បរ៉ាក់ ឬ ទឹកបន្សារ បង្កគ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងណា ? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បរ៉ាក់ ឬ ទឹកបន្សារ បង្កគ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងណា ?

11/10/2018
ព័ត៌មាន​ស្តី​អំពី​ការ​ប្រើ​សារធាតុ (គីមី) ​បន្ថែម​ក្នុង​ចំណី​អាហារ និង​បន្លែ​ផ្លែឈើ មាន​ឮ​សូរ​ជា​ហូរហែ និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ សារធាតុ​បន្ថែម​ក្នុង​ចំណីអាហារ​មាន​ច្រើន​មុខ​ណាស់។ ហើយ​ថ្មីៗ​នេះ អាជ្ញាធរ​បាន​រក​ឃើញ​ថា​មាន​ការ​ផលិត​ចំណី​អាហារ​នេះ​ ឬ​នោះ មាន​ផ្ទុក​សារធាតុ​ បរ៉ាក់។ តើ​ បរ៉ាក់ ជា​អ្វី ?



តើបរ៉ាក់ជាអ្វី​?

បរ៉ាក់ ជាសមាសធាតុគីមី ដែល​មាន​ឈ្មោះ​ថា ​សូដ្យូមបរ៉ាត(Na2B4O7-10H2O)​  ឬហៅតាមអ្នកស្រុកថាទឹកបន្សារ។​ បរ៉ាក់មាន​សណ្ឋាន​ជាក្រាម​ ជា​ម្សៅ​សៗ មិនមែន​ជា​វត្ថុ​រាវ​ឡើយ។

នៅក្នុងឧស្សាហកម្ម​ សារធាតុបរ៉ាក់មាននៅក្នុងថ្នាំសំលាប់សត្វល្អិត​ ផលិត​ផល​ដែល​គេ​ប្រើ​ដើម្បីលាងសំអាត​ (សាប៊ូ​ និងទឹកសាវ៉ែល)​ គ្រឿង​សំអាង(Cosmetic products)​ ក្នុងអាងហែលទឹកធំៗ​ ថ្នាំSpa ថ្នាំពេទ្យ​ និងថ្នាំបូរាណ​មួយ​ចំនួន។ បរ៉ាក់​ក៏​មាន​ប្រើ​ច្រើន​នៅ​ក្នុង​ផលិតចំណីអាហារ ដើម្បី​ជា​ជំនួយ​អាហារ​ឱ្យមាន​សភាព​​ស្វិត និង​រឹង​ល្អ ដូច​ជា​ប្រើ​ក្នុង​ល្បាយសាច់​បាត់តេ ប្រហិត ឬ​ល្បាយ​ម្សៅ​ គុយទាវ មី។​ លើសពីនេះទៅទៀត​ បរ៉ាក់ក៏ជួយឱយជាតិម្សៅឡើងស្រួយល្អពេលគេយកនំ​ និងចំណីទៅបំពង​ ក្នុងនោះមាន សាច់មាន់​ បង្គារ​ ឆៃយ៉​ ។ល។

​ដោយ​មាន​សមត្ថភាព​​អាចប្រឆាំងនឹងពពួកបាក់តេរី​ និងពពួកផ្សិត​ (preservative agent) បរ៉ាក់​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ដើម្បីរក្សាគុណភាពផលិតផលម្ហូបអាហារ​ឱ្យ​បានយូរ​ និង​អាច​ទៅប្រើជា​បន្សំ​សម្រាប់​ផលិតជាឱសថ សម្រាប់​លាង​ដំបៅ​ក្រពះ​ ជា​បន្សំ​ទឹក​ខ្ពុរមាត់ ។ល។ និង​។ល។ ​

តើបរ៉ាក់អាច​ប៉ះពាល់ដល់សុខភាពអ្វីខ្លះ?

រាល់គ្រប់​សារធាតុ​គីមី ធម្មជាតិ​ ឬ​សំយោគ​សុទ្ធ​តែ​ផ្តល់​គ្រោះថ្នាក់ ចំពោះ​សុខភាព ឬ​អាច​ពុលទាំង​អស់ ប្រសិន​បើ​អ្នក​ប្រើប្រាស់​មិន​គោរព​កំរិត​​បរិមាណ​នេះ​ការ​ប្រើប្រាស់។ ការ​ប្រើ​បរ៉ាក់ ហួសកំរិត​នឹង​បង្ក​​ឱ្យ​មាន​បញ្ហា​ តំរងនោម​ ឈឺក្បាល រលាក​ប្រព័ន្ធ​រំលាយ​អាហារ ក្រពះ​ ពោះវៀន​ ថ្លើម​ ​រមាស់​ស្បែក និងអាចដល់អាយុជីវិតក៏មាន។

បើយោងតាមអង្គការ​សុខភាព​ពិភពលោក ការប្រើប្រាស់​បរ៉ាក់ មាន​សុវត្ថិភាព​ គឺ​ត្រឹម​ ក្នុង​កំរិត​ ០,១៦​មីល្លីក្រាម​/ក្នុង​មួយ​គីឡូក្រាម​នៃ​ម៉ាសមាឌ​មនុស្ស​។ ​មនុស្ស​ធំ​ពេញ​វ័យ​ អាច​នឹង​ស្លាប់​បាន ប្រសិន​បើ​ទទួល​ទាន​ជាតិ​បរ៉ាក់​ចូល​ក្នុង​ខ្លួន​​ក្នុង​កំរិត​៧​ទៅ​៣៥​ក្រាម។ ប៉ុន្តែ​សម្រាប់​មនុស្ស​ចាស់ ហូប​បរ៉ាក់​ចូលត្រឹម​តែ​១៥ក្រាម​ ក្នុង​មួយ​ថ្ងៃ (កុមារត្រឹម​តែ​៥ក្រាម) អាច​បង្ក​ឱ្យ​ជួយ​គ្រោះ​ក្អួត​ធ្លាក់​ឈាម និង​ស្លាប់​បាន​។

ពុំ​ទាន់មាន​ការ​សិក្សា​​ណា​បញ្ជាក់​អំពី​គ្រោះថ្នាក់នៃ​ការ​បរិភោគ​​បរ៉ាក់នៅ​ក្នុង​ចំណី​អាហារ ក្នុង​បរិមាណ​តិច​តួច និង ​រយៈ​ពេលយូរទេ។ ប៉ុន្តែ​គេ​បាន​ចាត់​ទុក​បរ៉ាក់​ជា​សារធាតុ​ពុល​ខ្លាំង​ និង​ជាប់​សង្ស័យ​ថា​អាច​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​។ ការពិសោធន៍លើសត្វកណ្តុរ​ ​ស៊ី​ចំណី​មាន​សារធាតុ​បរ៉ាក់​ក្នុង​រយៈពេល​យូរ​មួយ​ បាន​​បង្ហាញ​​ឱ្យ​​ឃើញ​​ថា​​ប្រព័ន្ធ​បន្ត​ពូជ​របស់សត្វឈ្មោលចុះខ្សោយ​ ឬ​លូតលាស់​មិន​ពេញ​លក្ខណៈ​ ឬ​បាត់​បង់​សមត្ថភាព​បន្ត​ពូជ​។

ក្នុង​ភាព​មន្ទិល និង​ដោយ​ឈរ​លើ​គោលការណ៍ ការពារ​ប្រសើរ​ជាង​ព្យាបាល អាជ្ញាធរ​អឺរ៉ុប បាន​ផ្តល់​អនុសាសន៍មិន​ឱ្យ​ប្រើប្រាស់​បរ៉ាក់ លើស​ពី​ ០,២mg/kg/j (មីល្លីក្រាមក្នុង​មួយ​គីឡូក្រាម​និ​ងក្នុង​មួយ​ថ្ងៃ​)ឡើយ និង​បានណែនាំ

ឱ្យ​កុមារ​ និងស្ត្រីមានផ្ទៃពោះ ស្ត្រី​បំបៅ​ដោះ​កូន ចៀសវាង​ ឬកាត់​បន្ថយទាំង​ស្រុង​ការ​ទទួល​ទាន​អាហារដែលមាន​ផ្ទុកសារធាតុបរ៉ាក់
ហាមយុវជន​​កំពុង​ពេញ​វ័យ​កម្លោះ​ទទួល​ទាន​បរ៉ាក់
ស្ត្រី​ក្នុង​វ័យ​បង្ក​កំណើត ប្រើ​ថ្នាំ​ពន្យារ​កំណើត​អាច​ទទួល​ទាន​សារធាតុ​បរ៉ាក់​បាន​ ក្នុង​ន័យ​​បង្កើន​ប្រសិទ្ធិភាព​ការពារ​កុំ​ឱ្យ​មាន​កូន៕