សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហររក្សាអធិបតេយ្យជាតិ ដោយមិនចុះញមការព្រមានរបស់បរទេសមួយចំនួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហររក្សាអធិបតេយ្យជាតិ ដោយមិនចុះញមការព្រមានរបស់បរទេសមួយចំនួន

08/10/2018
(តូក្យូ, ជប៉ុន)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការរក្សាអធិបតេយ្យ និងឯករាជ្យជាតិរបស់កម្ពុជា ដោយមិនចុះញមចំពោះមុខការគំរាមដកការអនុគ្រោះពន្ធ (EBA «Everything But Arms») លើទំនិញរបស់កម្ពុជាពីគណៈកម្មការអឺរ៉ុបនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនត្រូវយកអធិបតេយ្យរបស់ជាតិទៅប្តូរនឹងជំនួយ ឬការគំរាមណាមួយពីបរទេសនាំឲ្យបំផ្លាញសង្គមកម្ពុជានោះទេ។

ការបង្ហាញជំហរមិនចុះញមចំពោះមុខការគំរាមរបស់គណៈកម្មការអឺរ៉ុបរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយនិស្សិត កម្មសិក្សាការី និងប្រជាពលរដ្ឋខ្មែរកំពុងសិក្សា និងរស់នៅក្នុងប្រទេសជប៉ុននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ។ ជាពិសេសការបង្ហាញជំហរដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងនឹងការព្រមានដាក់ទណ្ឌកម្មរបស់អឺរ៉ុបនេះ បានធ្វើឡើងភ្លាមៗស្របពេលដែលគណៈកម្មការអឺរ៉ុប បានព្រមានពីនីតិវិធីក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជាដែលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឱនក្បាលចំពោះបរទេសមួយដង នឹងមានមានការឱនក្បាលជាបន្តបន្ទាប់មិនអាចងើបរួចនោះឡើយ ហើយការឱក្បាលចំពោះបរទេសជាថ្នូរសម្រាប់ជំនួយ ឬជាថ្នូរនឹងអ្វីមួយនោះ គឺជាការបំផ្លាញនូវអធិបតេយ្យ និងឯករាជ្យជាតិរបស់កម្ពុជាផងដែរ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិតាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ បានអះអាងថា សម្តេចនឹងមិនធ្វើទង្វើឱនក្បាលចំពោះបរទេសជាថ្នូរនឹងអ្វីមួយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនិយាយហើយនិយាយទៀតកុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»។

ការដែលគណៈកម្មការអឺរ៉ុបសម្រេចបន្តនីតិវិធីដកការអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជា ដោយពួកគេសំអាងលើហេតុផលថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងរំលោភលើសិទ្ធិមនុស្ស។ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រធានបទសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវាពេញនិយមសម្រាប់ការជ្រៀតជ្រែករបស់ប្រទេសធំ ប្រទេសមានលុយ ទៅលើប្រទេសក្រីក្រតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅវិញថា បញ្ហានៅលីប៊ី នៅអ៉ីរ៉ាក់ នៅយ៉េមែន ក៏ដូចជាអតីតកាលរបស់កម្ពុជាដែលមានការសម្លាប់រង្គាល តើឯណាទៅបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ? សម្តេចតេជោ បានគូសបញ្ជាក់ថា ចំណាត់របស់កម្ពុជាលើក្រុមអតីតបក្សប្រឆាំង គ្រាន់តែជាវិធានការច្បាប់ ដើម្បីទប់ស្កាត់ទង្វើទុច្ចរិត និងរក្សាបាននូវសុខសន្តិភាព ព្រមទាំងការរស់រៀនរបស់កម្ពុជាប៉ុណ្ណោះ។

សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា បើអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធ គឺកម្ពុជានឹងបង់ ដោយមិនឱនក្បាលចំពោះការគំរាមរបស់ពួកគេនោះឡើយ ហើយកម្ពុជានឹងប្រឹងរស់ដោយខ្លួនឯង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ចង់ឲ្យបង់ពន្ធ បង់ពន្ធ។ សូមផ្តាំឱនក្បាលម្តង ត្រូវជំពាក់ឱនពីរដង ជំពាក់ពីរដងឱន ជំពាក់បីដងឱន ឱនមួយជីវិតខ្មែរអត់ឯករាជ្យបានទេ។ ប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យរបស់ប្រទេស ដើម្បីការពារសន្តិភាពរបស់ប្រទេស»

សូមបញ្ជាក់ថា៖ ក្នុង១ឆ្នាំៗ​កម្ពុជា នាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងទៅកាន់សហភាពអឺរ់ុបច្រើនជាងគេ ដោយទទួលការអនុគ្រោះពន្ធថែមទៀតផង។ ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធដល់ការនាំចូលទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) បានធ្វើឱ្យកម្ពុជាចំណេញជាង ៦០០លានដុល្លារក្នុង១ឆ្នាំៗ៕