លោក ដូណាល់ ត្រាំ បង្ហាញ​ភាព​ស្រពិចស្រពិល ក្រោយស្តាប់​ចម្លើយសារភាព​របស់​អារ៉ាប៊ីសាអូឌីត ជុំវិញការ​ស្លាប់អ្នក​សារព័ត៌មាន Jamal Khashoggi - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ បង្ហាញ​ភាព​ស្រពិចស្រពិល ក្រោយស្តាប់​ចម្លើយសារភាព​របស់​អារ៉ាប៊ីសាអូឌីត ជុំវិញការ​ស្លាប់អ្នក​សារព័ត៌មាន Jamal Khashoggi

20/10/2018
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់​ ត្រាំ ទំនងជាចង់​ទទួលយកការបកស្រាយ​​របស់​អារ៉ាប៊ីសាអូឌីត ជុំវិញមូល​ហេតុនៃការ​បាត់ខ្លួនរបស់​លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ដែល​ទីក្រុងរីយ៉ាដ​បានអះអាងជាថ្មីឡើង​វិញថា ​អ្នក​កាសែត​រូបនេះបាន​ស្លាប់ដោយ​ហេតុការណ៍​វាយតប់គ្នា ក្នុងស្ថានកុលស៊ុល​អារ៉ាប៊ីសាអូឌីត​នៅតួកគី។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយ​ចេញពី​សារព័ត៌មានអាមេរិក New York Times នៅរសៀល​ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
អំឡុងពេលចុះទស្សនកិច្ច​នៅមូលដ្ឋានទ័ពអាកាស​មួយកន្លែង ក្នុងរដ្ឋអារីហ្សូណា (Arizona) លោក ដូណាល់ ត្រាំ បានយល់​ឃើញ​ថា ការ​បកស្រាយខាងលើ​របស់អារ៉ាប៊ីសាអូឌីតថា គឺអាចទុក​ចិត្តបាន។ ប៉ុន្តែ​លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកនៅតែមាន​ចម្ងល់​ដើម្បី​សួរ​ដល់​ព្រះអង្គម្ចាស់​ស្នងរាជ្យអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman​) ជុំវិញ​ករណីដែលពិភពលោក​ កំពុង​តាមដានមិនដាក់ភ្នែកនេះ។
ទន្ទឹមនឹង​នេះ​លោក ត្រាំ ក៏បានលើកឡើងថា ការស្លាប់របស់​លោក Khashoggi គឺជារឿងដែលមិនអាចទទួល​យកបាននោះទេ និងបានបង្ហើបឲ្យដឹងថា អាចនឹងមាន​ការដាក់ទណ្ឌកម្មប្រឆាំង​នឹងអារ៉ាប៊ីសាអូឌីត ប៉ុន្តែលោក​សង្ឃឹមថា សភាអាមេរិក​នឹងពុំព្យាយាម​រារាំងការលក់​សព្វាវុធ ក្នុងតម្លៃរាប់​រយពាន់លានដុល្លារ​ទៅឲ្យ​ទីក្រុងរីយ៉ាដ​ឡើយ។ ការឆ្លើយតប​​របស់​ លោក ត្រាំ ចំពោះការ​ចេញមុខបកស្រាយ​របស់អារ៉ាប៊ីសាអូឌីត គឺផ្ទុយពី​សភាអាមេរិក ដែលនៅតែ​យល់ឃើញថា ការអះអាង​ជាថ្មី​ឡើងវិញនេះ ពុំអាចទុកចិត្ត​បាន​ឡើយ។
ជុំវិញរឿងនេះ សេតវិមានអាមេរិក​បានចេញសេចក្តី​ថ្លែងការណ៍ថា ខ្លួននឹងប្រឹងប្រែង​ស្វែងរកយុត្តិធម៌ ចំពោះការបាត់បង់​ជីវិត​របស់​​លោក Khashoggi និងបានបង្ហាញការ​ចូលរួមសោកសម្តែង​ចំពោះដំណឹងនេះ ជាមួយក្រុម​គ្រួសារ គូដណ្តឹង ក៏ដូចជាមិត្តភក្តិ​​របស់​លោក ខណៈសេចក្តី​ថ្លែងការណ៍​នេះ ពុំបានបង្ហាញ​ពីជំហរជាក់លាក់​ណាមួយ ជុំវិញសេចក្តីប្រកាស​របស់អារ៉ាប៊ីសាអូឌីត​ឡើយ។

គួរជម្រាបថា៖ ការបាត់ខ្លួនយ៉ាង​អាថ៌កំបាំងរបស់​លោក Khashoggi ដែលជាអ្នកកាសែត​រិះគន់វាយប្រហារលើ​រាជវង្ស​អារ៉ាប៊ីសាអូឌីត​នោះ កាលពីថ្ងៃទី០២ ខែតុលា ក្នុង​ស្ថានកុងស៊ុល​​អារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី ត្រូវគេសង្ស័យ​កាន់​តែ​​ខ្លាំង​ថា ​​ពិតជាមាន​ជាប់ពាក់ព័ន្ធ​​នឹងព្រះរាជទាយាទ​អារ៉ាប៊ីសាអូឌីត Mohammed bin Salman៕