(ចិន-អាមេរិក)៖ កាសែតចិន CHANA DAILY ក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយនាថ្ងៃទី១៤ កញ្ញា ក្រោយការប្រកាសរបស់អាមេរិកពីការអញ្ជើញចិនទៅចរចាគ្នាខាងពាណិជ្ជកម្មវគ្គថ្មីសរសេរថា ចិននឹងពុំចុះញ៉មធ្វើតាមការទាមទារនានារបស់អាមេរិកឡើយ ក្នុងការចរចាពាណិជ្ជកម្មរវាងប្រទេសទាំង២។
រដ្ឋាភិបាលចិនថ្លែងនាថ្ងៃទី១៣កញ្ញាថា ស្វាគមន៍ការអញ្ជើញរបស់អាមេរិកនេះ ដែលធ្វើឡើងខណៈលោកដូណាល់ត្រាំអះអាងកាលពីសប្ដាហ៍មុនថា ត្រៀមយកពន្ធ២៦៧ពាន់លានដុល្លារការនាំចូលរបស់ចិន លើសពីការប្រកាសនាពេលមុនយកពន្ធ២០០ពាន់លានដុល្លារ។ លោកត្រាំអនុវត្តរួចហើយការយកពន្ធគយ២៥%មានទឹកប្រាក់៥០ពាន់លានដុល្លារលើបណ្ដាផលិតផលចិន។
CHANA DAILY បន្តថា ក្រុងប៉េកាំងចង់ដោះស្រាយតាមការចរចាភាពតានតឹងខាងពាណិជ្ជកម្មជាមួយក្រុងវ៉ាស៊ិនតោន តែនឹងពុំឲ្យអាមេរិកដើរខ្សែលើឡើយ។ រដ្ឋការលោកត្រាំកុំយល់ច្រឡំលើចេតនារបស់ចិន ដែលអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនដើរទៅបាន ទោះបីសង្គ្រាមពាណិជ្ចកម្មអូសបន្លាយពេលយូរក៏ដោយ។ ចិននឹងពុំរារែកឡើយក្នុងការចាត់វិធានការតបតវិញ ចំពោះការយកពន្ធរបស់អាមេរិក ដើម្បីការពារផលប្រយោជន៍របស់ខ្លួន៕
