រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួន៤.៤៥០.៧៣២នាក់ ក្នុងកំណើន៨,៥៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១.៩០១.៥៦៩នាក់ កើនឡើងប្រមាណ៨,៤៧% ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។
របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្សាន្ត គេពិនិត្យឃើញភ្ញៀវទេសចរមកពីប្រទេសចិនឈរលំដាប់ថ្នាក់លេខ១ មានចំនួន ៨៣១.៨០៣នាក់ ស្មើនឹង៤៣,៧៤%នៃចំនួនភ្ញៀវអន្តរជាតិសរុប និងកើនឡើងប្រមាណ២៨,១៧% តាមពីក្រោយដោយភ្ញៀវមកពីប្រទេសកូរ៉េឈរលំដាប់ថ្នាក់លេខ២ មានចំនួន១៤២.៥១៥នាក់ ។ ដោយឡែក ភ្ញៀវមកពីប្រទេសជប៉ុន អាមេរិក អង់គ្លេស បារាំង អូស្ត្រាលី វៀតណាម គឺមានការថយចុះ ខណៈដែលភ្ញៀវមកពីអាល្លឺម៉ង់ និងថៃ មានការកើនឡើងជាង២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរមានកំណើនជាបន្ដបន្ទាប់ ដោយសារខេត្តគឺជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ពិសេសគឺប្រាសាទអង្គរវត្តដ៏ល្បីល្បាញជុំវិញពិភពលោក ។លោកប្រធានមន្ត្រីមានប្រសាសន៍ថា ៖« ក្រៅពីសម្បូរដោយតំបន់ទេសចរណ៍បេតិកភណ្ឌនិងធម្មជាតិហើយ ខេត្តក៏សម្បូរផលិតផលបម្រើឲ្យវិស័យទេសចរណ៍ផងដែរ ដូចជាមានសណ្ឋាគារចំនួន២៦០កន្លែង ស្មើនឹង១៤.៤៥៦បន្ទប់ ក្នុងនោះសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន២២កន្លែង, សណ្ឋាគារលំដាប់ផ្កាយ៤ចំនួន២៨កន្លែង, សណ្ឋាគារលំដាប់ផ្កាយ៣ចំនួន៩កន្លែង និងលំដាប់ផ្កាយ២មានចំនួន៣កន្លែង »។
ក្រៅពីនេះ នៅទូទាំងខេត្តសៀមរាបមានភ្នាក់ងារទេសចរណ៍ចំនួន៣១៦កន្លែង និង៥៨សាខា ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានចំនួន៥ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមានប្រមាណពី២៥ទៅ៣០ក្រុមហ៊ុនដែលបានធ្វើប្រតិបត្តិការហោះហើរមកកាន់ខេត្តសៀមរាប ។ ទន្ទឹមនោះក៏មានភ្ញៀវទេសចរជិះតាមកប៉ាល់ពីរាជធានីភ្នំពេញ និងពីខេត្តបាត់ដំបងមកកាន់ខេត្តសៀមរាបផងដែរ ក្រៅពីភ្ញៀវដែលចូលតាមច្រកផ្លូវគោគ និងផ្លូវអាកាស ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានថ្លែងថា សៀមរាបជាប៉ូលទេសចរណ៍សំខាន់ធំមួយក្នុងចំណោមប៉ូលទេសចរណ៍សំខាន់ៗដទៃទៀតនៅកម្ពុជា ពិសេសមានប្រាសាទអង្គរវត្ត និងតំបន់បេតិកភណ្ឌជាច្រើនទៀត ដូច្នេះហើយរដ្ឋបាលខេត្តត្រូវជំរុញឱ្យមានការយកចិត្តទុកដាក់លើការវិនិយោគលើវិស័យផ្សេងៗ ពិសេសការវិនិយោគលើវិស័យទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យមានផលិតផលទេសចរណ៍ ក៏ដូចជាសម្បទានបម្រើឱ្យវិស័យទេសចរណ៍ មានភាពសម្បូរបែបសម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ដែលចូលមក កម្សាន្ត ។
ក្នុងនោះ លោករដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនរួមសហការគ្នាយកចិត្តទុកដាក់លើបញ្ហាចំពោះមុខចំនួន៤ រួមមាន ៖ ១.ចូលរួមដោះស្រាយ ត្រួសត្រាយផ្លូវយកទៅបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅខេត្តសៀមរាប។ ខេត្តសៀមរាបបាននឹងកំពុងធ្វើការងារ២ ស្របនឹងទិសដៅការងារនេះគឺផែនការ «សៀមរាបក្រៅពីប្រាសាទ» និងផែនការអភិវឌ្ឍទេសចរណ៍ក្រុងសៀមរាប ។ ២.ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ត្រូវធ្វើនៅមូលដ្ឋាន ជាពិសេសនៅសហគមន៍ទេសចរណ៍ ។
ការពង្រឹងសហគមន៍ជាយន្តការដើម្បីរក្សាប្រភពសក្កានុពលទេសចរណ៍តែម្ដងនៅតាមគោលដៅទេសចរណ៍នីមួយៗ និងជាយន្តការមួយដែលទទួលស្គាល់ជាសកលថាមានតម្លាភាពខ្ពស់សម្រាប់បែងចែកផលប្រយោជន៍ដល់ប្រជាជន។ ៣.ពង្រឹងគុណភាពសេវាកម្មស្នាក់នៅទេសចរណ៍ និងយកចិត្តទុកដាក់បង្កើនសមត្ថភាពរបស់បុគ្គលិកតាមរយៈការបណ្ដុះបណ្ដាល ។ ៤.ពិធីចែកជូនត្រាដល់ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបចំនួន២៩អាជីវកម្ម និងសៀវភៅ Green Passport ទៅដល់ថ្នាក់ដឹងនាំ និងមន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាបចំនួន១៩រូប ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន៥.៥៤៣.៤៣៤នាក់ កើនឡើងប្រមាណ៩,៩៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានចំនួន២.៤៥៧.២៨២នាក់ កើនប្រមាណ១១,៤២% និងភ្ញៀវទេសចរជាតិមានចំនួន៣.០៨៦.១៥២ នាក់ កើនប្រមាណ៨,៧៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ។