ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បេ្តជ្ញាចិត្តហ៊ានបូជាជីវិត មិនស្តាយស្រណោះ ដើម្បីបុព្វហេតុការពារប្រជាជន និងជាតិមាតុភូមិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បេ្តជ្ញាចិត្តហ៊ានបូជាជីវិត មិនស្តាយស្រណោះ ដើម្បីបុព្វហេតុការពារប្រជាជន និងជាតិមាតុភូមិ

13/09/2018
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលទើបនឹងចូលកាន់តំណែង ជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងបេ្តជ្ញាចិត្តថា លោកហ៊ានបូជាជីវិតមិនស្តាយស្រណោះ ដើម្បីបុព្វហេតុការពារប្រជាជន និងជាតិមាតុភូមិ ដ៏បវរបស់ជាតិកម្ពុជា។

ឧត្តមសេនីយ៍ បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល​ និងផ្ទេរភារកិច្ចមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី មាស សុភា។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះ នាយឧត្តមសេនីយ៍ មាស សុភា ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានតែងតាំងមុខងារជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។
ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តដោយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទេសរដ្ឋមន្ត្រី មាស សុភា ដែលស្ទើរតែមួយជីវិតរបស់លោក បានចូលរួមចំណែកដោយផ្ទាល់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជាតិកម្ពុជា ចាប់តាំងពីលោក មាស សុភា មានអាយុប្រមាណ១៥ឆ្នាំ ក្នុងឋានៈជាយុទ្ធជន នៃកងទ័ពរណសិរ្សចលនាតស៊ូរំដោះជាតិកម្ពុជា ក្នុងឆ្នាំ១៩៧០ ខណៈមាតុភូមិកម្ពុជា បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។
មេបញ្ជាការកងទ័ពជើងគោក​ថ្មីរូបនេះ បានចាត់ទុកថា ​ក្នុងជីវិតកងទ័ពដ៏អង់អាចក្លាហាន ប្រកបដោយការលះបង់ខ្ពស់ និងតស៊ូគ្រប់ដំណាក់កាលរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា រួមជាមួយឥស្សរជនជាច្រើនរូបទៀត​ ពិតជាបានផ្តល់នូវជីវិត ឱកាស និងក្តីសង្ឃឹម សម្រាប់កងទ័ពទាំងអស់គ្នា ក្នុងពេលបច្ចុប្បន្ន និងកូនចៅខ្មែរជំនាន់ក្រោយៗទៀត។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានសម្តែងមោទនភាពបំផុត ដោយព្រះមហាក្សត្រ បានប្រោសប្រទានតែងតាំងមុខងារជា មេបញ្ជាការកងទ័ពជើងគោក ដល់រូបលោក។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ការផ្តល់ទំនុកចិត្តពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក្នុងអំឡុងពេលលោកទទួលបានភារកិច្ចថ្មីនេះ។
លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា ឈរលើស្មារតីស្នេហាជាតិ និងដើម្បីជាការតបស្នងជូនចំពោះ ព្រះរាជតម្រិះ និងការប្រោសប្រទាននូវកិត្តិយសដ៏ឧត្តុង្គឧត្តមពី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់បំផុត ពីសំណក់ប្រមុខរាជរដ្ឋាភិបាល លោកសូមធ្វើការបេជ្ញាចិត្តដូចតទៅ៖

១៖ សោ្មះត្រង់ដាច់ខាតចំពោះជាតិ សាសនា​ ព្រះមហាក្សត្រ អស់មួយជីវិត។

២៖ គោរពនិងអនុវត្តតាមជានិច្ច នូវរដ្ឋធម្មនុញ្ញកម្ពុជា។

៣៖ ដើរតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសគោរពនិងអនុវត្ត តាមគោលនយោបាយជាតិ​ និងកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៦។

៤៖ គោរពនិងអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈ កងយោធពលខេមរភូមិន្ទ ឲ្យបានខ្ជាប់ខ្ជូនបំផុត។

៥៖ ខិតខំប្រឹងប្រែងអនុវត្តឲ្យបានចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន និងហ៊ានបូជាជីវិតមិនស្តាយស្រណោះ ដើម្បីបុព្វហេតុការពារ ប្រជាជននិងជាតិមាតុភូមិ ដ៏បវរនៃយើង។
សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចថ្មីមួយ ដោយកែសម្រួល ផ្ទេរក្របខ័ណ្ឌ អង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក។

កងពលធំ-តូចទាំង៥ ដែលសម្រេចផ្ទេរឲ្យមកស្ថិតក្រោម ការគ្រប់គ្រងផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោកមាន៖

១៖ កងពលធំអន្តរាគមន៍លេខ២
២៖ កងពលធំអន្តរាគមន៍លេខ៣
៣៖ កងពលតូចអន្តរាគមន៍លេខ១
៤៖ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១
៥៖ កងពលតូចលេខ៧០។
បើតាមមន្រ្តីយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ក៏បានឲ្យដឹងផងដែរ កងពលដឹកជញ្ជូនលេខ៩០មួយទៀត ក៏ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់កងទ័ពជើងគោកផងដែរ ប៉ុន្តែមិនទាន់ចេញប្រកាសជាផ្លូវការ៕