ថវិកាជាតិសម្រាប់ចំណាយឆ្នាំ២០១៩ ត្រូវរដ្ឋាភិបាលប្រកាសថាត្រូវតែជាយុទ្ធសាស្រ្ត ដែលរដ្ឋាភិបាលអះអាងថាសម្រេចបានដោយលំបាក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថវិកាជាតិសម្រាប់ចំណាយឆ្នាំ២០១៩ ត្រូវរដ្ឋាភិបាលប្រកាសថាត្រូវតែជាយុទ្ធសាស្រ្ត ដែលរដ្ឋាភិបាលអះអាងថាសម្រេចបានដោយលំបាក

26/10/2018
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៩ នឹងត្រូវគណៈរដ្ឋមន្ត្រីកម្ពុជាដាក់ជារបៀបវារៈសំខាន់នៃកិច្ចប្រជុំនៅថ្ងៃស្អែកនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ការរិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញនៅថ្ងៃនេះថា ច្បាប់ថវិកាឆ្នាំ២០១៩នេះ នឹងត្រូវតែយុទ្ធសាស្ត្រនៃការរក្សាសមិទ្ធផល ដែលរដ្ឋាភិបាលអះអាងថាសម្រេចបានដោយលំបាក។

នៅក្នុងសេចក្តីប្រកាសរបស់ការិយាល័យអ្នកនាំពាក្យនៅថ្ងៃនេះ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៩ ថាជាការបន្តបុកគ្រឹះថ្មីៗ សម្រាប់គាំទ្រដល់ការសម្រេចបានគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៦ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីរក្សាសន្តិភាព ស្ថិរភាព។

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល តាមរយៈលិខិតរបស់ខ្លួន បានគិតទុកជាមុនថា នៅក្នុងរយៈពេលមធ្យមខាងមុខ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា នឹងឈានដល់ដំណាក់កាលប្រែប្រួលថ្មីមួយទៀត ជាពិសេសចាប់ពីពេលនេះទៅរយៈពេល៥ឆ្នាំខាងមុខ ដែលជាអន្តរកាលឆ្ពោះទៅសម្រេចឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០។ ក្នុងក្របខណ្ឌនេះ កម្ពុជាត្រូវតែមានប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលកាន់តែស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ (Clean Smart and Strong Government) ដើម្បីអាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងអត្រាប្រមាណ ៧ភាគរយ ក្នុងមួយឆ្នាំ។

ខណៈសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០១៩ នៅមិនទាន់ត្រូវបានគេបង្ហើបថា មានការកើនឡើងថវិកាជាតិសម្រាប់ឆ្នាំថ្មីប៉ុន្មាននោះ រដ្ឋាភិបាលកម្ពុជាក៏បានលើកឡើងផងដែរ ពីការវិវត្តន៍ក្នុងក្របខណ្ឌពហុប៉ូល សង្គ្រាមពាណិជ្ជកម្ម ដែលមានផលប៉ះពាល់ដល់កម្ពុជា ខណៈកម្ពុជាជាប្រទេសបើកចំហរសេដ្ឋកិច្ច និងទទួលផលពីការរីកចំរើននៃសកលភាវូបនីយកម្ម។

បន្ថែមពីនេះ កម្ពុជាក៏ត្រូវចេះបត់បែន និងតាមឲ្យទាន់សភាពការណ៍ប្រែប្រួលក្នុងតំបន់ និងពិភពលោកផងដែរ ដើម្បីបញ្ចៀស និងសម្រាលផលប៉ះពាល់ជាអវិជ្ជមានទាំងឡាយ ដែលអាចកើតឡើងជាយថាហេតុ និងត្រូវត្រៀមខ្លួនឲ្យបានល្អ ដើម្បីប្រែក្លាយការប្រឈម ឲ្យក្លាយទៅជាកាលានុវត្តភាព។

សូមរំលឹកថា ថវិកាជាតិសម្រាប់ចាយវាយឆ្នាំ២០១៨នេះ មានប្រមាណជា ៦ពាន់លានដុល្លារ គឺកើនឡើង១៥.២ភាគរយ ធៀបទៅនឹងឆ្នាំ២០១៧ ដែលមានជាង៥ ២០០លានដុល្លារ។ចំណាយសរុបជាតិឆ្នាំ២០១៨ ប្រមាណ៦ពាន់លានដុល្លារនេះ ត្រូវបានបែងចែកជា២ផ្នែកធំៗគឺ ទី១ ចំណាយចរន្តថវិការដ្ឋប្រមាណជា ៣ ៩៨០លានដុល្លារ និងទី២ ចំណាយមូលធន ប្រមាណជា ២ ១០០លានដុល្លារ៕ (អត្ថបទដោយ ទេព វណ្ណះ)