អគ្គលេខាធិការ UN ទទួលផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ សន្យាជួយកម្ពុជាឲ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសការនាំចេញកង់ និងផលិតផលផ្សេងៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គលេខាធិការ UN ទទួលផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ សន្យាជួយកម្ពុជាឲ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសការនាំចេញកង់ និងផលិតផលផ្សេងៗ

23/10/2018
(ប្រទេសស្វីស, ក្រុងហ្សឺណែវ)៖ លោកបណ្ឌិត ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ (UN) ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ បានសន្យានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា នឹងជួយដល់កម្ពុជា ដើម្បីឲ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសទៅលើការនាំចេញកង់ និងផលិតផលផ្សេងៗទៀត។
ការសន្យានេះធ្វើឡើងក្នុងឱកាសដែលលោកអគ្គលេខាធិការ ចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាការឆ្លើយ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ចំពោះ លោកអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិ ដែលបានសន្យាបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ក្នុងជំនួបនោះដែរ លោកបណ្ឌិត ម៉ុឃីសា គីទុយី បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំទាំងអស់ នឹងបានស្តាប់នូវការថ្លែងសុន្ទរកថា គន្លឹះរបស់សម្តេច ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការបានបន្តថា យើងពិតជាបានធ្វើនូវទំនាក់ទំនងដ៏ល្អជាមួយគ្នា កាលពីពេលកន្លងមក ហើយអ្វីដែលលោកមានការសប្បាយបំផុតនោះ គឺវត្តមានរបស់សម្តេច ក្នុងការអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទដ៏មានសារសំខាន់បំផុតនោះ។
លោកក៏បានចាត់ទុកថា កម្ពុជាគឺជាប្រទេសដែលមានឆន្ទះខ្ពស់ ពោលគឺបានប្រែក្លាយពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបន្តទៅមុខទៀត។
លោក ម៉ុឃីសា គីទុយី ក៏បានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ សម្រាប់ប្រទេសផ្សេងៗទៀត ក្នុងការជំរុញការអភិវឌ្ឍ។ លោកបន្តថា វេទិកាដែលរៀបចំនៅក្នុងឆ្នាំ២០១៨នេះ គឺដើម្បីធ្វើឲ្យប្រទេសទាំងអស់ លោកពិភពលោកអាចចែករំលែកគ្នា ពិសេសកម្ពុជាដែលមានបទពិសោធន៍ល្អ លើការអភិវឌ្ឍ ក្នុងនោះសម្តេចតេជោអាចចែករំលែកដោយផ្ទាល់ ជាមួយនឹងបណ្តាមេដឹកនាំដទៃទៀត។

លោកអគ្គលេខាធិការបន្តថា វេទិកាក្នុងឆ្នាំ២០១៨នេះ មានអ្នកចូលរួមប្រមាណ ៦,៦០០នាក់ មានប្រធានាធិបតី១០រូប នាយករដ្ឋមន្រ្តី៣រូប។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយ ដោយបានជួបពិភាក្សាជាថ្មីម្តងទៀត ជាមួយលោកអគ្គលេខាធិការបន្ទាប់ពីជំនួបលើកទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
សម្តេចតេជោបន្តថា បើទោះបីជាកម្ពុជា បានឆ្លងកាត់ពីប្រទេសក្រីក្រ ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក៏ពិតមែន ប៉ុន្តែកម្ពុជានៅមានបញ្ហាប្រឈម ដែលត្រូវបន្តដោះស្រាយ តាមរយៈនេះសម្តេចសូមថ្លែងនូវអំណរគុណ ចំពោះអង្គការសហប្រជាជាតិ ដែលតែងតែជួយដល់កម្ពុជា កាលពីពេលកន្លងមក និងទាំងក្នុងពេលបច្ចុប្បន្ន៕



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister