រដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តល់កម្ចីជាង ៦៦លានដុល្លារ សាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យសុខាភិបាល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តល់កម្ចីជាង ៦៦លានដុល្លារ សាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យសុខាភិបាល

13/10/2018
(ភ្នំពេញ)៖ យោងតាមស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នឹងផ្តល់ប្រាក់កម្ចីប្រមាណ ៦៦,៥៧លានដុល្លារអាមេរិក សម្រាប់សាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យសុខាភិបាល។

ក្នុងសេចក្តីប្រកាសដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថានទូតកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា កង្វះមន្ទីរពេទ្យសមរម្យនៅក្នុងប្រទេសកម្ពុជា បានបង្កើននូវតម្រូវការជាលំដាប់សម្រាប់កម្មវិធីសិក្សាគ្លីនិចដែលមានលក្ខណៈជាប្រព័ន្ធរួម និងរួមបញ្ចូលគ្នា ដើម្បីផ្តល់បទពិសោធន៍ព្យាបាលបន្ថែមទៀតជាមួយកំណើនអ្នកជំងឺកាន់តែច្រើនសម្រាប់គ្រូពេទ្យដូចជានិស្សិតពេទ្យ ក្នុងការបណ្តុះបណ្តាល។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា នៅពេលគម្រោងសាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពី EDCF វានឹងអាចអភិវឌ្ឍអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ដែលមានគុណភាពខ្ពស់តាមរបៀបជាប្រព័ន្ធ។

រដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថា ប្រជាជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាវេជ្ជសាស្ត្រទំនើបតាមរយៈការផ្គត់ផ្គង់និងការដំឡើងឧបករណ៍វេជ្ជសាស្ត្រទំនើបនិងប្រព័ន្ធព័ត៌មានរបស់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា៖ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលកូរ៉េនៅឆ្នាំ១៩៨៧ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយការអភិវឌ្ឍពិភពលោក និងដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការសម្រេចបានឧស្សាហូបនីកម្ម និងស្ថិរភាពសេដ្ឋកិច្ចតាម រយៈការផ្តល់ឲ្យនូវឥណទានដែលមានរយៈពេលយូរ និងការប្រាក់ទាប។ ពេលបច្ចុប្បន្ននេះ ធនាគារនំាចេញ-នំាចូលរបស់ប្រទេសកូរ៉េ ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងមូលនិធិនេះ។

គម្រោងនេះ មានគោលបំណងបណ្តុះបណ្តាលកម្លាំងពលកម្ម ដែលមានជំនាញវិជ្ជាជីវៈជាមួយគុណភាពល្អនៃការអប់រំ ក៏ដូចជាការផ្តល់មកនូវសេវាសុខភាពដែលមានគុណភាពខ្ពស់ ដោយការបង្កើតមន្ទីរពេទ្យ ដែលមានគ្រែចំនួន២០០ ជាមួយបរិក្ខាពេទ្យមានបច្ចេកវិជ្ជាខ្ពស់។

ចាប់តាំងពីឆ្នាំ២០០១មក រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ប្រាក់កម្ចីសរុបចំនួន ៧៦៦លានដុលារក្នុងកម្ចី EDCF ដើម្បីគាំទ្រគម្រោងចំនួន២២ នៅក្នុងប្រទេសកម្ពុជា៕