ភ្នំពពេញ៖ តួកគីនៅថ្ងៃអង្គារ ទី០២ ខែតុលា បានស្នើជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាធ្វើបត្យាប័នមនុស្សសំខាន់បីនាក់ ជាសមាជិកចលនាសង្គមអ៊ីស្លាមសេរីជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ កាលពីខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ សំណើនេះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសតួកគីនៅក្នុងប្រទេសតួកគី។
លោក ម៉េវលុត ឆាវូស៊ូលុ (Mevlut Cavusoglu) រដ្ឋមន្ត្រីការបរទេសតួកគី ក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា តួកគីបានស្នើជាថ្មីម្តងទៀតឲ្យភាគីកម្ពុជាធ្វើបត្យាប័នមនុស្ស៣នាក់ ដែលជាសមាជិកជាន់ខ្ពស់នៃអង្គការភេរវកម្ម Fetullah (FETO)។ លោកបន្តថា “ក្រុមភេរវកម្មនេះ មិនមែនគំរាមកំហែងត្រឹមតែតួកគីទេ ប៉ុន្តែក៏អាចគំរាមកំហែងដល់ប្រទេស ដែលពួកគេកំពុងធ្វើប្រតិបត្តិការដែរ។” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋតួកគី Anadolu កាលពីថ្ងៃទី០២ ខែតុលា។
ប្រមុខការទូតតួកគីបន្តថា FETO ជ្រាបចូលក្នុងស្ថាប័នរដ្ឋ ដោយប្រើប្រាស់សាលារៀនជាការលាក់បាំង ហើយបន្ទាប់មកព្យាយាមគ្រប់គ្រងនយោបាយនៅក្នុងប្រទេសនោះតែម្តង។ លោកបញ្ជាក់ថាតួកគីត្រៀមរួចជាស្រេចក្នុងការបោសសម្អាតសាលារៀន ដែលគ្រប់គ្រងដោយបណ្តាញរបស់ FETO ឬមូលនិធិ Maarif។
គួររំឭកថា រដ្ឋាភិបាលតួកគី បានចោទប្រកាន់បណ្ដាញ FETO ដែលមានលោក ហ្វេធូឡា ហ្គូឡិនជាមេដឹកនាំ និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ថាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីផ្តួលរំលំរដ្ឋាភិបាលតួកគី ប៉ុន្តែត្រូវបរាជ័យ។ សម្រាប់រដ្ឋាភិបាលតួកគី ចលនាសង្គមអ៊ីស្លាមសេរី របស់លោក ហ្វេធូឡា ហ្គូឡិន គឺជាអង្គការភេវរកម្ម ឬអង្គការភេរវកម្ម Fetullah។
សារព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីក្រសួងការបរទេសកម្ពុជាបានទេ នៅថ្ងៃទី០៤ ខែតុលានេះ។ ប៉ុន្តែយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានតួកគីដដែល លោក ប្រាក់ សុខុន អះអាងថាកម្ពុជាបានធ្វើការសហការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលតួកគី ជុំវិញបញ្ហាអង្គការភេរវកម្មFetullah។ លោកបន្តថា ក្នុងនាមជាមិត្តរបស់តួកគី កម្ពុជានឹងបន្តគាំទ្រតួកគី ដើម្បីប្រឆាំងនឹងអង្គការភេរវកម្ម Fetullah។
សូមជម្រាបជូនថា កាលពីខែកក្កដា ឆ្នាំ២០១៦ អគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានចោទប្រកាន់ សាលាហ្សាម៉ាន់ នៅកម្ពុជា ថាមានទំនាក់ទំនងជាមួយនឹង សមាជិកចលនាសង្គមអ៊ីស្លាមសេរី របស់លោក ហ្វេធូឡា ហ្គូឡិន និង បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគាំទ្រគ្រប់រូបភាព និងចង់ឃើញ សាលាហ្សាម៉ាន់ បញ្ចប់សកម្មភាពគ្រប់យ៉ាងនៅកម្ពុជា។ ជាការឆ្លើយតប សាលាហ្សាម៉ាន់ បានចេញសេចក្តីថ្លែងការណ៍ ចាត់ទុកការចោទប្រកាន់របស់ឯកអគ្គរដ្ឋទូតតួកគីនៅកម្ពុជា ថាធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយមានបំណងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់ខ្លួន៕
