ប្រធានាធិបតី​បារាំងសរសើរ​អធិការបតី​អាល្លឺម៉ង់ ដែល​សម្រេចចិត្តលាលែង​ពីតំណែង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតី​បារាំងសរសើរ​អធិការបតី​អាល្លឺម៉ង់ ដែល​សម្រេចចិត្តលាលែង​ពីតំណែង!

30/10/2018
(ប៉ារីស)៖ ប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានសរសើរ​លោកស្រី អាន់ជែលឡា មឺគែល សម្រាប់ការសម្រេច​ចិត្តលាលែងពីតំណែង ជាអធិការបតីអាល្លឺម៉ង់ នៅ​ឆ្នាំ២០២១។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
លោក ម៉ាក្រុង លើកឡើងពី​ការសម្រេចចិត្តរបស់​លោកស្រី មឺគែល ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន​រួមគ្នា ជាមួយនាយករដ្ឋ​មន្ត្រី​អេត្យូពី ក្នុងទីក្រុងប៉ារីស នៅថ្ងៃចន្ទ​សប្ដាហ៍នេះ។ នា​ឱកាសនោះ​លោក ម៉ាក្រុង បានគូសបញ្ជាក់​យ៉ាងខ្លីដូច្នេះថា «វាគឺ​ជាការសម្រេចចិត្ត​របស់គាត់ (លោកស្រី មឺគែល) ហើយខ្ញុំគិតថា ការសម្រេចចិត្ត​នេះសាកសមនឹងទទួល​បានការគោរព និងកោតសរសើរ ដ្បិតវាគឺជាការប្ដេជ្ញា​ចិត្តការពារតម្លៃ​អឺរ៉ុបរបស់​លោកស្រី»

គួរជម្រាបថា៖ លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃចន្ទសប្ដាហ៍​នេះបានប្រាប់គណបក្ស CDU ថា លោកស្រីនឹងមិនឈរឈ្មោះជាបេក្ខជនប្រធានបក្ស​ទៀតឡើយ​ នៅក្នុងការបោះឆ្នោត​មួយនៅខែធ្នូ​ខាងមុខនេះ ជាពិសេសគឺ​លោកស្រីនឹង​លាលែង​ពីតំណែ​ជាអធិការបតី​អាល្លឺម៉ង់​នៅ​ឆ្នាំ២០២១។
ការសម្រេចចិត្ត​របស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីគណបក្ស​របស់លោកស្រី បានបរាជ័យ​នៅក្នុងបោះឆ្នោត​តំបន់ ដែលធ្វើឱ្យប៉ះពាល់យ៉ាង​ខ្លាំងដល់ស្ថេរភាព​ នៃសម្ព័ន្ធភាពរដ្ឋាភិបាល​ចំរុះអាល្លឺម៉ង់​បច្ចុប្បន្ន។ លោកស្រី មឺគែល បានកាន់តំណែង​ជាប្រធានបក្ស CDU ចាប់តាំងពី​ឆ្នាំ២០០០ មកម្ល៉េះ ហើយលោកស្រីក៏ជាមេដឹកនាំ​ម្នាក់​ ដែលដឹកនាំប្រទេស​មួយនៅអឺរ៉ុប បានយូរជាង​គេ​ផងដែរ។

លោកស្រីបាន​ក្លាយជាអធិការបតី​អាល្លឺម៉ង់នៅឆ្នាំ២០០៥ រហូតមកដល់​បច្ចុប្បន្ន ហើយការសម្រេចចិត្ត​របស់លោកស្រីនៅពេលនេះ អាចនឹងបង្ក​ជាការប្រកួតយ៉ាងខ្លាំង​នៅក្នុងគណបក្ស ដើម្បីយកតំណែង​ជាអធិការបតីអាល្លឺម៉ង់ ​នាពេល​អនាគត៕