សម្តេច ហ៊ុន សែន៖ បវេសនកាលឆ្នាំសិក្សាថ្មីនេះ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឱ្យចូលរួមលើកកម្ពស់ការអប់រំ កាន់តែសកម្មថែមទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច ហ៊ុន សែន៖ បវេសនកាលឆ្នាំសិក្សាថ្មីនេះ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឱ្យចូលរួមលើកកម្ពស់ការអប់រំ កាន់តែសកម្មថែមទៀត

01/11/2018
(ភ្នំពេញ)៖ «បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឱ្យចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា កាន់តែសកម្ម និងរស់រវើកថែមទៀត»។ នេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩។

សម្តេចតេជោ បានមានប្រសាសន៍ថា «បវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយជនរួមជាតិ ស្របពេលដែលឆ្នាំ២០១៨ ជាខួបលើកទី២០ នៃការបង្រួបបង្រួមជាតិ ការរក្សាបានសន្តិភាពពេញលេញជូនប្រទេសជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ»

សម្តេចបានមានប្រសាសន៍បន្តថា «ថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​​ ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន»។​

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់ការងារអប់រំនាពេលកន្លងមក។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំសង្ឃឹមថា បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា កាន់តែសកម្ម និងរស់រវើកថែមទៀត»

បើតាមប្រសាសន៍របស់សម្តេច នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើវិស័យអប់រំ ក្នុងការកសាងហេដ្ឋរចនាសម្ព័ន្ធអប់រំ នៅទូទាំងប្រទេស ការយកចិត្តទុកដាក់ដល់សិស្សជួបការលំបាក ការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌរស់នៅរបស់គ្រូបង្រៀនជាបន្តបន្ទាប់។​ ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ននិងពេលអនាគត ធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើទូលំទូលាយ មានភាពច្នៃប្រឌិតខ្ពស់ និងមានជំនាញច្បាស់លាស់ កាន់តែមានសារៈសំខាន់ ក្នុងការបង្កើតឧត្តមភាពប្រកួតប្រជែង របស់ប្រទេសជាតិ ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា  «ព្រះរាជាណាចក្រកម្ពុជា​ មានចក្ខុវិស័យច្បាស់លាស់ ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ឆ្ពោះទៅកាន់សង្គមពុទ្ធិ និងវិបុលភាព ដែលប្រជាពលរដ្ឋមានចំណេះដឹង មានវប្បធម៌ជ្រៅជ្រះ មានផលិតភាព និងមានភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបយ៉ាងសមស្របនិងទាន់ពេលវេលា ទៅនឹងគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការប្រែក្លាយពីប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងក្លាយជាប្រទេស មានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ផងដែរ»

ខាងក្រោមនេះ ជាសារលិខិតទាំងស្រុង របស់សម្តេចតេជោ ហ៊ុន​ សែន៖


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister