ភ្នំពេញ៖ ផ្អើលពេញសង្កាត់បឹងព្រលឹត ប្រទះឃើញនារីវ័យក្មេងម្នាក់ ដែលគេសង្ស័យថាជាជនជាតិបរទេស បានធ្លាក់ពីលើអូរតែល ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សពនារីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយសង្ស័យរូបនាងជាជនជាតិចិន មានវ័យជាង២០ឆ្នាំ ស្លាប់ផ្គាប់មុខ ស្លៀកខោខ្លី ពាក់អាវដៃវែង ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ពួកគាត់មិនដឹងថានារីរងគ្រោះមានបញ្ហាអ្វីនោះទេ ដោយបានត្រឹមតែឃើញនារីរងគ្រោះធ្លាក់ពីលើអូរតែល ពីជាន់ទី៦ ដល់ដីស្លាប់ភ្លាមៗតែម្ដង ដោយមិនដឹងថា ជាករណីឃាតកម្ម ឬក៏ករណីអត្តឃាតឡើយទេ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានយកខ្សែនគរបាលមកព័ទ្ធជំុវិញទីតាំងនោះកុំឲ្យបាត់ដាន ដែលពិបាកដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងកោសល្យវិឆ័យ។ បន្ទាប់មកសមត្ថកិច្ចបានដឹកសពយកមកតម្កល់នៅវត្តស្ទឹងមានជ័យ រងចាំស្រាវជ្រាវរកសាច់ញាតិមកចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
