មនុស្ស១៩នាក់ស្លាប់ដោយសារពុលស្រា នៅប្រទេសម៉ាឡេស៊ី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មនុស្ស១៩នាក់ស្លាប់ដោយសារពុលស្រា នៅប្រទេសម៉ាឡេស៊ី!

19/09/2018
(គូឡាឡាំពួ)៖ មនុស្សយ៉ាង​តិច​ ១៩នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត កំពុងទទួលការ​ព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីកើត​មានករណីដែល​គេសង្ស័យថា ជាការពុលគ្រឿងស្រវឹងនាអំឡុងប៉ុន្មានថ្ងៃ​ចុងក្រោយនេះ នៅឯប្រទេសម៉ាឡេស៊ី។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ករណីខាងលើ​សរុបចំនួនជាង ៥០ ត្រូវគេរាយការណ៍ថា បានកើតមានឡើង​នៅរដ្ឋធានីគូឡាឡាំពួ និងរដ្ឋ សេឡាំងហ្គ័រ (Selangor) ដែលនៅក្បែរខាង​។ ជុំវិញរឿងនេះ​ប៉ូលិសរដ្ឋ Selangor បានចាប់ខ្លួន​ជនសង្ស័យចំនួន ០៧នាក់ ដែលសុទ្ធតែជា​អ្នកធ្វើអាជីវកម្ម​លក់ដូរ​គ្រឿង​ស្រវឹង និង​បានរឹបអូស​ស្រាវីស្គីប្រមាណ ១,០៣០ដប និងស្របៀរ​ចំនួន ១,៧៦៧កំប៉ុង។
បើតាមក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ក្នុងចំណោមអ្នកដែល​មានអាការៈមិនស្រួល រួមមាន​ ០៣នាក់ជាជនជាតិម៉ាឡេស៊ី ៤៨នាក់​គឺជា​ជន​បរទេស​មកពីមីយ៉ាន់ម៉ា នេប៉ាល់ បង់ក្លាដែស និងឥណ្ឌា ហើយមនុស្ស​ចំនួន ១៩នាក់បានស្លាប់ និង​មួយចំនួនកំពុង​ស្ថិតក្រោមស្ថានភាព​​ធ្ងន់ធ្ងរ ដោយជនទាំងអស់នេះ សុទ្ធតែបាន​បរិភោគស្រាវីស្គី និង​ស្របៀរ​ប្រភេទខុសៗគ្នា​ពីតាមហាង កាលពីថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ។​
គួរជម្រាបថា គំរូរាងនៃសារធាតុ​ស្រវឹងទាំងនោះ ត្រូវប្រមូលយក​បាននៅអំឡុង​ពេលស៊ើបអង្កេត ហើយបញ្ជូនទៅកាន់​មន្ទីរពិសោធន៍ ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យ៕