប់រំលោភកូនស្រីខ្លួនបានសម្រេចជាថ្មីម្តងទៀត ហើយក៏បានដឹងដល់ម្តាយទើបមា្តយនាំកូនរត់ទៅរាជធានីភ្នំពេញ និងបានប្ដឹងទៅវិទ្យុក្នុងស្រុកមួយ ដើម្បីឲ្យជួយអន្តរាគមន៍ ហើយក៏នាំទៅប្ដឹងនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានបន្តទៅប្តឹងដល់កងរាជអាវុធហត្ថផ្ទៃប្រទេស ហើយក៏បានបង្វែរ សំណុំរឿងនេះឲ្យមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដែលជាម្ចាស់ដែនដីនៃសំណុំរឿង ដើម្បីស្រាវជ្រាវចាត់ការក្នុងរឿងនេះ ។
លោកលឹម ហាក់ បានបន្តថា ក្រោយពីទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងទើបធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនឈ្មោះ ឯល វុត្ថាហៅ ឡោក គឹមលៀង កាលពីល្ងាចថ្ងៃទី៣០ ខែតុលានេះ ដើម្បីយកមកសាកសួរ រយៈពេលពេញមួយថ្ងៃទើបឈ្មោះ ឯល វុត្ថា ហៅឡោក គឹមលៀង បានសារភាពថា ខ្លួនពិតជាបានរំលោភកូនស្រីបង្កើតអាយុ១០ឆ្នាំពិតមែន តែបានតែមួយលើកប៉ុណ្ណោះ កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្រៅពីនោះខ្លួនមិនបានដឹងនោះទេ ។យ៉ាងនេះក្តីនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់លើករណីឪពុកបង្កើតរំលោភកូនស្រីខ្លួនឯងនេះ ។